ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី (​កាសែត​ ភ្នំពេញ ប៉ុស្ដិ៍​) កាលពី​ម្សិលមិញ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​ធ្វើ​កិច្ចសហការ​រវាង​ភាគី​ទាំង​ ២ ​ក្នុង​ការលើក​កម្ពស់​សកម្មភាព និង​ផែនការ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​។

ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ចុះហត្ថលេខា ដោយ​លោកស្រី សេង ហ្សានីន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​កិច្ចការ​អាស៊ាន​ជាមួយ​លោក លី តៃសេង ចាងហ្វាង និង​អគ្គនាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៃ​ក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី ដោយមាន​ការចូលរួម​ពី​មន្ដ្រី​តំណាង​មកពី​ក្រសួង​អប់រំ និង​សហការី​ក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី ​ជាច្រើន​រូប​ទៀត​។

យោង​តាម​អនុស្សរណៈ​នេះ ក្រុមហ៊ុន ផូស មេឌា បាន​ឯកភាព​បោះពុម្ព​ផ្សាយ​លើ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ភាសា​អង់គ្លេស និង​ខេមរភាសា​ដែល​​នឹង​ផ្ដល់ ១ ​ទំព័រ​ពេញ​ ទៅឱ្យ​ក្រសួង​អប់រំ​សម្រាប់​ការបោះពុម្ពផ្សាយ​មាតិកា​អត្ថបទ​របស់ខ្លួន​។ ការបោះពុម្ព​ផ្សាយទំព័រ​អប់រំ​នេះ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ នឹង​ធ្វើ​នៅ​រៀងរាល់​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​ទី​ ១ ​នៃ​ខែ​នីមួយៗ ឬ​ ២ ​សប្ដាហ៍​ម្ដង អាស្រ័យ​លើ​តម្រូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ហង់ជួន ណារ៉ុន បាន​សម្ដែង​ការសាទរ​ចំពោះ​ការចុះ​អនុស្សរណៈ​រវាង​ភាគី​ទាំង​ ២ ​នេះ​។ លោក​បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ គឺ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​គ្នា​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការអប់រំ​ដល់​សិស្សានុសិស្ស​នៅក្នុង​​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ក្រសួង​អប់រំ​កំពុង​តែ​បន្ត​ជំរុញ​ការអប់រំ​តាមបែប​ឌីជីថល​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​ធ្វើ​ការងារ​រួមគ្នា ដើម្បី​លើក​កម្ពស់​ការអប់រំ​នៅក្នុង​ប្រទេស​កម្ពុជា និង​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើឱ្យ​ប្រទេស​កម្ពុជា​រឹតតែ​មាន​ការរីកចម្រើន​ឡើង​ថែមទៀត​»​។

លោក​រដ្ឋមន្ដ្រី​បាន​បន្តថា ក្នុង​ខណៈពេល​ដែល​មាន​ការរីករាលដាល​នៃ​​ជំងឺ​កូវីដ​ ១៩​ នេះ ក្រសួង​អប់រំ​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់បែប​យ៉ាង​ដើម្បី​ថែរក្សា​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ និង​ធ្វើយ៉ាងណា​បន្ត​ផ្ដល់​ការអប់រំ​ពេញលេញ​ដល់​សិស្សានុសិស្ស​គ្រប់គ្នា ទាំង​នៅ​ទីក្រុង និង​ជនបទ​។ ​

លោក​ថា កាលៈទេសៈ​សង្គ្រាម​ជាមួយ​នឹង​​កូវីដ​ ១៩​ នេះ ក្រសួង​អប់រំ​បាន​បង្កើត​ឱកាស​ការអប់រំ​បែប​ឌីជីថល​ដោយ​​ជោគជ័យ ស្រប​ពេល​ដែល​ការអប់រំ​​តាមបែប​ឌីជីថល​នៅ​កម្ពុជា​បាន​ដើរ​មុខ​មុន​រយៈពេល​ ១០ ​ឆ្នាំ​។

ថ្លែង​នៅក្នុង​ពិធី​នោះ​ដែរ​លោក លី តៃសេង ចាងហ្វាង និង​អគ្គនាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៃ​ក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី បាន​លើកឡើង​ថា កន្លងមក​នេះ​ក្រុមហ៊ុន ផូស មេឌា ខូអិលធីឌី បាន និង​កំពុង​សហការ​ជាមួយ​វិស័យ​ផ្សេងៗ​មួយ​ចំនួន​នៅ​កម្ពុជា​ក្នុង​នោះ​មានដូចជា វិស័យ​ទីផ្សារ​មូលបត្រ​ជាដើម​។ ចំណែក​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​គឺ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វិស័យ​អប់រំ​គឺជា​វិស័យ​គន្លឹះ​មួយ​ក្នុង​ការលើកកម្ពស់​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាពរីកចម្រើន​។

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​​ការចូលរួម​គាំទ្រ​ដល់​ក្រសួង​អប់រំ ​ពិសេស​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​សង្កេត​ឃើញ​ថា មន្ដ្រី​រដ្ឋាភិបាល​មួយចំនួន​ហាក់​មិន​ហ៊ាន​និយាយ​​ជាមួយ​សារព័ត៌មាន​។ ប៉ុន្ដែ​ខ្ញុំ​គិតថា ពួកគេ​គួរ​និយាយ​ឱ្យ​បាន​ច្រើន​បន្តិច​ជាមួយ​សារព័ត៌មាន​ដើម្បី​ឱ្យ​សារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ​និង​ត្រឹមត្រូវ​ក្នុង​ការផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​»៕