ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានធ្វើ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ៤១ កាលពី​ម្សិលមិញ​បានបង្ហាញ​ពី​លទ្ធផល​ការងារ​លើ​ការលើកកម្ពស់​វិស័យ​សុខភាព​សាធារណៈ​ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ទីប្រឹក្សា អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ស្ថាប័ន​ផ្នែក​ពាក់ព័ន្ធ និង​ដៃគូ​សុខាភិបាល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង​ ៥០០ ​នាក់​ នៅ​សណ្ឋាគារ​សុខា​។

សន្និបាត​ក្នុង​រយៈពេល​ ២ ​ថ្ងៃនេះ​ចាប់ពី​ថ្ងៃទី​ ៣-៤ ខែ​មីនា គឺ​ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​រវាង​ក្រុមមន្ត្រី​សុខាភិបាល​អំពី​បទពិសោធ បញ្ហា​ប្រឈម​នានា និង​ភាព​ធ្វើឲ្យ​ប្រសើរ​ឡើងលើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​ជាទូទៅ ដើម្បី​យក​ទៅ​អនុវត្ត​បន្ត​នៅ​តាម​អង្គភាព និង​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

នៅក្នុង​សន្និបាត​នោះដែរ ក្រសួង​សុខាភិបាល​បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ការផ្ដល់សេវា​ព្យាបាល​លើ​ជំងឺឆ្លង​មួយ​ចំនួន​ដែល​ត្រូវបាន​កាត់បន្ថយ​ និង​បម្រាម​គ្មាន​ផ្សែង​បារី ដូចជា​ការអនុវត្ត​នូវ​គោលការណ៍​ទីក្រុង​គ្មាន​ផ្សែង​បារី​គឺ​បាន​ធ្វើឱ្យ​ការជក់បារី​នៅ​កន្លែង​ធ្វើការ និង​តាម​ទីសាធារណៈ​មាន​ចំនួន​ ១៧% ខណៈ​អគារ​មាន​ចំនួន​ ៧១% មាន​បិទ​បង្ហាញ​ស្លាកសញ្ញា​ហាម​ជក់បារី​នៅ​កន្លែងធ្វើការ និង​តាម​ទីសាធារណៈ​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​របស់​ក្រសួង​សុខាភិបាល​ដែល​បង្ហាញ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ជាក់ថា ៨៦% ​នៃ​ម្ចាស់​អង្គភាព​បាន​ដឹង​ពី​ការហាមឃាត់​ការជក់បារី​នៅក្នុង​អង្គភាព និង​ ៦០% ​នៃ​ម្ចាស់​អគារ​បាន​ផ្ដល់​ព័ត៌មាន​មិនឱ្យ​ជក់បារី​ក្នុង​អគារ​ ឬ​ក្នុង​​បរិវេណ​អគារ ខណៈ​ ៩០% ​នៃ​ម្ចាស់​អគារ​បាន​គាំទ្រ​ការហាមឃាត់​ជក់បារី​នៅ​កន្លែង​ធ្វើការ​ និង​ទីកន្លែង​សាធារណៈ​។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​តាំងពី​ឆ្នាំ​ ២០១៦ ស្ដីពី​វិធាន​ការហាម​ជក់ និង​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅតាម​កន្លែង​ការងារ​ ឬ​ទីសាធារណៈ ហើយ​បើ​ជន​ណា​មិន​គោរព​តាម​អនុក្រឹត្យ​នេះ​ត្រូវ​បង់​ផាកពិន័យ​ចំនួន​ ២ ​ម៉ឺន​រៀល ហើយ​ចំពោះ​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​កន្លែងធ្វើការ និង​ម្ចាស់​កន្លែង​សាធារណៈ​ត្រូវ​ពិន័យ​ ៥ ​ម៉ឺន​រៀល​។

