ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាលបានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃរលកកម្ដៅក្នុងបរិយាកាសនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និង អាយុជីវិត ពិសេសចាស់ជរា និងកុមារព្រមទាំងអ្នកដែលមានជំងឺបេះដូង សួត និងជំងឺឆ្លងផ្សេងៗទៀត ។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខនេះ សីតុណ្ហភាពអតិបរមានៅក្នុងប្រទេសកម្ពុជានឹងហក់ឡើងដល់កម្រិត ៤១ អង្សា។ ការហក់ឡើងនៃរលកកម្តៅក្នុងបរិយាកាសនេះគឺបណ្ដាលមកពីឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយគ្របដណ្ដប់លើផ្ទៃដីដែលបាតុភូតនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់តិចតួច តែមានខ្យល់កន្ត្រាក់នឹងផ្គររន្ទះបក់បោកខ្លាំង។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា៖ «នៅពេលអាកាសធាតុក្ដៅកាន់តែខ្លាំង កង្វះខ្យល់អុកស៊ីហ្ស៊ែនក្នុងបរិយាកាសក៏កាន់តែខ្ពស់ដែលបង្កឲ្យអ្នកមានជំងឺខ្សោយបេះដូង ហឺត និងជំងឺផ្លូវដង្ហើម ងាយប្រឈមគ្រោះថ្នាក់ផ្សេងៗដូចជាខ្សោយអស់កម្លាំង ថប់ដង្ហើម ដួលសន្លប់ និងដាច់សរសៃឈាមក្នុងខួរក្បាលដែលអាចបង្កឲ្យស្លាប់បាន ដូច្នេះគ្រប់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសកុមារ និងជនចាស់ជរា»។
កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២០ ក្រសួងធនធានទឹកបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពអាកាសធាតុដែលនឹងមានការកើនឡើងសីតុណ្ហភាព អតិបរមារហូតដល់ ៤១ អង្សា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា ខាងមុខនេះ។ ក្រៅពីនេះក៏មានភ្លៀងខ្យល់ និងផ្គររន្ទះកើតមានផងដែរ ពិសេសនៅតំបន់វាលទំនាបកណ្ដាល ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕
វីដេអូ៖