ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​កំណត់​អ្នក​ជាប់ពន្ធ​ថ្មី​ក្នុង​វិស័យ​ចំនួន​ ៤ ដែល​នឹងត្រូវ​អនុវត្ត​នៅ​ទូទាំង​ប្រទេស ចាប់ពី​ឆ្នាំ​ ២០២១ តទៅ​ដែល​ក្រសួង​អះអាង​ថា ការកំណត់​យ៉ាង​ដូច្នេះ ដើម្បី​ធានា​ឱ្យ​ការប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។

ប្រកាស​ស្ដីពី​ការកំណត់​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ចុះ​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច​បាន​ឱ្យ​ដឹងថា វិស័យ​ទាំង ៤ ដែល​នឹង​ជាប់​កាតព្វកិច្ច​បង់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​នេះ រួមមាន​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម​វិស័យ​សេវាកម្ម និង​ពាណិជ្ជកម្ម​ដោយ​ផ្អែកលើ​កម្រិត​ផលរបរ​ប្រចាំ​ឆ្នាំ​ទៅតាម​វិស័យ​នីមួយៗ​។ «​ប្រកាស​នេះ​មាន​គោលបំណង​កំណត់​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដើម្បី​ឱ្យមាន​សង្គតិភាព​ក្នុង​ការគ្រប់គ្រង​ការប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​តម្លាភាព និង​សមធម៌​ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។

តាម​ការកំណត់​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របរ​ស្វ័យ​ប្រកាស​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ដឹងថា អ្នក​ជាប់ពន្ធ​ត្រូវ​បាន​ចាត់ជា ៣ ថ្នាក់ ដូចជា អ្នក​ជាប់ពន្ធ​តូច​គឺ​សំដៅលើ​សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី​ ២៥០ ​លាន ​ដល់​ ១ ០០០ ​លាន​រៀល ​សម្រាប់​វិស័យ​កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​ ឬ​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់ពី ២៥០ ​លាន​ ដល់​ ១ ៦០០ លាន​រៀល ​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​ឯកបុគ្គល​ ឬ​សហគ្រាស​សហកម្មសិទ្ធិ ដែល​មាន​ផលរបរ​ក្នុង​រយៈពេល ៣ ​ខែ​ជាប់​គ្នា​ខាងមុខ​ចាប់ពី ៦០ លាន​រៀល​ឡើងទៅ​។

ចំពោះ​អ្នក​ជាប់ពន្ធ​មធ្យម ក្រសួង​ឱ្យ​ដឹងថា សម្រាប់​បុគ្គល​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើស​ពី ១ ០០០ ​លាន​រៀល ​ដល់​ ៨ ០០០ លាន​រៀល ​សម្រាប់​វិស័យ​កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ព្រមទាំង​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​ការិយាល័យ​តំណាង ស្ថាប័នរដ្ឋ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ជា​បេសកកម្ម​ទូត កុងស៊ុល​បរទេស​ជាដើម​។

ក្រៅពី​អ្នក​ជាប់ពន្ធ​តូច​ និង​មធ្យម​នេះ​ក្រសួង​ថា​៖ «​ក្នុងករណី​ផលរបរ​ដែល​អ្នក​ជាប់​ពន្ធ​បានប្រកាស​មិន​ឆ្លុះបញ្ចាំង​នូវ​ផលរបរ​ជាក់ស្តែង​របស់​អ្នក​ជាប់ពន្ធ​ទេនោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​សិទ្ធិ​ធ្វើ​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​ឡើងវិញ ដោយ​ផ្អែកលើ​តម្លៃ​ទ្រព្យសកម្ម ដែល​បាន​ប្រើប្រាស់​ក្នុង​អាជីវកម្ម​របស់​សហគ្រាស​នីមួយៗ​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ក្នុង​លិខិត​ថា ការធ្វើ​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​ឡើងវិញ ដោយ​ផ្អែកលើ​តម្លៃ​ទ្រព្យសកម្ម​នេះ​គឺ​បែងចែក​ជា​ ៣ ផ្នែក​ទៅ​តាម​អ្នក​ជាប់ពន្ធ​តូច មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ​។ លោក​បញ្ជាក់ថា​៖ «​អ្នក​ជាប់ពន្ធ​តូច មានទ្រព្យ​សកម្ម​អាជីវកម្ម​ប្រចាំឆ្នាំ​ចាប់ពី ២០០ ​លាន​រៀល ដល់ ១ ០០០ លាន​រៀល​ សម្រាប់​វិស័យ​កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម និង​អ្នក​ជាប់ពន្ធ​តូច​មាន​ទ្រព្យ​សកម្ម​អាជីវកម្ម​ប្រចាំឆ្នាំ​ចាប់ពី ២០០ លាន​រៀល ​ដល់​ ២ ០០០ ​លាន​រៀល​ សម្រាប់​វិស័យ​ឧស្សាហកម្ម​»​។

