ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្យារពេលចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀតសម្រាប់សមាគម អង្គការមិនមែនរដ្ឋាភិបាលរហូតដល់ដំណាច់ឆ្នាំ ២០១៩ ខណៈអង្គការមួយចំនួនតូចនៅមិនទាន់បំពេញកាតព្វកិច្ចស្របពេលក្រសួងមហាផ្ទៃក៏បញ្ជាក់ដែរថា មានអង្គការ ៥០០០ ដែលបានចុះបញ្ជី និងតម្កល់ឯកសារផ្លូវការនៅក្រសួង។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី ១៥ សីហាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាថា ការចុះបញ្ជីពន្ធដារត្រូវបានពន្យារដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩។ ក្រសួងបញ្ជាក់ថា ចាប់តាំងពីការជូនដំណឹងអំពីការចុះបញ្ជីបង់ពន្ធកាលពីថ្ងៃទី ៣០ ខែមករាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកត់សម្គាល់ឃើញថា មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានអនុវត្តសេចក្តីណែនាំស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ។ ប៉ុន្តែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចមិនទាន់បានចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធនៅឡើយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានកំណត់យកថ្ងៃទី ៣១ ខែមីនា ជាថ្ងៃចុងក្រោយសម្រាប់ការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចពន្ធសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ការចុះបញ្ជីក្នុងពេលកំណត់នេះអង្គការសង្គមស៊ីវិលនឹងទទួលបានការអនុគ្រោះនូវទោសទណ្ឌនានាជាអាទិ៍រួមមានទោសទណ្ឌលើការប្រព្រឹត្តអំពើរាំងស្ទះ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវចំពោះការបង់ពន្ធនានាទាក់ទិននឹងការចុះបញ្ជី។
ប៉ុន្តែអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាហៅកាត់ថា CCC កាលពីចុងខែមីនាបានស្នើសុំពន្យារការចុះបញ្ជីនេះរហូតដល់ចុងឆ្នាំ ២០១៩ ដោយមូលហេតុឱសានវាទនេះមានរយៈពេលខ្លី ហើយអង្គការជាច្រើនទទួលបានសេចក្ដីណែនាំយឺតយ៉ាវ និងមិនទាន់បានត្រៀមកញ្ចប់ថវិកាសម្រាប់បង់ពន្ធ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារអំពីចំនួនអង្គការសង្គមស៊ីវិលដែលបានចុះបញ្ជីពន្ធដាររួចហើយទេ។
លោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃបានថ្លែងពីម្សិលមិញថា អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃដោយមានដាក់តម្កល់ឯកសារជាផ្លូវការមានជាង ៥០០០ ស្ថាប័ន។ ប៉ុន្តែជាក់ស្ដែងមានតែប្រមាណជិត ២០០០ ប៉ុណ្ណោះដែលបានដាក់របាយការណ៍ប្រចាំឆ្នាំមកក្រសួង។ ពាក់ព័ន្ធនឹងចំនួនដែលត្រូវបានចុះបញ្ជីពន្ធដារ លោកមិនទាន់បានទទួលរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារនៅឡើយទេ។
លោក យឿង សុធារ៉ា ប្រធានផ្នែកការបង្កើតសម្ព័ន្ធភាពតស៊ូមតិ និងបណ្តាញនៃ CCC ថ្លែងថាភាគច្រើននៃអង្គការដៃគូរបស់ CCC ដែលមានជិត ២០០ អង្គការបានចុះបញ្ជីសារពើពន្ធរួចហើយ។
លោកបន្ថែមថាពន្ធសម្រាប់ NGO រួមមានពន្ធលើប្រាក់ខែបុគ្គលិក ពន្ធកាត់ទុក សម្រាប់ការជួលអ្នកផ្ដល់ប្រឹក្សា ឬទិញសេវាពីអ្នកផ្ដល់សេវាដែលមិនបានចុះបញ្ជីសារពើពន្ធ ពន្ធប្រចាំឆ្នាំលើដីធ្លី(បើមាន) និងពន្ធលើយានជំនិះ។
បន្ថែមលើការបង់ពន្ធទាំងនេះសមាគម អង្គការសង្គមស៊ីវិលត្រូវប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនហើយត្រូវស្នើសុំលើកលែងពន្ធទើបអាចគេចផុតពីការបង់ពន្ធ ១ ភាគរយក្នុង ១ ឆ្នាំ។
លោកថ្លែងថា៖ «NGO ភាគច្រើនមួយរយៈពេលចុងក្រោយមានការយល់ដឹងច្រើនលើរឿងពន្ធនេះ។ តែខ្លះនៅតែមិនដឹងហើយមិនចង់ទៅចុះបញ្ជីទេ ខ្លាចការពិន័យធាក់ថយក្រោយ ដូចជាគាត់មិនដែលបានចុះបញ្ជីតាំងពីបើកអង្គការមក។ នៅពេលគាត់ទៅចុះគាត់ខ្លាចគេអនុវត្តច្បាប់ធាក់ថយក្រោយ និងពិន័យគាត់ដោយមានការប្រាក់បន្ថែមលើប្រាក់ពិន័យអ៊ីចឹងគាត់ភ័យខ្លាច»។
លោកបន្តថា តួលេខនៃអង្គការសង្គមស៊ីវិលចំនួនជាង ៥០០០ ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃគឺជាតួលេខប៉ោង ពីព្រោះជាក់ស្ដែងមានតែអង្គការប្រមាណជាង ១ ពាន់ប៉ុណ្ណោះដែលមានសកម្មភាព។ តួលេខប៉ោងបែបនេះដោយសារអង្គការមួយចំនួនបានបញ្ចប់សកម្មភាពរបស់ខ្លួន តែមិនបានទៅជម្រះកាតព្វកិច្ចនៅក្រសួងមហាផ្ទៃ។ លោកថាក្រសួងមហាផ្ទៃគួរធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអង្គការសង្គមស៊ីវិល ហើយប្រគល់បញ្ជីនោះទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីកំណត់តួលេខជាក់លាក់ដែលត្រូវបង់ពន្ធ។
ប៉ុន្តែលោក ឈឹម កាន បានឆ្លើយតបថា៖ «យើងកំពុងគ្រោងធ្វើហើយ ដើម្បីដឹងតួលេខពិតដែលគាត់មានសកម្មភាព និង អ្នកណាដែលបញ្ឈប់សកម្មភាពរបស់ខ្លួន។ យើងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពហើយ»៕