ភ្នំពេញៈ កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៧ ​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស និង​អ្នក​ត្រូវ​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៧ ​នាក់​ទៀត ធ្វើឲ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់​ ២៣៣ ​នាក់​ហើយ​អ្នក​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​សរុប​កើន​ដល់​ ១៥៤ ​នាក់​។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​ ៧ ​នាក់​ដែល​ ៤ ​នាក់​មាន​អាយុ​ចាប់ពី ២៤ ​ដល់​ឆ្នាំ​ ៣០ ​ឆ្នាំ​គឺ​ស្ថិត​ក្នុងចំណោម​ទ័ព​មួកខៀវ​កម្ពុជា​ចំនួន ៨០ ​នាក់​ដែល​បាន​ធ្វើដំណើរ​មកពី​ប្រទេស​ម៉ាលី​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ កក្កដា ចំណែក​អ្នក​ឆ្លង​ថ្មី ៣ ​នាក់​ទៀត គឺ​ស្ថិត​ក្នុង​ចំណោម​អ្នកដំណើរ​ ៥៩ ​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ២៣ ​កក្កដា​។

កងទ័ព​មួក​ទាំង ៨០ ​នាក់​ដែល​បាន​ដល់​កម្ពុជា​តាំងពី​ថ្ងៃទី ១០ ​ខែ​កក្កដា​នេះ​គឺ​ត្រូវបាន​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​កងទ័ព​អង្គការ​សហប្រជាជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ ហើយ​បន្ទាប់ពី​ធ្វើ​ចត្តាឡីស័ក​បាន ១៣ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ទើប​ធ្វើ​តេស្ដ​រកឃើញ​មាន​អ្នក​ឆ្លង​ ៤ ​នាក់​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់​ពី​ម្សិលមិញ​ថា នៅក្នុង​ចំណោម​កងទ័ព​មួកខៀវ ដែល​ធ្វើ​តេស្ដ​អវិជ្ជមាន​គឺ​ត្រូវ​បន្ត​ឱ្យ​ធ្វើ​ចត្តាឡីស័ក​មក​ដល់​ពេល​នេះ ដ្បិត​ការធ្វើ​ចត្តាឡីស័ក​កន្លងទៅ​ផុត​អស់​រយៈពេល​១៤​ថ្ងៃ​គិត​តាំងពី​ថ្ងៃទី​ ១០ ​កក្កដា​ដែល​ពួកគេ​មកដល់​កម្ពុជា​ក៏ដោយ​។

ក្រសួង​បញ្ជាក់ថា អ្នកជំងឺ​កូវីដ​ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់​មាន​ចំនួន​ ៧៧ ​នាក់​គឺ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ៥ ​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ៥៧ ​នាក់ និង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​ចំនួន ១៥ ​នាក់​។

នៅក្នុង​ខែកក្កដា​នេះ កម្ពុជា​បាន​រាយការណ៍​ករណី​នាំចូល​ជំងឺ​កូវីដ​ពី​ក្រៅ​ប្រទេស​កើន​ដល់​ ៩៣ ​ករណី ខណៈ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​អះអាងថា វា​ជា​ខែ​ដែល​មាន​ការនាំចូល​ជំងឺ​យ៉ាងគំហុក ហើយ​ភាគច្រើន​គឺជា​អ្នកដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​បិទ​ជើង​ហោះហើរ​បណ្ដោះអាសន្ន​មកពី​ប្រទេស​ទាំង​ ២ ​នេះ​ចាប់ពី​ថ្ងៃទី​ ១ ​សីហា ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ការនាំចូល​ជំងឺ​បន្ថែមទៀត និង​ដើម្បី​បង្ការ​កុំឱ្យ​ឆ្លង​ចូល​ទៅក្នុង​សហគមន៍​ស្រប​ពេលដែល​រដ្ឋាភិបាល​កំណត់​ថ្ងៃ​ឲ្យ​ឈប់សម្រាក​រយៈពេល​វែង​នៅក្នុង​ខែក្រោយ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​ការចម្លង​នេះ​គឺ​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដូចជា​ការលាងដៃ​ឲ្យ​បាន​ញឹកញាប់​ពាក់​ម៉ាស់​ការពារ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ហើយ​គ្រប់​ទីកន្លែង ត្រូវ​តែ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ជាពិសេស​នៅតាម​រថយន្ត សណ្ឋាគារ អាហារដ្ឋាន និង​ភោជនីយដ្ឋាន​ដូច​ដែល​ក្រសួង​ធ្លាប់​បាន​ពន្យល់​ច្រើន​លើក​មកហើយ​ដែរ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ទៀតថា លើស​ពី​នេះ​ត្រូវ​កាត់បន្ថយ​ការធ្វើ​ដំណើរ​ឲ្យ​បាន​ជា​អតិបរមា និង​ចៀសវាង​ការជួបជុំ​គ្នាច្រើន ដើម្បី​កុំ​ឱ្យ​មាន​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​៕