ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ចំពោះ​កិច្ច​មួយ​សម្រាប់​ទទួល​បន្ទុក​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​វិធានការ​គោល​នយោបាយ​ស្តីពី​ការ​អន្តរាគមន៍​ជំនួយ​សង្គម ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់។

យោង​តាម​សេចក្តី​សម្រេច​នេះ ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ចំពោះ​កិច្ច​ចំនួន ៤ ដើម្បី​ធ្វើ​ជា​សេនាធិការ​របស់​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (គ.ស.ហ) សម្រាប់​ជួយ​សម្រួល និង​ជា​មូលដ្ឋាន​ដល់​ក្រុម​ការងារ​បច្ចេកទេស​ចំពោះ​កិច្ច។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឱ្យ​ដឹង​តាមរយៈ​សេចក្តី​សម្រេច​នេះ​ថា ក្រុម​ការងារ​បច្ចេកទេស​ចំពោះ​កិច្ច ត្រូវ​ទទួល​បន្ទុក​កំណត់ និង​បែងចែក​ទីតាំង​ភូមិសាស្រ្ត​នៃ​ការ​អនុវត្ត​វិធានការ​គោល​នយោបាយ​អន្តរាគមន៍​ជំនួយ​សង្គម​របស់​រាជរដ្ឋាភិបាល។

ក្រុម​ការងារ​បច្ចេកទេស​ចំពោះ​កិច្ច ត្រូវ​រៀបចំ​យន្តការ​អនុវត្ត​វិធានការ​គោល​នយោបាយ​អន្តរាគមន៍​ជំនួយ​សង្គម​របស់​រាជរដ្ឋាភិបាល ដោយ​កំណត់​អំពី​ជម្រើស​ស្ថាប័ន​ពាក់ព័ន្ធ និង​ភារកិច្ច​នៃ​ស្ថាប័ន​ទាំង​នោះ សិក្សា​ និង​លើក​សំណើ​អំពី​ប្រភេទ និង​ទំហំ​នៃ​របប​ឧបត្ថម្ភ​ដែល​ត្រូវ​ផ្តល់​ជូន​ក្រុម​ប្រជាពលរដ្ឋ​គោលដៅ​រួម​នឹង​វិធានការ​ជាច្រើន​ទៀត។

ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​បន្ត​ឆ្លើយ​តប​ទៅ​កាន់​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូវីដ ១៩ នេះ អង្គការ​ទស្សនៈ​ពិភព​លោក​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ជន​បង្គោល​នៅ​សហគមន៍ បាន​ចែក​អំណោយ​ទៅ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៥២៧ គ្រួសារ ដែល​រស់នៅ​តំបន់​ប្រជាជន​ក្រីក្រ​ក្នុង​រាជធានី និង​ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ក្នុង​ខណ្ឌ​ចំនួន ៥ គឺ​ខណ្ឌ​សែនសុខ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ដង្កោ និង​ខណ្ឌ​ព្រែកព្នៅ។

យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ទស្សនៈ​ពិភព​លោក នៅ​ថ្ងៃ​ទី ២៤ ខែ​មេសា បាន​ឱ្យ​ដឹង​ថា អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ចូលរួម​ផ្តល់​ជូន​សម្ភារ និ​ងស្បៀង​អាហារ​ដូចជា អង្ករ ៣ តោន ៥០០ គីឡូក្រាម រួម​ទាំង​ត្រីខ​កំប៉ុង ទឹកត្រី និង​សម្ភារ​ចាំបាច់​មួយ​ចំនួន​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ទៅ​ដល់​រដ្ឋបាល​ខណ្ឌ សង្កាត់ និង​នៅ​តាម​ភូមិ​នានា។

កញ្ញា ហៀម ចិត្រា ប្រធាន​គ្រប់គ្រង​មូលនិធិ​ថ្នាក់​ជាតិ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា ការ​ចូលរួម​រវាង​អង្គការ​ទស្សនៈ​ពិភព​លោក និង​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប្រជាជន​ដែល​ងាយ​រងគ្រោះ អាច​រួច​ផុត​ពី​ភាព​ស្រែកឃ្លាន និង​អាច​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ជា​ពិសេស​កុមារៗ។

កញ្ញា​បាន​បន្ត​ថា៖ «យើង​ចង់​ឃើញ​មនុស្ស​កាន់​តែ​ច្រើន​ចូលរួម និង​គាំទ្រ​ដល់​ប្រជាជន​យើង ជាមួយ​នឹង​អង្គការ​ទស្សនៈ​ពិភព​លោក។ ខ្ញុំ​ជឿជាក់​ថា យើង​ទាំង​អស់​គ្នា​អាច​ជួយ​ទៅ​ដល់​ក្រុម​គ្រួសារ ដែល​ឆ្លង​កាត់​វិបត្តិ​នេះ ហើយ​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់»។

ជាមួយ​គ្នា​នេះ លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​ ២៣ ខែ​មេសា​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ការ​គ្មាន​ស្បៀង​អាហារ ប៉ុន្តែ​សុំ​កុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក ដោយសារ​សាលា​ក្រុង​មាន​រៀបចំ​នូវ​យន្តការ​ចែក​ស្បៀង និង​លក់​ស្បៀង។

លោក​បាន​ថ្លែង​ថា៖ «សាលា​ក្រុង​បាន​ទទួល​រួច​ហើយ​នូវ​ស្បៀង​ពី​សម្តេច​នាយក​រដ្ឋមន្រ្តី សម្រាប់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ និង​តំបន់​បិទ​ខ្ទប់ ហើយ​យើង​ក៏​បាន​និង​កំពុង​ដឹក​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង»។

លោក ម៉េត មាសភក្តី បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤ ម៉ឺន​គ្រួសារ ដែល​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ក្រហម ត្រូវ​បាន​ផ្តល់​ស្បៀង​រួច​មក​ហើយ ហើយ​សាលា​រាជធានី​ភ្នំពេញ​កំពុង​បន្ត​ដឹក​ចែក​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ជា​រៀងរាល់​ថ្ងៃ៕