
ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ ១៩ ឬហៅថា Rapid Antigen Test COVID-19 ដែលមានសមត្ថភាពតេស្តរកមេរោគបានរហ័ស។ រូបថត AFP
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ២២ មេសា បានសម្រេចឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ ប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ ឬហៅថា Rapid Antigen Test COVID-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានសម្រេចអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងនោះមាន មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល និងសម្ភពនៅទូទាំងប្រទេស អាចប្រើប្រាស់នូវ Rapid Antigen Test COVID-19 បានចាប់ពីពេលនេះទៅ។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា៖ «ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមសំណើរបស់សមាគមអ្នកផ្តល់សេវាសុខាភិបាល ឯកជននៅកម្ពុជា កាលពីថ្ងៃទី ២២ ខែមេសា ក្រសួងសុខាភិបាលអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ស្របច្បាប់ប្រើប្រាស់ Rapid Antigen Test Covid-19 ដែលបានទទួលស្គាល់ និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល»។
វេជ្ជបណ្ឌិត ១ រូបនៃគ្លីនិក លី ស្រីវីណា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ មេសា ថា ខាងគ្លីនិកលោកស្រី មិនទាន់មានតេស្តនេះទេ។ លោកស្រីទើបតែទទួលបានព័ត៌មានពីការអនុញ្ញាតឲ្យប្រើប្រាស់នូវការតេស្តរហ័សនេះដែរ។
លោកស្រីថា៖ «ខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចនៅឡើយទេ ដោយសារទើបទទួលបានព័ត៌មានថ្មី។ ប៉ុន្តែប្រសិនបើមានក៏ខាងយើងចង់ប្រើដែរ តែនៅពេលនេះយើងមិនទាន់ដឹងថា ត្រូវទៅទិញនៅកន្លែងណាទេ។ យើងចាំមើលតាមបណ្តាគ្លីនិកដទៃទៀតសិន»។
កាលពីថ្ងៃទី ១៨ មេសា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនរបស់ «សម្តេចតេជោ »បានប្រើប្រាស់នូវការតេស្តរហ័សនេះលើអាជីវករផ្សារនាគមាស ដោយទទួលបានលទ្ធផលរហ័ស គឺត្រឹមតែរយៈពេល ១៥ នាទីប៉ុណ្ណោះ។

ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ ១៩ ឬហៅថា Rapid Antigen Test COVID-19 ដែលមានសមត្ថភាពតេស្តរកមេរោគបានរហ័ស។ រូបថត AFP
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឧបករណ៍តេស្តរកវីរុសកូវីដ ១៩ រហ័សនេះ មានភាពងាយស្រួលក្នុងការតេស្តរកមេរោគបានលទ្ធផលលឿន ហើយលទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ ត្រឹមត្រូវដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ។
នៅថ្ងៃទី ២២ មេសា ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៤៤៦ នាក់ថែមទៀត ដែលភាគច្រើននៅរាជធានីភ្នំពេញ។ ទោះយ៉ាងណា ក៏មានអ្នកព្យាបាលជាសះស្បើយចំនួន ១៣០ នាក់ផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា អ្នកដែលបានឆ្លងថ្មីទាំងអស់នេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះរកឃើញនៅរាជធានីភ្នំពេញចំនួន ៣៣១ នាក់ ខេត្តព្រះសីហនុចំនួន ៨២ នាក់ ខេត្តកណ្តាល ២១ នាក់ ខេត្តតាកែវ ៥ នាក់ ខេត្តកំពង់ស្ពឺ ២ នាក់ និងខេត្តស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម ព្រៃវែង មានចំនួន ០១ ករណីដូចៗគ្នា។
គិតត្រឹមព្រឹកថ្ងៃទី ២២ មេសា សរុបអ្នកឆ្លងកូវីដនៅទូទាំងប្រទេសកម្ពុជាមានចំនួន ៨ ១៩៣ នាក់។ អ្នកជាសះស្បើយចំនួន ២ ៩២៤ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៥ ២០៤ នាក់។ ឯអ្នកស្លាប់មានចំនួន ៥៩ នាក់៕