ភ្នំពេញៈ អត្រាពិតប្រាកដនៃការសិក្សារបស់សិស្សនៅបឋមសិក្សាសាធារណៈ និងនៅគ្រឹះស្ថានឯកជន សិស្សមានចំនួន ៩៨ ភាគរយ ដែលបានចូលសិក្សា ដែលចំនួននេះ ស្ថិតក្នុងស្ដង់ដានិងក្នុងកម្រិតប្រហាក់ប្រហែលប្រទេសក្នុងតំបន់។ នេះបើតាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសន្និបាតបូកសរុបការងារ កាលពីម្សិ មិញ។
ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៨-២០១៩ ថ្ងៃទី ២៥ មីនា លោក ហង់ ជួនណារ៉ុន ថ្លែងថា តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្ដល់គ្រូ ជាពិសេស ការផ្ដល់ថវិកាដំណើរការសាលារៀន ការផ្ដល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ សិស្សនារីជាដើម បានបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំ។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្ន កុមារអាយុ៥ឆ្នាំបានចូលរៀននៅមត្ដេយ្យសិក្សាគ្រប់រូបភាព ៦៣,១ ភាគរយ កុមារី ៦៨,៥ ភាគរយ»។
លោករដ្ឋមន្រ្ដីបានបង្ហាញថា សិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជន ពីមត្ដេយ្យសិក្សា ដល់មធ្យមសិក្សាមានចំនួន ៣ ៥៦៧ ១០៥ នាក់ ស្រី ១ ៧៦៦ ៣៧៩ នាក់ ស្មើនឹង ៤៩,៥ ភាគរយ។
ឯគ្រឹះស្ថានឧត្ដមសិក្សាទូទាំងប្រទេស លោករដ្ឋមន្រ្ដីបានបង្ហាញថា មានចំនួន ១២៥ កន្លែង ក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមាន ៤៨ កន្លែង និងឯកជនចំនួន ៧៧ គ្រឹះស្ថានឧត្ដមសិក្សាផងដែរ។ លោកឲ្យដឹងថា និស្សិតកំពុងសិក្សានៅឧត្ដមសិក្សាមានចំនួន ២១១ ៤៨៤ នាក់ ស្រី ៩៨ ៦៣០ នាក់ ស្មើនឹង ៤៦,៦៣ ភាគរយ ក្នុងនោះនិស្សិតបរទេសអាហារូបករណ៍ ១៥៨ នាក់ ស្រី ៦០ នាក់ ស្មើនឹង ៣៧,៩៧ ភាគរយ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័ត កម្មវិធីសិក្សាលម្អិតគ្រប់មុខវិជ្ជាគ្រប់ភូមិសិក្សា លើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្រិតមូលដ្ឋានឆ្ពោះទៅបរិញ្ញាបត្រ បញ្ជូនគ្រូឧទ្ទេសចូលរួមកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ផ្នែកកម្មវិធីសិក្សា សៀវភៅសិក្សាគោល វិធីសាស្រ្ដបង្រៀន វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM) និងការគ្រប់គ្រងសាលាជាដើម។
ដោយឡែក ចំពោះការអភិវឌ្ឍយុវជន លោករដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួងអប់រំ បានធ្វើបច្ចុប្បន្នភាពក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ដើម្បីជំរុញចលនាបីល្អរបស់កុមារ ដែលបានជះឥទ្ធិពលជាវិជ្ជមានដល់សិស្សានុសិស្ស គណៈគ្រប់គ្រងសាលា និងគណៈកម្មការទ្រទ្រង់សាលា។
លោកបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាយុវជនបានជួយការងារស្វ័យគ្រប់គ្រងសាលា គាំទ្រក្លិបក្រុមប្រឹក្សាយុវជន ក្លិបសិក្សា និងជួយសិស្សប្រឡងថ្នាក់ទី ១២»។
លោកបានលើកឡើងទៀតថា ក្រសួងក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញយុវជនផ្សារភ្ជាប់នឹងសង្គម ពង្រឹងសកម្មភាពសមាគមនិស្សិត និងលើកទឹកចិត្ដឲ្យយុវជនរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ ធ្វើអនាម័យបរិស្ថានតាមសាលារៀន និងទីសាធារណៈ ចូលរួមក្នុងកម្មវិធីមនុស្សធម៌ជួយជនរងគ្រោះដោយមហន្ដរាយធម្មជាតិផងដែរ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលបានចូលរួមក្នុងអង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដែលក្រសួង និងដៃគូអភិវឌ្ឍន៍ បានរួមគ្នាសម្រេចកិច្ចការធំៗដូចជា បន្ដបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត ជាពិសេសការអប់រំកម្រិតមូលដ្ឋានរបស់សិស្ស ការពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រជាដើម។
លោកបានបន្ដថា៖ «ខ្ញុំគាំទ្រកំណែទម្រង់នៅកម្រិតសាលារៀនដោយឈរលើទស្សនាទាន ការគ្រប់គ្រងតាមសាលារៀន។ ប៉ុន្ដែយើងត្រូវរៀបចំក្របខ័ណ្ឌច្បាប់លិខិតបទដ្ឋាន គោលនយោបាយ កម្មវិធីសិក្សាស្ដង់ដារ និងរង្វាស់គណនេយ្យភាពឲ្យបានសព្វគ្រប់ និងត្រូវអនុវត្ដនៅតាមសាលារៀន ដែលមានសក្ដានុពលគ្រប់គ្រាន់ ព្រមទាំងពង្រីកជាជំហានៗ»។
លោកបន្ថែមថា៖ «គុណភាពអប់រំកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិត និងគ្រូបង្រៀន។ ដូច្នេះ យើងគួរបន្ដយកចិត្ដទុកដាក់ លើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន តាមរយៈការងារបណ្ដុះបណ្ដាល និងពង្រាយគ្រូឲ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ជាពិសេសរកមធ្យោបាយនានា លើកទឹកចិត្ដគ្រូបង្រៀននៅតំបន់ដាច់ស្រយាល និងជួបការលំបាក»។
លោក ប៊ិន ឈិន បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា គួរបន្ដខិតខំ ប្រមូលកុមារដល់វ័យសិក្សា កុមារលើសអាយុសិក្សា កុមារ និងយុវជនបោះបង់ការសិក្សា និងនៅក្រៅសាលារៀន មកទទួលសេវាអប់រំ ឬការបណ្ដុះបណ្ដាលជំនាញខ្លីៗ ប្រកបដោយសមធម៌ និងគ្មានការរើសអើង ជាពិសេសការបំពាក់បំប៉នជំនាញតាមគោលនយោបាយ «យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
គួរបញ្ជាក់ថា សន្និបាតបូកសរុបការងារ ក្នុងឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំថ្មីនេះ ធ្វើឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៧ ខែ មីនា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។
សន្និបាតបូកសរុបការងារនេះ ធ្វើឡើងដើម្បីពិនិត្យឡើងវិញ អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពនយោបាយយុទ្ធសាស្ត្រកម្មវិធី អនុវត្តកម្មវិធី របស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ការបំពេញការងាររបស់អនុវិស័យ ការអនុវត្តកម្មវិធីកំណែទម្រង់ ១៥ ចំណុច និងធ្វើការពិគ្រោះយោបល់លើប្រធានបទ និងគោលនយោបាយអាទិភាពមួយចំនួន ព្រមទាំងផ្តល់អនុសាសន៍គន្លឹះ សម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ ២០២០ របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