ភ្នំពេញ៖ តាម​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង​កីឡា បាន​ចាប់​ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ចាប់​តាំង​ពី​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ជូន​បុគ្គលិក​អប់រំ​​សាធារណ: និង​ឯកជន ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​បាន​ចំនួន ១៦៨ ០០០ នាក់ នៅ​ទូទាំង ២៥ ខេត្ត-រាជធានី។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ០៩ ខែ​មេសា នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ ០១ ខែ​មេសា រហូត​ដល់​ពេល​នេះ ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ដូស​ទី១ មាន​ដំណើរ​ការ​រលូន និង​មិន​មាន​ហេតុការណ៍​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

លោក​បាន​បន្ត​ថា ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ផែនការ​នៃ​ការ​ចាក់​ដូសទី១ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ ០១ ដល់ ថ្ងៃទី ១០ ខែមេសា នេះ។

លោក រស់ សុវាចា បាន​ប្រាប់​ថា៖ «ផែនការ​នៃ​ការ​ចាក់​ដូស​ទី២ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី ១៥ ខែ​មេសា ដល់ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ខាង​មុខ»។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ ស្ថិត​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​ចូលរួម​សហការ​រៀបចំ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង រវាង​ក្រុម​ការងារ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គភាព​ក្រោម​ឱវាទ រួម​ទាំង​ក្រុម​ការងារ​ក្រសួង​សុខាភិបាល ក្រុម​ការងារ​គ្រូពេទ្យ TYDA ក្រុម​ការងារ​គ្រូពេទ្យ ស.ស.យ.ក ក្រុម​ការងារ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ការងារ​វិស័យ​ឯកជន។

បើ​តាម លោក រស់ សុវាចា នៅ​រាជធានី​ភ្នំពេញ​មាន​បុគ្គលិក​អប់រំ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ប្រមាណ ៣ ម៉ឺន​នាក់។ គិត​ត្រឹម​ថ្ងៃទី ០៩ ខែ​មេសា នេះ អ្នក​ទទួល​បាន​ដូស​ទី១ មាន​ចំនួន​សរុប​ប្រមាណ ៩០% នៃ​ចំនួន ៣ ម៉ឺន​នាក់​នេះ។

គិត​ត្រឹម​ថ្ងៃទី ០៨ ខែ​ មេសា ឆ្នាំ ២០២១ នេះ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ជូន​មន្រ្តី​រាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​សរុប​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ៨១៥ ៩៧៤ នាក់៕