ភ្នំពេញ: ក្រសួងសុខាភិបាល​ប្រកាស​រំឭក​ប្រជាពលរដ្ឋ​ជាទូទៅ នៅ​ទូទាំង​ប្រទេស ត្រូវ​ប្រុង​ប្រយ័ត្ន​និង​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម ព្រោះ​ពួកវា​ជា​អ្នក​ចម្លង​វីរុស​គ្រុន​ឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដែល​អ្នក​ជំនាញ​ក្រសួង​សុខាភិបាល​បាន​ប្រមើល​ឃើញ​ថា ជំងឺ​នេះអាច​នឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ។

​លោក​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​បាន​ចេញ​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​កាល​ពី​​ថ្ងៃទី​ ៤ ​ខែ​មីនា​ បាន​ឲ្យ​ដឹង​ថា ​ករណី​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ក្នុង​ដើម​ឆ្នាំ ២០១៩ ​នេះ​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ច្រើន​ជាង​ឆ្នាំ​ ២០១៨​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេលវេលា​ដូចគ្នា។​

​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជាច្រើន​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ឈាម​នោះ ​គឺការ​​ប្រែប្រួល​អាកាស​ធាតុ​ និង​វត្ថុ​មាន​ជម្រក​មូស​ខ្លា ​នៅ​តាម​ផ្ទះ​សំបែង​ ឬ​ទីធ្លា​សាធារ​ណៈ។​ តាម​ការ​វិ​ភាគ​អេ​ពី​ដេ​មី​សាស្ត្រ និង​ការ​ប៉ាន់​ប្រមើល​លើ​ស្ថានភាព​ជំងឺ​គ្រុនឈាម​របស់​អង្គការ​សុខ​ភាព​​ពិភព​លោក​ បាន​បង្ហាញ​ថា​ ជំងឺ​គ្រុន​ឈាម​ប្រហែល​ជា​អាច​នឹង​ផ្ទុះ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៩ ​នេះ​ ដែល​តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ មាន​ការ​ប្រុង​ប្រយ័ត្ន​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​ការ​អនុវត្ត​វិធាន​ការ​មាន​ដូច​ខាង​ក្រោម​ ដើម្បី​​ចៀស​ផុត​ពី​ភាព អាច​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ គ្រុន​ឈាម​ នៅ​ក្នុង​ឆ្នាំ​នេះ ​និង​ឆ្នាំ​បន្ទាប់​ទៀត»។​

សេច​ក្ដី​ប្រ​កាស​នេះ​បាន​ឲ្យ​ដឹង​ថា​ ជំងឺ​គ្រុន​ឈាម​ជា​ជំងឺ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ​ ដែល​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​អ្នក​​ដែល​មាន​វីរុស​គ្រុន​ឈាម​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។​ មូស​ខ្លា ​កកើត​កូន​ចៅ​នៅ​ក្នុង​​ទឹក​ថ្លា​ស្អាត​ និង​ចូល​ចិត្ត​រស់​នៅ​ជិត​មនុស្ស ​ហើយ​ហើរ​ក្នុង​ចម្ងាយ​មិន​លើស​ពី ១៥០ ម៉ែត្រ​ពី​ជម្រក​កកើត​មូស​ទេ។​

ជំងឺ​គ្រុន​ឈាម​មាន​រោគ​សញ្ញា​ដូច​ជា ២​ ទៅ​ ៣​ ថ្ងៃ​ក្រោយ​ពី​មូស​ខ្លា​ញី​ខាំ ​អ្នក​ជំងឺ​មាន​ក្ដៅ​ខ្លួន​ពី​ ៣៩ ​ទៅ​ ៤​០ ​អង្សា​សេ អម​ដោយ​​​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​​ដូច​ជា​ មុខ​ក្រហម​ ឈឺ​អុចៗ​ក្រហម​ ឈឺ​ប្រឡង់​កែវ​ភ្នែក​ចាក់​ទៅ​ក្រោយ ​ឈឺ​ក្បាល​ ចង់​ក្អួត ឬ​ក្អួត ឈឺ​ពោះ ឈឺ​សា​​ច់​ដុំ ​ឈឺ​ស​ន្លាក់​ដៃ​ជើង​ ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ឬ​មាន​ហូរឈាម​តាម​អញ្ចា​ញ​ធ្មេញ​ជាដើម។​

លោក​ ម៉ម​ ប៊ុន​ហេង​ បាន​ឲ្យ​ដឹ​ង​ទៀត​ថា​ តាម​ការ​ស្រាវជ្រាវ​បា​ណក​សាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ីត​សាស្ត្រ ​និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ថា មូស​ខ្លា​ចូល​ចិត្ត​ពង​ និង​បង្ក​បង្កើត​កូន​ចៅ​ ក្នុង​សម្បក​កង់​ឡាន​ និង​សម្បក​កង់​ម៉ូតូ​ចាស់ៗ​ចំនួន​ ១១ ដង​ ច្រើន​ជាង​វត្ថុ​ដក់​ទឹក ឬ​ដាក់​ទឹក​ផ្សេង​ទៀត។