របាយការណ៍​ដដែល​បន្ត​ថា ចំពោះ​អត្រា​អ្នក​ឆ្លង​ជំងឺ​គ្រុនចាញ់​ក្នុង​ឆ្នាំ​ ២០១៩ ​មាន​ចំនួន​ ៣១,៩៧១ ​ករណី​ គឺ​ថយចុះ​ ៤៦% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ខណៈ​ជំងឺ​គ្រុនឈាម​កើតមាន​ចំនួន​ ៦៨ ៥៩៧ ​ករណី​ គឺ​កើនឡើង​ប្រហែល​ ៣ ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨ និង​មាន​អ្នកស្លាប់​ចំនួន​ ៤៨ ​នាក់​។

ចំណែក​ចំនួន​អ្នកជំងឺ​អេដស៍​ដែល​បាន​ចុះឈ្មោះ​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​ជំងឺ​ក្នុង​ឆ្នាំ​ ២០១៩ ​មាន​ចំនួន​ ៣ ៨៣១ ​នាក់ ​គឺ​កើនឡើង​ច្រើន​ជាង​ឆ្នាំ​ ២០១៨ ​ដែល​មាន​អ្នក​មក​ចុះឈ្មោះ​មាន​ចំនួន​ ៣ ៦៨៤ ​នាក់​។ អ្នកជំងឺ​ទឹកនោមផ្អែម​មក​ពិគ្រោះ​យោបល់​ជំងឺ​មាន​ចំនួន​ ៧៥ ១៩៤ ​នាក់ ខណៈ​អ្នកជំងឺ​មហារីក​បាន​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ១០ ៥៦៦ ​នាក់​ ក្នុងនោះ​ប្រុស​ ៧៤ ​នាក់ និង​ស្រី​ចំនួន​ ៦៩ ​នាក់​បាន​ស្លាប់​។

របាយការណ៍​ដដែល​បន្ត​ថា សម្រាប់​អ្នកជំងឺ​រលាក​ថ្លើម​មក​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មាន​ចំនួន​ ៨ ៧៨៣ ​នាក់ ​ស្របពេល​ជំងឺរបេង​បាន​ធ្លាក់ចុះ​ ៥៧% ពី​ ៤២ ​នាក់​ក្នុងចំណោម​ពលរដ្ឋ​ ១ ​សែន​នាក់​ក្នុង​ឆ្នាំ ២០០០ មក​ត្រឹម​ ១៨ ​នាក់​ក្នុងចំណោម​ពលរដ្ឋ​ ១ ​សែន​នាក់​ក្នុង​ឆ្នាំ​ ២០១៨​។

ក្រសួងសុខាភិបាល​បាន​អះអាង​ថា ជំងឺគ្រុនចាញ់​នឹង​ត្រូវ​លុបបំបាត់​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥ និង​អត្រា​គ្មាន​អ្នកស្លាប់​ត្រឹម​ឆ្នាំ​ ២០២០ ប៉ុន្តែ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​មកនេះ​ពុំ​មាន​ករណី​ស្លាប់​ដោយសារ​គ្រុនចាញ់​ឡើយ​។

នៅ​ថ្ងៃ​ម្សិលមិញ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​ ២០២០ នឹង​ថយចុះ​មកវិញ​ប្រហែល​ ១ ​ភាគ​ ៣ ឬ​ ២ ​ភាគ​ ៣ ​នៃ​ចំនួន​សរុប​ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​ ២០១៩​។

ទោះជា​យ៉ាងណា​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ចំពោះ​អត្រា​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​ ២០១៩ គឺមាន​ចំនួន​តិច​បំផុត​គឺ​ ០,៧០% ​នៃ​អ្នក​ឆ្លង​សរុប​ដែល​ស្មើនឹង​ ១០០ ​នាក់ ហើយ​គ្មាន​អ្នកស្លាប់​។

លោក ម៉ម ប៊ុនហេង ​ថ្លែង​ថា​៖ «​អត្រា​មរណៈ​ទាប​ណាស់ ដូច្នេះ​បាន​សេចក្ដី​ថា ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​បញ្ហា​នេះ គឺ​ពេល​ឈឺ យក​កូន​មក​ពេទ្យ ហើយ​ពេទ្យ​យើង​មាន​ភាពប៉ិនប្រសប់ ហើយ​យើង​មាន​ឱសថ​ និង​បរិក្ខារ​គ្រប់គ្រាន់​ដើម្បី​ថែទាំ​សុខភាព​ជូន​គាត់​»៕