ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ទៅដល់​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ គួរ​កុំ​សម្រុក​វិល​ត្រឡប់មក​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខ ដើម្បី​ការពារ​ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ ខណៈ​ក្រសួង​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​សម្រាប់​ខេត្ត​នៅជាប់​ព្រំដែន​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ ខណៈ​ពេល​ដែល​លោក​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្តបាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែ កុម្ភៈ​ ឆ្នាំ​ ២០២១ ថា​៖ «​បើ​គ្រាន់តែ​ចង់​មកលេង​សប្បាយ​ជួបជុំ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ទេ គួរ​កុំ​ទាន់​មកលេង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩​ នេះ​»​។

លោក​ ម៉ម ប៊ុនហេង បន្ថែមថា ក្នុង​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ នេះ ពលក​រដ្ឋ​គួរ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក​ឱ្យអស់​លទ្ធភាព​សិន មុន​នឹង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​ចៀសវាង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​នេះ ដោយសារ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈក៏​បាន​រៀបចំ​នូវ​ការងារ​ និង​បង្រៀន​ជំនាញ​ខ្លីៗ​ដល់​ពលករ​ដែល​បាន​បាត់បង់​ការងារ​ធ្វើ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ចំពោះ​អ្នកមាន​ដីស្រែ​ចម្ការ គួរ​បង្កបង្កើនផល​តាម​លទ្ធភាព​របស់​ខ្លួន​កុំ​ចេញចូល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ព្រោះ​ប្រទេសមួយ​នេះ​កំពុង​តែមាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​សហគមន៍​នៅតាម​ខេត្ត​មួយចំនួន​»​។

លោក​ ប៊ុនហេង ក៏បាន​ស្នើ​ដល់​អាជ្ញាធរខេត្ត នៅជាប់​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់​ឱ្យ​បន្ត​ចាត់វិធានការ​ឱ្យបាន​តឹងរ៉ឹង​នូវ​ពួក​មេខ្យល់​ដែល​លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ហើយ​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ហើយ​ក៏​ត្រូវ​នាំគ្នា​បន្ត​អនុវត្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប់​ជាប្រចាំ​ផងដែរ​។

ទន្ទឹមនឹង​នេះដែរ ក្រសួង​សុខាភិបាល​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩​ ដល់​ក្រុម​គ្រូពេទ្យ​នៅតាម​បណ្តា​រាជធានី​-ខេត្ត ដែល​នៅជាប់​ព្រំដែន​កម្ពុជា-ថៃ​ និង​ព្រំដែន​កម្ពុជា-វៀតណាម​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​គ្រូពេទ្យ​ក្នុង​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​។

ក្នុងនោះដែរ លោក ម៉ម ប៊ុនហេង ក៏បាន​ក្រើនរំឭក​ជាថ្មី​ពី​លទ្ធភាព​នៃ​ការចម្លង​ដ៏សាហាវ​នៃ​មេរោគ​កូវីដ​១៩ បំប្លែង​ខ្លួន​ថ្មី​ដែល​កម្ពុជា​ទើបតែ​រកឃើញ​ចំនួន ៣ ​ករណី​នាពេល​ថ្មីៗ​នេះ​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​លើកឡើងថា គោលបំណង​នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សម្រាប់​ឱ្យ​ក្រុមគ្រូពេទ្យ មាន​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វ៉ាក់សាំង ហើយ​ក៏​ដូចជា​ពង្រឹង​នូវ​សមត្ថភាព​ក្រុមគ្រូពេទ្យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​ការបណ្តុះបណ្តាល​នេះ ក៏​ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​ក្រសួង​សុខាភិបាល​ជូន​ដល់​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ឱ្យមាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ នេះ ជូន​ទៅដល់​ក្រុមមនុស្ស​ដែល​មាន​ការប្រកាស​ជា​បន្តបន្ទាប់​ដោយ​ក្រសួង​សុខាភិបាល​»​។

លោកស្រី​ ឱ វណ្ណឌីន ​ក៏បាន​ធ្វើការ​ក្រើនរំឭក​សាជាថ្មី និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ការពារ​ខ្លួន​ពី​វីរុស​កូវីដ​១៩ ខណៈ​ដែល​ពលរដ្ឋ​ហាក់​មិនមាន​ការការពារ​ខ្លួន ស្រប​ពេល​ដែល​វីរុស​កូវីដ​បំប្លែង​ខ្លួន​ថ្មី បាន​កើតមាន​ក្នុងប្រទេស​កម្ពុជា​។

លោកស្រី​មានប្រសាសន៍​ថា៖ «​យើង​រកឃើញ​មាន​អ្នកជំងឺ​វីរុស​កូវីដ​បំប្លែង​ថ្មី​ចំនួន​ ៣ ​ករណី ដែល​យើង​គិតថា ជា​ចំនួន​តិច ប៉ុន្តែ​ហានិភ័យ​នៃ​ការចម្លង​ចូលក្នុង​សហគមន៍​របស់​យើង​ធំ ប្រសិនបើ​អ្នក​ជំងឺ​ ៣ ​នាក់​នេះ មិនបាន​រកឃើញ​ទាន់ពេលវេលា​។ លទ្ធភាព​នៃ​ការចម្លង​របស់​វីរុស​បំប្លែង​ថ្មី​នេះ​គឺ​ខ្លាំង សាហាវ និង​លឿន​ជាង​»​។

លោកស្រី​ ឱ វណ្ណឌីន ​បាន​សង្កត់ធ្ងន់ថា ការផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ​បំប្លែង​ខ្លួន​ថ្មី​នេះ​មាន​ ឬ​មិនមាន​អាស្រ័យ​ទៅ​ការអនុវត្ដ​លើ​វិធានការ​សុខាភិបាល​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ព្រមទាំង​អនុវត្ដ​ការធ្វើ​ចត្ដាឡីស័ក​សម្រាប់​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​ផងដែរ​។

បើតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិញ​គិតពី​ថ្ងៃទី​ ១០ ដល់​ ១៦ ខែកុម្ភៈ អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ មាន​ចំនួន ២ ៦១១ ​នាក់​ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ៨៥៥ ​នាក់​ ក្នុងចំណោម​អ្នក​ដែល​ស្ម័គ្រចិត្ត​មកចាក់​វ៉ាក់សាំង​សរុប​ចំនួន ៣ ២១៩ ​នាក់​ ក្នុង​នោះ​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​មាន​ចំនួន​ ៦០៨ ​នាក់​។

រីឯ​ក្រសួង​ការពារជាតិ​គិតចាប់​ពី​ថ្ងៃទី​ ១០ ដល់ទី​ ១៦ ខែ កុម្ភៈ ឆ្នាំ​ ២០២១ មាន​អ្នកទទួលបាន​ការចាក់​វ៉ាក់សាំង​ចំនួន​ ៨ ៨៩៤ ​នាក់​។ គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ​ ១៩​ ចំនួន​ ៤៧៩ នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៧០ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៩ ​នាក់​៕

វីដេអូ៖