ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាស ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៨៦ នាក់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការ​ណ៍នេះ ​មាន​រហូត​ទៅ​ដល់ ​១ ៧០៨ ​នាក់ ខណៈ​ថ្ងៃនេះ ក៏មានអ្នកដែលបានព្យាបាលជាសះស្បើយ ចំនួន ៣៤ នាក់ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ភាគ​ច្រើន​កើត​ឡើង​នៅក្នុង​ខេត្តព្រះ​សីហ​នុ ​ចំនួន ​៤៣ នាក់ រាជធានីភ្នំពេញ ២៥ នាក់ ខេត្តត្បូងឃ្មុំ ៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ខេត្តក្រចេះ ៣ នាក់ ខេត្តព្រៃវែង ២ នាក់ ខេត្តកំពង់ចាម ២ នាក់ ខេត្តកណ្ដាល ២ នាក់ ខេត្តសៀមរាប ២ នាក់ និងខេត្តកែបម្នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដសរុប ចំនួន ២ ២៣៣ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ១ ១៦៦ នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន ១ ០៥៤ នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ​១០ នាក់។

លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកបានលើកឡើងថា លោកស្រីមាន​ក្ដីបារម្ភចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាដែលមិនទាន់មានភាពធូរស្រាលនៅឡើយ ប៉ុន្តែ វាកាន់តែអាក្រក់ទៅ។

លោកស្រី បានសរសេរលើ Twitter នៅថ្ងៃអាទិត្យទី ២៨ ខែមីនានេះថា៖ «ខ្ញុំសូមឱ្យមនុស្សទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការរួមបញ្ចូលគ្នាត្រូវធ្វើឱ្យបានត្រឹមត្រូវ។ ជម្រើស​មិនត្រឹម​ត្រូវ​គឺជា​ផល​វិបាក​នៃ​សោកនាដ​កម្ម​នៃ​ការស្លាប់កាន់តែច្រើន»៕