ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អនុញ្ញាត​ឱ្យ​សាលារៀន​ឯកជន​ចំនួន​ ២០ ​ដែល​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​ក្នុង​ការបង្ការ​ជំងឺឆ្លង​កូវីដ​ ១៩ បើក​ដំណើរការ​ឡើងវិញ​នៅ​ខែ​សីហា​ បើទោះបី​ជា​កម្ពុជា​ទើប​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​​កូវីដ​ ១៩​ មួយចំនួន​បន្ថែមទៀត​​ក៏ដោយ​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​សរសេរ​នៅក្នុង​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​ក្រសួង​អប់រំ​បើក​សាកល្បង គ្រឹះស្ថានសិក្សា​ឯកជន ដែល​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​ចំនួន​ ២០ ​ដែលមាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង​នៅក្នុង​ខែសីហា​ខាងមុខ​ហើយ​សាលា​ទាំងនោះ​គឺ​ត្រូវអនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​។

លោក​បាន​បន្តថា សាលារៀន​ដែល​បើក​ដំណើរការ​ឡើង​វិញ​គឺ​ត្រូវ​រៀបចំ​ឱ្យ​មាន​គម្លាត​សុវត្ថិភាព​នៅក្នុង​បរិវេណ​សាលា អគារ​សិក្សា និង​បន្ទប់​សិក្សា​រួមទាំង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បាន​ទៀងទាត់ និង​បំពាក់​ឧបករណ៍​សម្លាប់​មេរោគ​ឱ្យ​ស្រប​តាម​ស្ដង់ដា ហើយ​ចំពោះ​សាលា​ណា​ដែល​ល្មើស​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ​នឹង​ប្រឈម​បិទទ្វារ​បណ្ដោះអាសន្ន​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រឹះស្ថាន​សិក្សា​ទាំងនេះ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាម​បែប​ចម្រុះ គឺ​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយ​នឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន​ព្រម​ទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​។ ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​នៃ​ការលើក​កម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូវីដ​ជា​មូលដ្ឋាន​គោល​សម្រាប់​ការរៀបចំ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា​»​។

កាលពី​ពេល​ថ្មីៗ​នេះ​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ចុះទៅ​ពិនិត្យ​នៅតាម​សាលារៀន​ឯកជន​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​វាយតម្លៃ​អំពី​ការរៀបចំ​វិធានការ និង​ការការពារ​សុវត្ថិភាព​មុន​ពេល​សម្រេច​ឱ្យ​សាលារៀន​ទាំងនោះ​បើក​ដំណើរការ​ឡើង​វិញ​។

សាលា​អន្តរជាតិ វេសវីយូ កម្ពុជា (Westview Cambodian International School) បាន​សរសេរ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុកថា ខ្លួន​បាន​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​របស់​ក្រសួង​អប់រំ និង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ដំណាក់កាល​ទី​ ១ ​នេះ​។

សាលារៀន​នេះ​បញ្ជាក់​ថា​៖ «​មាតាបិតា និង​អាណាព្យាបាល​ត្រូវតែ​ចុះហត្ថលេខា​យល់ព្រម​ជាមួយ​សាលា​លើ​លក្ខខណ្ឌ​ស្តង់ដា​​សុវត្ថិភាព​របស់​ក្រសួង​អប់រំ​មួយ​ចំនួន​មុនពេល​អាច​បញ្ជូន​កូន​មក​រៀន​នៅ​សាលា​វិញ​បាន​។ បច្ចុប្បន្ន​ក្រុមការងារ​របស់​សាលា​កំពុង​តែ​រៀបចំ​ឯកសារ​ទាំងនោះ ហើយ​នៅពេល​ដែល​យើង​ខ្ញុំ​រៀបចំ​រួចរាល់ យើងខ្ញុំ​នឹង​ទាក់ទង​ទៅ​មាតាបិតា និង​អាណាព្យាបាល​យ៉ាង​ឆាប់បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ដែរ​ថា​នៅពេល​បច្ចុប្បន្ន​នេះ​ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ ជា​លើក​ទី​ ២ ​ហើយ​ប្រទេស​ខ្លះ​នឹង​អាច​បិទ​ប្រទេស​ម្ដងទៀត​។ លោក​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​បំផុត​ និង​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​បញ្ចៀស​ការឆ្លង​នៅក្នុង​សហគមន៍​ស្របពេល​រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​សាលារៀន បើក​ដំណើរការ​វិញ​បណ្ដើរៗ​ព្រម​ទាំង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បាន​ឈប់​សម្រាក​រហូត​ដល់​ ៩ ​ថ្ងៃ​នៅក្នុង​ខែ​សីហា​។

នៅពេល​ជួប​កសិករ​នៅ​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អង្គារ​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ការរកឃើញ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន ២៦ ​នាក់​ ដែល​សុទ្ធតែ​ជា​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​កាលពី​ថ្ងៃទី​ ២១ កក្កដា គឺជា​តួលេខ​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ចាប់​តាំងពី​កម្ពុជា​បាន​រកឃើញ​ជំងឺ​នេះ​ដំបូង​កាលពី​ខែ​មករា​មក​។

រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​នៅ​ទូទាំង​ប្រទេស​តាំងពី​ខែ​មីនា​បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​រកឃើញ​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ ដែល​ស្ថិត​នៅក្នុង​ក្រុង​សៀមរាប​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ដែល​ជា​ការចម្លង​ជំងឺ​ពី​បុរស​ជនជាតិ​ជប៉ុន​។

