ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការចំនួន ២ អំពាវនាវឲ្យមានការវិនិយោគលើការងារឆ្មប ដើម្បីធានាគុណភាពសេវាថែទាំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា និងទារក ខណៈការផ្ទុះឡើងនូវជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេវានេះនៅក្នុងប្រទេស។
ការប្រកាសរួមគ្នានេះ បានធ្វើឡើងក្នុងទស្សនៈរួមរបស់ស្ថាប័នទាំង ៣ នេះ ដើម្បីអបអរទិវាឆ្មបអន្តរជាតិ ២០២១ ដែលតែងតែប្រារព្វឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ឧសភា ក្នុងគោលបំណងបង្ហាញអំពីតួនាទីដ៏សំខាន់របស់ឆ្មប និងការដឹងគុណលើកិច្ចខិតខំប្រឹងប្រែងរបស់ឆ្មបក្នុងការសង្គ្រោះជីវិតម្តាយ និងទារក។
សម្រាប់ប្រធានបទទិវាឆ្មបអន្តរជាតិនៅឆ្នាំនេះ គឺ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប» ដែលបង្ហាញអំពីតួនាទីដ៏សំខាន់របស់ឆ្មប ហើយជាមូលដ្ឋាន ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា និងការធានាឱ្យទទួលបានជាសកលនៃសេវាសុខភាពទាំងនេះ។
លោកស្រី ឆាយ ស្វែងជាអាទិ៍ ប្រធានសមាគមឆ្មបកម្ពុជា (CMA) និយាយថា ការវិនិយោគលើឆ្មបនៅពេលនេះ គឺជាកម្លាំងការងារដ៏សំខាន់ក្នុងវិស័យសុខាភិបាល ជាពិសេស គឺនៅក្នុងស្ថានភាពដែលពិភពលោកកំពុងមានការរាលដាលនៃជំងឺរាតត្បាត។
លោកស្រីថា ឆ្មបបន្តឈរនៅជួរមុខក្នុងការថែទាំសុខភាពដែលធ្វើឱ្យឆ្មបប្រឈមនឹងហានិភ័យក្នុងការផ្តល់សេវាដល់ស្ត្រី ទារក និងគ្រួសារ ដើម្បីទទួលបាននូវសេវាសារវ័ន្តទៅតាមមធ្យោបាយដែលមានសុវត្ថិភាពបំផុត។ ដូច្នេះ ឆ្មបត្រូវទទួលបានការការពារ និងផ្តល់អាទិភាព ដើម្បីបន្តផ្តល់សេវាថែទាំដល់ស្ត្រីដែលកំពុងមានផ្ទៃពោះ និងទារក។
លោកស្រីបញ្ជាក់ថា៖ «ភ័ស្តុតាងស្តីអំពីតួនាទីសំខាន់របស់ឆ្មបក្នុងវិស័យសុខភាព គឺពិតមិនអាចប្រកែកបាន។ ទោះបីដូច្នេះក៏ដោយក៏មានឧបសគ្គជាច្រើនដែលកំពុងរារាំងមិនឱ្យឆ្មបសម្រេចបាននូវសក្តានុពលរបស់ពួកគេ»។
ដើម្បីសម្រេចបានការសង្គ្រោះជីវិតឲ្យបានពេញលេញ ការធ្វើឱ្យសុខភាព ម្តាយ-ទារកបានប្រសើរឡើង ឆ្មបត្រូវទទួលបានការអប់រំដែលមានគុណភាព បន្តទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់ និងទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ឋភាព រួមទាំងការទទួលអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ។
បន្ថែមពីនេះ លោកស្រីថា៖ «ឆ្មបត្រូវបំពេញការងាររបស់ខ្លួនក្នុងបរិយាកាសមួយមានភាពល្អប្រសើរ ដែលធ្វើឱ្យពួកគេអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព ដូចជាធ្វើការងារជាក្រុមជាមួយអ្នកវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត និងទទួលធនធានគ្រប់គ្រាន់។ យើងត្រូវតែវិនិយោគទៅលើឆ្មប មិនត្រឹមតែដើម្បីបង្កើនចំនួននោះទេ តែត្រូវបង្កើនគុណភាពនៃការអប់រំ ការបណ្តុះបណ្តាលបន្ត ការគ្រប់គ្រង និងបរិយាកាសការងារប្រសើរឡើង»។
