ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងឲ្យដឹងកាលពីម្សិលមិញដោយព្រមានថា ក្រសួងនឹងលុបឈ្មោះសិស្សានុសិស្សណាដែលបានប្រព្រឹត្ត និងបង្កបក្ខពួកប្រើអំពើហិង្សាទៅលើសិស្សានុសិស្សដទៃទៀតនៅក្នុងសាលា បើសិនជាពួកគេមិនរាងចាលក្រោយពីទទួលបានការអប់រំចំនួន ២ ដង។
ការដាក់ចេញវិធានការព្រមានបែបនេះបានធ្វើឡើង បន្ទាប់ពីមានសកម្មភាពរបស់សិស្សានុសិស្សបានបង្កើតបក្ខពួកបង្កហិង្សាទៅលើសិស្សានុសិស្សដទៃទៀត ដោយអសីលធម៌រហូតដល់មានអ្នកបាត់បង់ជីវិត ហើយត្រូវបានបង្ហោះចែករំលែកជាសាធារណៈនៅក្នុងបណ្ដាញហ្វេសប៊ុកសង្គម។
កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ មានសិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២ នាក់បង្កអំពើហិង្សាដោយវាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងបាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ។ អំពើហិង្សានោះបានកើតនៅចំណុចផ្លូវ ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ខណៈមានករណីដោយឡែកមួយទៀត គឺក្មេងស្រីៗជាសិស្សានុសិស្សមួយក្រុមវ័យប្រមាណ ១៥ ទៅ ១៦ ឆ្នាំ បានវាយធ្វើបាបក្មេងស្រីម្នាក់នៅក្នុងសាលាផ្សារដើមថ្កូវ ហើយបានធ្វើការបង្ហោះចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយអាជ្ញាធរក៏មានវិធានការភ្លាមៗផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីចូលរួមពង្រឹងណែនាំដល់លោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់ឲ្យបន្តណែនាំ និងអប់រំសិស្សានុសិស្សអំពីក្រមសីលធម៌របស់សិស្សានុសិស្ស។
លោក សុវាចា បានឲ្យដឹងថា នាយកដ្ឋាននីតិកម្មដែលជាសេនាធិការក្រសួងអប់រំបានរៀបចំវិធានការជារួមផងដែរ ដោយកំណត់ចំពោះសិស្សានុសិស្សណាដែលប្រព្រឹត្តកំហុសលើកទី ១ នោះគណៈគ្រប់គ្រងសាលារៀននឹងត្រូវហៅមកទទួលការអប់រំ។
លោក សុវាចា បានថ្លែងថា៖ «ហើយក្នុងករណីដែលសិស្សានុសិស្សទាំងនោះបានប្រព្រឹត្តកំហុសលើកទី ៣ ដោយមិនរាងចាល គឺនឹងត្រូវលុបឈ្មោះ ចេញពីបញ្ចីសិក្សា»។
លោក រស់ សុវាចា ក៏បានអះអាងផងដែរថា ក្នុងករណីដែលសិស្សានុសិស្សប្រព្រឹត្តកំហុសពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីនោះ គឺស្ថិតលើសមត្ថកិច្ចរបស់អាជ្ញាធរចាត់ការតាមវិធានការ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា បញ្ហាដែលបានកើតឡើងនោះ គឺមិនអាចបន្ទោសភាគីណាតែម្ខាងបានទេ ព្រោះការដែលក្មេងភ្លើតភ្លើនហើយបានក្លាយទៅជាអ្នកបង្កហិង្សា គឺសុទ្ធមានកត្តាគួបផ្សំដែលធ្វើឲ្យបញ្ហាសីលធម៌សង្គមធ្លាក់ចុះយ៉ាងគំហុក។
លោកស្រី ថ្លែងថា៖ «សូម្បីតែការបង្រៀនសព្វថ្ងៃ មុខវិជ្ជាសីលធម៌មិនបានបង្រៀនសិស្សឲ្យបានដិតដល់ទេ និងមិនមានសម្រាប់ឲ្យសិស្សប្រឡងទៀត (មុខវិជ្ជាសីលធម៌)។ កត្តានេះក៏បានធ្វើឲ្យសិស្សបាត់បង់នូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការរស់នៅផងដែរ ហើយធ្វើឲ្យសីលធម៌នៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះយ៉ាងគំហុក។ ខ្ញុំសូមឲ្យគ្រប់ភាគីគិតឡើងវិញ។ យើងត្រូវធ្វើជាគំរូសម្រាប់ក្មេងៗដែលគាត់នឹងធ្វើតាម។ បើយើងជាថ្នាក់ដឹកនាំ ឬអាណាព្យាបាលធ្វើមិនល្អបែបនេះ ដូច្នេះពួកគេក៏ធ្វើតាម»៕