ការបិទ​សាលារៀន​នៅ​ទូទាំង​ប្រទេស និង​ជំរុញ​ឱ្យ​សិស្ស​ប្ដូរ​មក​សិក្សា​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អនឡាញ​គឺ​បាន​ធ្វើឱ្យ​សិស្ស​ជាច្រើន ជាពិសេស​សិស្ស​នៅ​តាម​ជនបទ​ពុំ​អាច​មាន​លទ្ធភាព​សិក្សា​ឡើយ​ដោយសារ​ខ្វះ​សម្ភារ ហើយ​ក៏​បាន​ធ្វើឱ្យ​សាលារៀន​ឯកជន​ខ្លះ ត្អូញត្អែរ​អំពី​ការធ្លាក់ចុះ​ប្រាក់​ចំណូល​យ៉ាងខ្លាំង ដែល​អាច​ប្រឈម​នឹង​ការបិទ​សាលារៀន​ទាំងស្រុង​ជាដើម​។

លោក​ ច័ន្ទ សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ធ្លាប់​បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ថា ការបិទ​សាលារៀន​យូរ ទំនង​ធ្វើឱ្យ​សិស្ស​រាប់លាន​នាក់​អាច​ប្ដូរ​ឥរិយាបថ​ទៅ​ជា​មិនល្អ ដោយសារ​ទម្លាប់​លេង​ហ្គេម​ច្រើន​ជ្រុល​ហួសហេតុ សម្រាប់​សិស្ស​មាន​ស្មាតហ្វូន ឬ​កុំព្យូទ័រ និង​មាន​ទម្លាប់​ដើរលេង​ជ្រុល​សម្រាប់​សិស្ស​ក្រីក្រ មិន​មាន​ឧបករណ៍​ទាំងនេះ​ប្រើប្រាស់​។

ប៉ុន្តែ​លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មិន​ពេញចិត្ត​ចំពោះ​ក្រសួង​អប់រំ​ដែល​អនុញ្ញាត​ឱ្យ​បើក​តែ​សាលារៀន​ឯកជន​នេះ​ទេ​។ លោកស្រី​យល់ថា ក្រសួង​ហាក់​ដូចជា​ខ្វល់​ខ្លាំង តែ​សាលារៀន​ឯកជន និង​មិន​បាន​គិតគូរ និង​យកចិត្ត​ទុកដាក់​ចំពោះ​សាលារៀន​រដ្ឋ​ដែល​មាន​សិស្ស​ជាច្រើន កំពុង​ត្រៀមប្រឡង​ឌីប្លូម និង​បាក់ឌុប​នៅពេល​ខាងមុខ​នេះ​។

លោកស្រី​បន្តថា កន្លង​មក​ខាង​សមាគម​គឺ​ទាមទារ​ឱ្យ​ក្រសួង បើក​សាលា​ព្រម​គ្នា​គឺ​ទាំង​សាលារៀន​រដ្ឋ និង​ឯកជន ហើយ​ឱ្យ​សាលា​ទាំងនោះ​អនុវត្ត​វិធានការ​ការពារ ប៉ុន្តែ​លោកស្រី​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ន​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ច្រើន​នៅ​រយៈពេល​ចុងក្រោយ​នេះ​គឺ​មិន​គួរ​ប្រញាប់​បើក​សាលា​វិញ​ឡើយ​។

លោកស្រី​ថា​៖ «​សមាគម​គឺ​ឱ្យ​បើក​សាលា​នៅ​ទូទាំង​ប្រទេស​ឡើងវិញ ប៉ុន្តែ​នៅពេល​យើង​ឃើញថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ការរកឃើញ​ជំងឺ​កូវីដ​នៅ​កម្ពុជា​កំពុង​ហក់​ឡើង​ជា​ថ្មី​នេះ​ដែល​ក្នុង ១ ​ថ្ងៃ​ឡើង​ដល់​ ២០ ទៅ​ជិត​ ៣០ ​នាក់​គឺ​សុំឱ្យ​ក្រសួង​ពិចារណា​ម្ដងទៀត​»​។

លោក​ សុវាចា បញ្ជាក់​ដែរ​ថា ការសម្រេច​ឱ្យ​បើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់​ទី​ ២ គឺ​អាស្រ័យ​លើ​ការបើក​សាកល្បង​ដំណាក់កាល​ទី​ ១ ​នេះ​ទទួល​បាន​ជោគជ័យ​ដែល​សាលា​ទាំងនោះ​អាច​អនុវត្ត​តាម​វិធី​បង្ការ​ជំងឺ​កូវីដ​១៩​។

កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ កើន​ដល់​ ១៩៧ ​នាក់​ ក្នុងនោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ១៤០ ​នាក់​។ ស្ដ្រី​ខ្មែរ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក ហើយ​បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​ និង​ត្រូវ​អាជ្ញាធរ​រកឃើញ​នៅ​ខេត្ត​កំពង់ចាម​គឺ​ត្រូវ​បាន​ផាកពិន័យ​ជា​ប្រាក់​ ១ ​លាន​រៀល និង​ឱ្យ​ធ្វើ​កិច្ចសន្យា​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិន​បាន​បញ្ជាក់បន្ថែម​អំពី​ការរឹតបន្តឹង​ការធ្វើ​ចត្តាឡីស័ក​អ្នកដំណើរ​មកពី​ក្រៅប្រទេស​នោះទេ​។ លោកស្រី​គ្រាន់តែ​ថ្លែង​យ៉ាងខ្លី​ថា សមត្ថកិច្ច​កំពុង​យកចិត្ត​ទុកដាក់​ចំពោះ​ការធ្វើ​ចត្តាឡីស័ក ហើយ​គ្រូពេទ្យ​កំពុង​ព្យាបាល​អ្នកជំងឺ និង​កំពុង​តាមដាន​សុខភាព​អ្នកដំណើរ​៕

វីដេអូ៖