ភ្នំពេញៈ គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ២​ ខែ​ មេសា​ ឆ្នាំ ២០២០​ មាន​អ្នក​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៩​ នាក់ ត្រូវ​បាន​ព្យា​បាល​ជា​សះ​ស្បើយ​បន្ថែម​ទៀត​ ខណៈ​រក​ឃើញ​វិជ្ជ​មាន​​ ០​១ នាក់​។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​សុខា​ភិ​បាល​ដែលទើ​ប​ចេញ​ផ្សាយ​មុន​នេះ​។

អ្នក​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ គឺ​បុរស​ជន​ជាតិ​ខ្មែរ​អាយុ​ ៥៨ ​ឆ្នាំ (​រស់​នៅ​សណ្ឋា​គារ​នៃ​ខេត្ត​ព្រះ​សីហនុ) ដែល​ជា​អ្នក​គ្រប់​គ្រង​ និង​ជា​អ្នក​ធ្វើ​បដិសណ្ឋារកិច្ច​ដោយ​ផ្ទាល់​ជា​មួយ​ភ្ញៀវ​ទេស​ចរបារាំង​ និង​ជាអ្នក​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​ទេស​ចរ​បារាំង​ ដែល​មាន​ផ្ទុក​ជំងឺកូវីដ​ ១៩ ដែល​បាន​រក​ឃើញ​នៅ​ក្រុង​ព្រះ​សីហនុ។

គិត​មក​ដល់​ពេល​នេះ អ្នក​ព្យា​បាល​ជា​សះ​ស្បើយ​សរុប​កើន​ដល់​ ៣៤ នាក់ ធ្វើ​ឲ្យ​អ្នក​ដែល​កំពុង​សម្រាក​ព្យា​បាល​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៧៤ នាក់ ក្នុង​ចំ​ណោម​អ្នក​កើត​ជំងឺ​កូវីដ​ ១៩​​ សរុប​ទាំង​អស់​​ ១១០ នាក់​ (ស្ត្រី ៣០​ នាក់ ​និង​បុរស​ ៨០​ នាក់)។

បើ​តាម​ក្រសួង​សុខា​ភិ​បាល​ អ្នក​ទាំង​ ៩​ នាក់​​ ដែល​ទើប​ត្រូវ​បាន​ព្យា​បាល​ជាសះ​ស្បើយ​នោះ​រួម​មាន (ជន​ជាតិ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ ជន​ជាតិ​ប៊ែល​ហ្សិក​ម្នាក់​ នៅ​រាជ​ធានី​​ភ្នំ​ពេញ និង​ជន​ជាតិ​បារាំង ​៧​ នាក់​ នៅ​ខេត្ត​ព្រះ​សីហនុ)៕