ភ្នំពេញៈ បើទោះបីជាអ្នកជំងឺកូវីដ ១៩ ត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ស្របពេលដែលមានករណីថ្មីត្រូវបានរកឃើញជាហូរហែយ៉ាងណាក្តី ក៏ក្រសួងសុខាភិបាលបានណែនាំ និងស្នើឱ្យម្ចាស់ឱសថស្ថាននានា ត្រូវបន្តចូលរួមសហការបន្ថែមទៀតក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យដឹងថា នាពេលកន្លងមកមានឱសថការីបានយកចិត្តទុកដាក់ និងគោរព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែក្រសួងបានធ្វើការក្រើនរំឭក និងឱ្យមានការចូលរួមពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍។
លោកស្រីលើកឡើងថា៖ «ឱសថស្ថាន-ឱសថស្ថានរងត្រូវលក់ឱសថតាមវេជ្ជបញ្ជា និងមិនអនុញ្ញាតឱ្យធ្វើការពិនិត្យជំងឺក្នុងឱសថស្ថានឡើយ ហើយប្រសិនបើមានអ្នកមកទិញឱសថនៅតាមឱសថស្ថាន-ឱសថស្ថានរងដែលសង្ស័យថា មានជំងឺកូវីដ ១៩ គឺមិនត្រូវលក់ឱសថឱ្យជាដាច់ខាត គឺត្រូវណែនាំគាត់ឱ្យនៅដាច់ដោយឡែកពីគ្រួសារ បន្ទាប់មកជូនដំណឹងទៅមន្ត្រីសុខាភិបាលជាបន្ទាន់»។
លោកស្រី ឱ វណ្ណឌីន នៅតែអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងឱសថការីទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការអនុវត្តន៍អនាម័យ ដូចជាលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស់ជាប្រចាំ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិច ១ ម៉ែត្រកន្លះឡើងទៅ និងត្រូវអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ បានរកឃើញបុរសជាអ្នកដំណើរជនជាតិឥណ្ឌូនេស៊ី អាយុ ២៩ ឆ្នាំម្នាក់ស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ ធ្វើតេស្តវិជ្ជមានកូវីដ ១៩។ បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសហ្វីលីពីនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ២៩ ខែមករា ហើយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺរូបនេះមានចំនួន ១១៩ នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅសណ្ឋាគារចំនួន ៣ ផ្សេងគ្នាចំនួន ៧០ នាក់ និងចំនួន ៤៩ នាក់ ដាក់នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៦៥ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៤៣ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ២២ នាក់។
គួរបញ្ជាក់ផងដែរថា ពលករខ្មែរដែលបានធ្វើដំណើរមកពីប្រទេសថៃ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ៨៦ នាក់នោះ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៧២ នាក់ហើយ ដោយនៅសល់តែចំនួន ១៤ នាក់ទៀត ដែលកំពុងព្យាបាលតាមមន្ទីរបង្អែកខេត្តប៉ៃលិន ២ នាក់ និងខេត្តបន្ទាយមានជ័យ ១២ នាក់។
ដោយឡែក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងទៅដល់និស្សិត សិក្ខាកាមនគរបាលយោធា និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាមត្រូវអនុវត្តតាមវិធានការការពារសុវត្ថិភាព។ វិធានការទាំងនោះគឺត្រូវពាក់ម៉ាស់ លាងដៃ ការរក្សាអនាម័យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ ១៩ ជាយថាហេតុ។
ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមបានរកឃើញនូវបណ្តុំនៃការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៨៤ ករណីក្នុងខេត្ត ២ គឺខេត្ត Hai Duong និងខេត្ត QuangNinh។ ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីវៀតណាមក៏បានបញ្ជាឱ្យបិទក្រុង Chi Linh និងអាកាសយានដ្ឋាន Van Dan រយៈពេល ២១ ថ្ងៃផងដែរ៕