ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យតាមប្រព័ន្ធអនឡាញ បន្ទាប់ពីពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក ចំនួន ៤ កំពុងផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) តាមប្រព័ន្ធអនឡាញដោយខុសច្បាប់ និងមិនគោរពតាមវិធានសុវត្ថិភាព។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះ ឱ្យដឹងថា បណ្តាញសង្គមហ្វេសប៊ុកទាំង ៤ នេះ រួមមានគណនីឈ្មោះ ១-Lito Real, ២-លក់ម៉ាស់ 3និង4 ស្រទាប់ 0965680561/0884103650 ៣-Mask Cambodia ម៉ាស់ពេទ្យ ៤-Srey Sor។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ឬឧបករណ៍ បរិក្ខារពេទ្យ (ម៉ាស់) គ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយការលក់ផលិតផលទាំងនេះ អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ការលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) តាមប្រព័ន្ធអនឡាញរបស់បណ្តាញសង្គមខាងលើ ជាសកម្មភាពខុសច្បាប់ដែលការលក់ផលិតផលទាំងនេះ តម្រូវឱ្យលក់តាមឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកាពីក្រសួងសុខាភិបាល ការលក់ផលិតផលទាំងនេះតាមប្រព័ន្ធអនឡាញវាអាចជំរុញឱ្យមានផលិតផលក្លែងបន្លំ ឬអន់គុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ជាពិសេសប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ»។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ ដែលអនុញ្ញាតឱ្យមានការផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) យ៉ាងអនាធិបតេយ្យ និងគណនីពាក់ព័ន្ធដទៃទៀត ដែលបាននាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
លោក សៀ ថុល អនុប្រធាននាយកដ្ឋានឱសថនៃក្រសួងសុខាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែឧសភា នេះថា នៅពេលដែលក្រសួងប្រកាសហាមប្រាមហើយនៅតែប្រព្រឹត្តទៀតនោះ ក្រសួងនឹងបន្តនីតិវិធីដោយសហការជាមួយនឹងនគរបាលបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ តាមដានទៅរកម្ចាស់ផេក ដើម្បីឃាត់ខ្លួនគាត់អនុវត្តទៅតាមច្បាប់។
លោក សៀ ថុល ថ្លែងថា កន្លងមកនេះ ក្រសួងធ្លាប់មានវិធានការទៅលើម្ចាស់ផេកដែលមានការផ្សព្វផ្សាយពីផលិតផលបំប៉នសុខភាពជាដើម។ មួយវិញទៀតនៅពេលដែលក្រសួងដាក់ចេញវិធានការហើយ ក្រសួងនៅតែបន្តតាមដាន ដើម្បីមានវិធានការតាមផ្លូវច្បាប់។
លោក សៀ ថុល បញ្ជាក់ថា៖ «នៅពេលគាត់ផ្សព្វផ្សាយអនាធិបតេយ្យបែបនេះ វានឹងបង្កឱ្យមានគ្រោះថ្នាក់សម្រាប់ផលិតផលដែលយើងមិនបានវាយតម្លៃពីសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព របស់វា។ បច្ចុប្បន្ននេះ យើងគិតពីសុវត្ថិភាពជាដំបូងគេដល់អ្នកប្រើប្រាស់»៕