ភ្នំពេញ៖ មន្រ្ដីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងថា ក្រសួងអប់រំបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភៈ។ ប៉ុន្ដែការបើកសាលារៀនឡើងវិញ គឺត្រូវផ្តោតលើគោលការណ៍សុវត្ថិភាព សុខភាពស្របតាមវិធានការសុខាភិបាល។
លោក រស់ សុវាចា បានថ្លែងនៅថ្ងៃនេះថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភ:។ ជារួមការបើកសាលារៀនឡើងវិញនាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាល ដើម្បីលើកកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។
លោកបានបញ្ជាក់ថា ក្រសួងអប់រំ នឹងជម្រាបជូនសាធារណជននាពេលក្រោយស្តីពីព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ។
បើតាមលោក សុវាចា មកដល់ពេលនេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូ ចំនួន ៨៥% នៃចំនួនសរុប ១៥៨ ០០០ នាក់ នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងរួចរាល់។
លោកបានថ្លែងថា ចំពោះមុខនេះសិស្សានុសិស្សនៅទូទាំង ២៥ ខេត្ត-រាជធានី ត្រូវបន្តអនុវត្តវិធានការ ៣ ការពារ ៣ កុំ និងអាចរៀនអនឡាញបានតាមរយ:មាតិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបង្ហាញថា មាតិកាឌីជីថលទាំងនោះរួមមាន កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។
លោកបន្ថែមថា អ្នកសិក្សាក៏អាចទាញយកកម្មវិធីស្វ័យសិក្សានេះពីកម្មវិធី App Store, Google Play និង App Gallery រួចអានតាមសេចក្តីណែនាំបច្ចេកទេសដែលមានស្រាប់នៅក្នុងកម្មវិធីសិក្សាទាំងនោះ។
លោកបានឱ្យដឹងថា អ្នកសិក្សាក៏អាចចូលសិក្សាតាមមាតិកាឌីជីថលដូចជា មជ្ឈមណ្ឌលសិក្សាតាមរយ:អេឡិចត្រូនិក elearning.moeys.gov.kh, បណ្តាញ Youtube ផ្លូវការ youtube.com/moeyscambodia, ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh, ការអប់រំកុមារតូច youtube.com/eccdcambodia, ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី "ទទក២" របស់ក្រសួងព័ត៌មាន, App ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, កម្មវិធីអប់រំតាមវិទ្យុជួយសិស្សជនជាតិដើមបន្តរៀនសូត្រ, App វិស័យឯកជននានា ដូចជា E-School Cambodia ជាដើម៕
វីដេអូ៖