លិ​ខិត​បន្ត​ថា នៅ​ក្នុង​ខែ​មករា ​ឆ្នាំ ​២០១៩​ កន្លង​មក​នេះ​ ក​ម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​បាន​ធ្វើការ​អង្កេត​បាណក​សាស្ត្រ​នៅ​តាម​ទី​តាំង​ដែល​ជ្រើស​​រើស​សម្រាប់​ធ្វើ​ការ​សិក្សា ​និង​ពិនិត្យ​តាម​ដាន​ស្ថានភា​ព​មូស​ខ្លា​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​រដូវ​ប្រាំង​នេះ ​ដែល​លទ្ធ​ផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មូស​ស្ទើរ​តែ​ទាំង​អស់​សុទ្ធតែ​ជា​មូស​អង្កាម។

លោក​ ម៉ម​ ប៊ុន​ហេង​ បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​បាន​ណែនាំ​ថា ​ដើម្បី​ការពារ​សុខភាព​បុគ្គល​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ដោយ​សារ​មូស​ខ្លា​ញី​ខាំ ​និង​ដើម្បី​ទប់​ស្កាត់​ករណី​ដែល​អាច​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ ជា​ពិ​សេស​បង្ការ​ការ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោ​ក​បាន​បញ្ជាក់​ថា​៖​ «​សូម​អំពាវ​នាវ​ និង​ធ្វើ​ការណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ ត្រូវ​ចូល​រួម​លុប​បំបាត់​ជម្រក​មូស​ខ្លា​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រស់​នៅ​ជា​គំរូ​ល្អ​គឺ «ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ​ ព្រោះ​ផ្ទះ​ខ្ញុំ ​និង​លំនៅ​ឋាន​របស់​ខ្ញុំ​ គ្មាន​ដង្កូវ​ទឹក»។

សេច​ក្ដី​ប្រ​កាស​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ អា​ណា​ព្យាបាល​ មាតា​បិតា ​កុមារា​កុមារី​គ្រប់រូប​ ត្រូវ​កម្ចាត់​ដង្កូវ​ទឹក​នៅ​តាម​កន្លែង​ទឹក​ដក់ ឬ​វត្ថុ​សម្រាប់ដាក់​ទឹក​ដូច​ជា​ ពាង​ទឹក​ អាង​ទឹក​ ថូផ្កា​ ចាន​ទ្រ​ជើង​តុទូ​ ក្រឡ​ ធុង​ ខាប់​ជា​ដើម​ ដោ​យ​មាន​ការ​ផ្លាស់​ប្ដូរ​ទឹក​ និង​លាង​សម្អាត​របស់​ទាំង​នោះជាប់​ជា​ប្រចាំ​ឲ្យ​បាន​យ៉ាង​តិច ​១ ​ដង ​ក្នុង ​១ ​សប្ដាហ៍​ ឬ​ត្រូវ​គ្រប​គម្រប​ឲ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ​​ជាមួយ​បណ្ដាញ​សុខាភិបាល​ ដើម្បី​ដាក់​ថ្នាំ​អា​បែ​ត​ សម្លាប់​ដង្កូវ​ទឹក​ ឬ​ចិញ្ចឹម​កូន​ត្រី​៧​ពណ៌​នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន។​ ចំពោះ​សម្ភា​រដក់​ទឹកផ្សេងៗ​ទៀត​ ដែល​មិន​ប្រើប្រាស់​ទុក​ចោល​ ដូច​ជា សម្បក​ កង់​ឡាន ​ឬ​ម៉ូតូ​ សម្បក​កំប៉ុង​ ឬ​ដប​ផ្សេងៗ​ ត្រូវ​កប់​ ឬ​ដុត​ចោល​កុំ​ឲ្យ​ទឹក​ដក់​។​

អាជីវ​ករ​ និង​ម្ចាស់​អាជីវ​កម្ម​ទាំង​ឡាយ​ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សម្បក​កង់ឡាន​ និង​ម៉ូតូ​ទាំងអស់​ សូម​ធ្វើកា​រ​គ្រប់​គ្រង​សម្បក​​កង់​ទាំង​នោះ​ឲ្យ​មាន​សុវត្ថិភាព​ចៀស​វាង​ការ​ដក់​ទឹក​ ដោយ​មិន​​ត្រូវ​បាន​ចោល​ពាស​វាលពាស​កាល បង្កើត​បាន​ជា​ប្រភព​ទឹក​កកើត​ និង​ជម្រក​មូសខ្លា​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ដែល​ជា​អំណោយ​ផល​ដល់​ការ​ចម្លង​ជំងឺ​គ្រុនឈាម។​

