ភ្នំពេញៈ ក្រសួង​អប់រំ យុវ​ជន និង​កីឡាសហកា​រ​ជាមួយ​គ្រឹះស្ថាន​បណ្ដុះប​ណ្ដាល IT Academy STEP Cambodia នឹងចាប់​ផ្ដើម​អនុវត្ដ​កម្មវិធី ​«Sist​er of Code» ដែល​ជាក​ម្មវិធីប​ង្ហាត់ឲ្យចេះ​សរសេរ​កូដ​ជំ​ហាន​ដំបូង នៅ​ពាក់​កណ្ដាល​ខែនេះ តាម​រយៈ​ការ​លើក​កម្ពស់ការ​រៀន និង​ការ​បង្រៀន​ស្ដីពីវិ​ទ្យា​សាស្ត្រ បច្ចេក​វិទ្យា វិស្វក​ម្ម និង​គណិត​វិទ្យា ​(STEM) ដោយ​លើក​ទឹ​កចិត្ត​សម្រាប់​សិស្ស​នារី។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡាបាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍កាលពី​ម្សិល​មិញ​ថា កម្មវិធី Sister of Code គឺ​ជា​កម្មវិធី​លើកទឹកចិត្ត​ដល់​សិស្ស​នារី​ឲ្យ​ព្យាយាម​សរសេរ​កូដ​កម្មវិធី​ដូច​ជា ការ​បង្កើត​ហ្គេម និង​វេបសាយ​ដោយ​ខ្លួន​ឯង​ជាដើម និង​ជា​ការ​អភិវឌ្ឍ​ទំនុក​ចិត្ត​ក្នុងការផ្ដល់​ឱកាស​ជោគ​ជ័យ​លើ​ផ្នែក​ឌីជីថល​នា​ពេល​អនាគត​ដល់ ពួកគេ ដែល​នេះជា​កម្មវិធី​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។

លោក​ សុវាចា បាន​បន្ត​ថា កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស​នារី​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១០ ​ឆ្នាំ​ទៅ ​១៨ ឆ្នាំ នូវមូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​​ដោយ​ឥត​គិត​ថ្លៃក្នុង​រយៈ​ពេល​ ៦ ​ខែ ដែល​ជា​ការ​សិក្សា​ក្រោយ​ម៉ោង​ដោយ​ឲ្យ​ពួកគាត់​ត្រូវរៀន​​ ១ ថ្ងៃ ក្នុង​ ១ ​សប្ដា​ហ៍ ដោយ​រៀ​ន​ម្ដងៗ​ប្រើ​ពេល​ ២​ ម៉ោង​កន្លះ។

លោក​បន្ថែម​ថា៖ «សម្រាប់​ជំហាន​សាក​ល្បង​ដំបូង​ កម្មវិធី​សិក្សា​នេះ នឹង​ដាក់​បង្រៀន​នៅ​សា​លារៀន​ជំនាន់​ថ្មី វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ និង​វិទ្យា​ល័យ​ ហ៊ុន​សែន​ សេរី​ភាព ដោយ​ជ្រើស​រើស សិស្ស​នារី ​១៥ ​នាក់សម្រាប់​សាលា​រៀន ១ ដើម្បី​ចូល​រៀន»។

ទាក់​ទង​នឹង​ដំណើរ​ការ​បច្ចេកទេស លោក សុវា​ចា បាន​ឲ្យ​ដឹង​ថា គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល IT Academy STEP Cambodia បាន​សហ​ការ​ជា​មួយ​ក្រសួង​អប់រំ​ដើម្បី​រៀប​ចំ​វគ្គតម្រង់​ទិស​ដល់​គ្រូ​ឯក​ទេសនៅ​សា​លា​រៀន​ទាំង​ ២ ​ខាង​លើ​ និង​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​ជាគ្រូ​ជំនួយ​ក្នុង​បំណង​ឲ្យមាន​លទ្ធភាព​បង្រៀន​បាន​នៅក្នុង​គម្រោង​ក្រោយ​ៗ​ទៀត។

