
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅក្នុងពិធីចែកមុងជ្រលក់ថ្នាំ នៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨។ រូបថត ហ្វេសប៊ុក
ពោធិ៍សាត់ៈ ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៥ ខែមេសា បានប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅក្នុងខេត្តពោធិ៍សាត់ ដោយក្នុងពិធីនោះ មានការចែកមុងជូនដល់អ្នកដែលងាយរងគ្រោះបំផុតពីជំងឺឆ្លងតាមរយៈមូសខាំ ក៏ដូចជាមន្ត្រីឧទ្យានុរក្សបរិស្ថានជាដើម។
លោក ស្រ៊ុន ដារិទ្ធ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មុងជាច្រើន ត្រូវបានចែកជូនទៅឱ្យអ្នករស់នៅក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់។
លោកថ្លែងតាមរយៈសារមួយថា៖«រហូតមកទល់ពេលនេះ មិនទាន់មានមន្ត្រីឧទ្យាននុរក្សណាម្នាក់ មានជំងឺគ្រុនចាញ់ទេ។ អ្វីដែល [ក្រសួងសុខាភិបាល] កំពុងធ្វើ គឺចាត់វិធានការបង្ការការពារហើយ [ក្រសួងបរិស្ថាន] រីករាយ នឹងធ្វើការជាមួយ [ក្រសួងសុខាភិបាល] ដើម្បីការពារមន្ត្រីឧស្យានុរក្សរបស់យើង ពីការឆ្លងជំងឺគ្រុនចាញ់នេះ»។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល មិនបានឆ្លើយតប ទៅនឹងសំណើសុំអធិប្បាយទេ។ ប៉ុន្តែទោះយ៉ាងណា តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានបង្ហាញថា មុងសុវត្ថិភាពការពារជំងឺគ្រុនចាញ់សរុបចំនួន ៣១៥០០ មុង ត្រូវបានចែកជូននៅក្នុងសប្ដាហ៍នេះ ដោយក្នុងនោះ មានមុងអង្រឹងចំនួន ៣០០០ មុង និងមុងគ្រួសារចំនួន ១៥០០ មុង។
លោកដារិទ្ធ បានថ្លែងថា មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានទទួលការបញ្ជូនមុងចំនួន ២០០ មុង។
តាមរយៈការបង្ហោះសារ នៅលើទំព័រហ្វេសប៊ុក របស់ក្រសួង ក៏បានបញ្ជាក់ដែរថា មន្ត្រីឧទ្យានុរក្ស ពួកគាត់នឹងក្លាយជាអ្នកផ្សព្វផ្សាយបន្ត ពីចំណេះដឹងស្តីពីជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ កាលពីខែកុម្ភៈកន្លងទៅ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា មានករណីជំងឺគ្រុនចាញ់ ដែលបានកត់ត្រាប្រហែល ៦០ ភាគរយ បានកើនឡើង នៅក្នុងឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺមានចំនួន ៣៧ ០០០ ករណី។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញ៕ NS