វិធី​ក្នុង​ការ​គ្រប់គ្រង​ គឺ​ដា​ក់​គរ​ត្រួត​លើ​គ្នា គ្រប​ដោយ​បន្ទះក្ដារ​ជិត​ ឬ​ស្បៃ​មុង ​ចាក់​ប្រេង​ម៉ា​ស៊ីន​ដែល​ខូច​ឈប់​ប្រើ​ចូល​ ឬ​ចាក់​ដី​បំពេញ​ ជា​ពិសេស​ដាក់​នៅ​ក្រោម​ដំបូល ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ដក់​ទឹក​ ដែល​បង្ក​ទៅ​ជា​ប្រភព​កកើត ​និង​ជម្រក​មូសខ្លា។

ករ​ណី​មាន​រោគ​សញ្ញា​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ​ចៀស​វាង​ការ​ប្រើប្រា​ស់​ពពួក​ឱសថ​អាស្ពី​រី​ន​ ហើយ​ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ (មិន​ឲ្យ​យឺត​ជាង​ ៧២​ ម៉ោង​ បន្ទាប់​ពី​ក្ដៅខ្លួ​ន) ហើយ​សូមកុំ​សាក​ល្បង​ព្យាបាល​អ្នកជំងឺ​គ្រុន​ក្ដៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួន​ឯង​ ឬ​ពន្យា​រពេល​តាម​ដាន​ព្យាបាល​ជំងឺ​នៅ​សេវា​ឯក​ជន​ដែល​មិនមាន​ជំនាញ​វិជ្ជា​ជីវៈ​ផ្នែក​ជំងឺ​គ្រុនឈាម​នេះ​ឲ្យ​សោះ ​ព្រោះ​ជំងឺ​គ្រុន​ឈាម​អាច​នឹង​សម្លាប់​អ្នក​ជំងឺ​គ្រប់​ពេល។

លោក ​ញឹប ​អង្គា​បុស្ស ​នាយក​មន្ទី​រពេទ្យ​កុមារ​ជាតិ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ការ​កើនឡើង​នេះ វា​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​ទេ​ ប៉ុន្ដែ​ត្រូវ​ប្រកាស​ឲ្យ​ទប់​ស្កាត់​មុន។​ ជាក់​ស្ដែង​នៅ​មន្ទី​រ​ពេទ្យ​កុមារ​ជាតិ​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​។​

លោក​ ​អ​ង្គា​បុស្ស​ ថ្លែង​ថា​៖​ «​យើង​បា​ន​បណ្ដុះ​បណ្ដា​ល​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​ និង​ប្រជា​ពល​រដ្ឋ​តាម​មូល​ដ្ឋាន​ឲ្យ​មាន​ការ​យល់​​ដឹង​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទាំង​អស់​គ្នា។​ ជំងឺ​នេះ យើង​ក៏​អាច​ចាត់​ទុក​ថា សា​ហាវ​ដែរ បើវា​កើត​លើ​ខ្លួន​មនុស្ស​ណា​ម្នាក់​ គឺ​យើង​ពិត​ជា​បារម្ភ​ខ្លាំង»។

​លោក​ លាង​ ឬ​ទ្ធា ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ីតសាស្ត្រ ​និង​បាណក​សាស្ត្រ​ បាន​អះអាង​​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៨ មាន​មនុស្ស​កើត​​ជំងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ចំនួន​ ​២៤ ០០០ នាក់​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ៣ នាក់។

លោក​ ឬទ្ធា ​ថ្លែង​ថា៖​ «​យើង​មិន​ទាន់​មាន​តួលេខ​ពី​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ក្នុង​រយៈ​ពេល​ដើម​ឆ្នាំនេះ​ទេ​ បើតាម​ការ​ប៉ាន់​ស្មាន​អាច​កើន​ឡើង​ ​ប៉ុន្ដែ​យើង​អាច​គ្រប់គ្រង​ស្ថាន​ការ​ណ៍​បាន​ហើយ​យើង​ក៏​មិន​បណ្ដែត​បណ្ដោយ​ឲ្យ​វា​កើន​ឡើង​បន្ត​ទៀត​ដែរ»។

ក្រ​សួង​បាន​អំ​ពា​វនាវ​ឲ្យមន្ទី​រ​សុខាភិបាលរាជធានី-ខេត្តទាំង ២៥ ចូល​រួម​បន្ត​សកម្ម​ភាព​ការពារ​ប្រសើរ​ជាង​ព្យាបាល ដើម្បី​ទប់​ស្កាត់​ការ​អាច​ផ្ទុះ​ឡើង៕