លោក គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) បានថ្លែងថា អត្រាមរណភាពរបស់មាតា-ទារក និងកុមារអាយុក្រោម ៥ ឆ្នាំ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់នៅទូទាំងសកលលោកចាប់តាំងពីឆ្នាំ ២០០០។
ប៉ុន្តែលោកសង្កត់ធ្ងន់ថា អត្រាស្លាប់នៃស្ត្រី និងទារក នៅមានចំនួនច្រើន បើទោះជាការស្លាប់ភាគច្រើនរបស់មាតា និងទារក អាចត្រូវបានបង្ការតាមរយៈការថែទាំ និងគ្រប់គ្រងបានត្រឹមត្រូវក្នុងអំឡុងពេលមុន និងអំឡុងពេលមានផ្ទៃពោះ និងការគាំទ្រក្នុងខែដំបូងក្រោយសម្រាលក៏ដោយ។
លោក គីម រ័ត្ននា បញ្ជាក់ថា៖ «ប្រទេសកម្ពុជា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់មាតាប្រហែល ៦៥% ពី ៤៧២ នាក់ ទៅ ១៧០ នាក់ ក្នុង ១០០ ០០០ កំណើត រស់រវាងឆ្នាំ ២០០៥ និង ឆ្នាំ ២០១៤ ហើយការស្លាប់របស់កុមារអាយុក្រោម ៥ ឆ្នាំបានធ្លាក់ចុះពី ១២៤ នាក់ ក្នុង ១ ០០០ កំណើត រស់នៅឆ្នាំ ២ ០០០ ទៅ ៣៥ នាក់ ក្នុង ១ ០០០ កំណើត រស់នៅឆ្នាំ ២០១៤»។
បើតាមលោក គឹម រ័ត្ននា នៅឆ្នាំ ២០១៩ ប្រទេសកម្ពុជា មានបុគ្គលិកសុខាភិបាលចំនួន ២៦ ០៣៧ នាក់ ដែលក្នុងនោះ មានឆ្មបបរិញ្ញាបត្រចំនួន ៣២១ នាក់ ឆ្មបមធ្យម ៤ ៦២១ នាក់ និងឆ្មបបឋម ២ ១៨៦ នាក់។
លោក Daniel Alemu តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជាលើកឡើងថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពយ៉ាងណាក្តី អត្រាមរណភាពមាតានៅមានកម្រិតខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់ ខណៈកម្ពុជាមានបញ្ហាប្រឈមនឹងឥទ្ធិពលនៃជំងឺកូវីដ ១៩។
លោកបន្តថា ការប្រើមធ្យោបាយពន្យារកំណើតទំនើបនៅមានកម្រិតទាប។ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង នៅមានកម្រិតទាបដែលនាំឱ្យអត្រាមានផ្ទៃពោះនៅវ័យក្មេង មានការកើនឡើង។
ដូច្នេះការទទួលបាននូវសេវាសុខភាពផ្លូវភេទ បន្តពូជ និងសុខភាពមាតាមានលក្ខណៈខុសគ្នាផ្អែកលើកត្តាតំបន់ភូមិសាស្ត្រ សង្គម និងកម្រិតអប់រំនៅជាបញ្ហាប្រឈម។
លោកបង្ហាញក្តីបារម្ភថា៖ «កូវីដ ១៩ មានផលប៉ះពាល់គ្រប់ផ្នៃកនៃប្រព័ន្ធសុខាភិបាលរួមទាំងសេវាសុខភាពផ្លូវភេទ បន្តពូជ និងសុខភាពមាតា។ ការអាក់ខាននៃការផ្តល់សេវាអាចប៉ះពាល់ដល់វឌ្ឍនភាពរបស់វិស័យសុខាភិបាលដូចជា ការកើនឡើងអត្រាមានផ្ទៃពោះមិនតាមបំណង។ ជំងឺឆ្លងតាមផ្លូវបន្តពូជ ការរំលូតមិនមានសុវត្ថិភាព អំពើហិង្សាលើស្ត្រី ដែលអាចធ្វើប៉ះពាល់ដល់សុខភាពម្តាយទារកទើបកើត និងយុវវ័យ»។
ទោះយ៉ាងណា លោកនៅតែមើលឃើញថា ប្រទេសកម្ពុជា មិនទាន់ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្តល់សេវាសុខាភិបាល រួមទាំងសេវាសុខភាពផ្លូវភេទ បន្តពូជ និងសុខភាពមាតានៅទូទាំងប្រទេសឡើយ។ គ្រាន់តែការចាត់វិធានការគ្រប់គ្រងតឹងរ៉ឹងលើជំងឺរាតត្បាត អាចមានផលប៉ះពាល់ដល់ការទទួលបានសេវាសារវ័ន្ថនៃសុខភាពផ្លូវភេទ បន្តពូជ និងសុខភាពមាតា ដោយសារតែប្រព័ន្ធសុខាភិបាលមានតម្រូវការខ្ពស់ប៉ុណ្ណោះ៕