
ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ ១៩ SARs-Cov2 Rapid Antigen Test របស់ក្រុមហ៊ុន Roche។ រូបថត AFP
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ២ នាំចូល និងធ្វើការចែកចាយឧបករណ៍តេស្តរហ័សរកវីរុសកូវីដ ១៩ (Rapid Test) នៅទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃពុធ ទី ០៥ ខែឧសភានេះ បានអនុញ្ញាតចុះបញ្ជិកាចំពោះប្រតិបត្តិករឈ្មោះ PANBIOM coVID-19 Ag Rapid Test Device របស់ក្រុមហ៊ុន Abbott ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ឌី ខេ អេស អេច (ខេមបូឌា)។
លោក ម៉ម ប៊ុនហេង បន្តថា ប្រតិបត្តិករឈ្មោះ SARs-Cov2 Rapid Antigen Test របស់ក្រុមហ៊ុន Roche ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ហ្សូអេលីហ្គ ហ្វាម៉ា អេល ធី ឌី។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «ដោយសារប្រតិករទាំងពីរនេះមានការអនុញ្ញាតឲ្យប្រើប្រាស់ពីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងវាយតម្លៃរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងសុខាភិបាលបានកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះដែរ»។
លោកបានស្នើឱ្យប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ រៀបចំឯកសារស្នើសុំចុះបញ្ជិកាប្រតិករឲ្យអនុលោមទៅតាមច្បាប់គ្រប់គ្រងឱសថដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការប្រើប្រាស់ឧបករណ៍តេស្តរហ័សទាំងពីរប្រភេទនេះ ក្នុងការស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ ១៩ ប្រព្រឹត្តទៅបានលឿន និងទាន់ពេលវេលាទាំងវិស័យរដ្ឋ និងឯកជន៕