ចំណែក​អ្នក​ជាប់ពន្ធ​មធ្យម​លោក​បញ្ជាក់ថា​៖ «​មានទ្រព្យ​សកម្ម​អាជីវកម្ម​ប្រចាំ​ឆ្នាំ​លើសពី ១០០០ ​លាន​រៀល ​ដល់​ ២ ០០០ លាន​រៀល​ សម្រាប់​វិស័យ​កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម ឬ​មាន​ទ្រព្យសកម្ម​អាជីវកម្ម​ប្រចាំ​ឆ្នាំ​លើសពី ២ ០០០ ​លាន​រៀល ដល់ ៤ ០០០ ​លាន​រៀល ​សម្រាប់​វិស័យ​ឧស្សាហកម្ម​»​។ សម្រាប់​អ្នក​ជាប់ពន្ធ​ធំ​លោក ព័ន្ធមុនីរ័ត្ន ឱ្យ​ដឹងថា គឺ​សម្រាប់​សហគ្រាស​ដែល​មាន​ទ្រព្យសកម្ម​អាជីវកម្ម​ប្រចាំឆ្នាំ​លើសពី ២ ០០០ ​លាន​រៀល​ដល់ ៤ ០០០ ​លាន​រៀល​ឡើងទៅ ​សម្រាប់​វិស័យ​ទាំង​ ៤ ​នេះ​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា ការកំណត់​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​នេះ​គឺជា​រឿង​មួយ​ដែល​ល្អ​ដើម្បី​ឈាន​ទៅ​រក​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​។

ប៉ុន្តែ​លោក​យល់​ថា ក្នុងអំឡុងពេល​វិបត្តិ​កូវីដ និង​ការទទួលរង​នូវ​វិបត្តិ​ជាច្រើន ដូចជា​ការដក EBA ការបាត់ GSP និង​លក្ខខណ្ឌ​អំណោយផល​ជាច្រើន​ទៀត​ដល់​សេដ្ឋកិច្ច​រដ្ឋាភិបាល គួរតែ​ផ្តល់​ហិរញ្ញវត្ថុ​បន្ថែម​ដើម្បី​ធានា​ដល់​ដំណើរការ​អាជីវកម្ម​ទាំងនេះ ចៀសវាង​បិទទ្វារ​ធ្វើឱ្យ​កម្មករ​ដែល​ពឹង​អាស្រ័យ​លើ​វិស័យ​ទាំងនេះ​ប្រមាណ ៩០ ​ភាគរយ​ ​អាច​នឹង​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​។

«​ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ឱ្យ​ក្រសួង​ពន្យារពេល​ ឬ​មិន​ពន្យារពេល​នៃ​ការប្រមូល​ពន្ធ​លើ​វិស័យ​ទាំងនេះ​នោះទេ ប៉ុន្តែ​គួរតែ​មាន​ការសិក្សា​ឱ្យ​ច្បាស់​ពី​ផលប៉ះពាល់​។ បើសិន​ក្រុមហ៊ុន​តូច និង​មធ្យម​គាត់​ត្រូវ​បាន​ទទួលបន្ទុក​ធ្ងន់ធ្ងរ​រហូត​ដល់​គាត់​មិនមាន​លទ្ធភាព​ដំណើរការ​ទៅមុខ​បាន វា​អាច​ប៉ះពាល់​ទៅលើ​ពលរដ្ឋ​យើង​»៕