បើតាម​លោក​ សុវា​ចា កម្មវិធី​សិក្សា Sister of Code នឹង​ចាប់​ផ្ដើម​ពីថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៩ នេះ​តទៅ។

តាម​រយៈ​ការ​ចូលរួម​សហ​ការ​ជា​មួយ​ក្រ​សួង​នេះ លោក​ស្រី Natalija Rodionova នា​យក​គ្រប់​គ្រងគ្រឹះ​ស្ថាន​បណ្ដុះ​​បណ្ដាល​ IT Academy STEP Cambodia បាន​ថ្លែង​ថា កម្មវិធី​នេះ​បាន​ផ្ដល់​ជូន​សិស្ស​នារី​នូវ​ឱកាស​ដ៏កម្រ​មួយ​ដើម្បី​បាន​សិក្សា​កម្មវិធី​សរសេរ​កូដ។

លោក​ស្រី​បន្ដ​ថា​៖ «អំឡុងពេល​កម្ម​វិ​ធីសិក្សា​នេះ ​ក្មេង​ស្រី​ទាំង​អ​ស់​ នឹងសិក្សា​អំពីគោល​ការណ៍​នៃកា​រគណ​នា និង​ការ​ដោះ​ស្រាយ​បញ្ហា​ តាម​រយៈ​ការសរ​សេរ​កូដ ការ​អភិវឌ្ឍ ហ្គេមកម្សាន្ត និង​ការ​អ​ភិវឌ្ឍ​វេបសាយ​ជាដើម»។

លោក​ស្រី​បញ្ជាក់​ថា៖ «យើង​ចង់​លើក​ទឹក​ចិត្ត​សិស្ស​ស្រី​ឲ្យ​ពិចារ​ណា​ជ្រើស​យក​ជំនាញ​ឌីជីថល​ សម្រាប់អ​នាគត​របស់​ពួក​គេ​ដែល​ជាការ​បង្កើន​ទំនុក​ចិត្ត​ថាពួក​គេ​អាច​ធ្វើ​វា​បាន​ល្អ»។

លោក​ស្រី​ បាន​បង្ហាញ​ការជឿថា​ គម្រោង​មួយ​នេះអា​ច​ជួយ​បង្កើន​នូវ​ការ​ចាប់​អារម្មណ៍​ជា​ទូទៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​នៅ​ក្នុង​ចំ​ណោម​សិស្ស​នារី​ដែល​មិនពេ​ញនិ​យម​ទាល់​តែ​សោះ​នៅ​កម្ពុជា។

លោក​ស្រី​ បាន​បន្ថែម​ថា៖ «យើង​ថែម​ទាំង​ជឿថា មាន​តែ​ក្លិប​សិស្ស​នារី​នេះ​ទេ​ ជា​វេទិ​កា​ល្អ​សម្រាប់​ការ​ចែក​រំលែក​ និង​ធ្វើ​កិច្ច​សហ​ប្រតិ្ត​បត្តិ​ការដែល​វេទិ​កា​នេះ​ឈរ​ទៅ​លើ​គំនិត​នៃ​ភាព​ជា​បងប្អូន​ស្រី»។

បើ​តាម​លោក​ស្រី ​Natalija Rodionova កម្មវិធី​សិក្សា​នេះ​ដំបូង​ឡើយ​សិស្ស​នឹង​រៀន​អំពី​ជំនាញ​ឌីជីថល​សំខាន់ៗ។​បន្ទាប់​មក​ពួក​​គេ​នឹង​រៀន​​អំពី​​របៀប​​សរសេរកូដ​ និង​អាច​ប្រើ​ប្រាស់ជំ​នាញ​ទាំង​នោះ​ទៅ​ក្នុង​វិស័យ​ដែល​ពួក​គេ​ពេញ​ចិត្ត៕