ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​បន្ត​ពន្យារពេល​ការបើក​សាលារៀន និង​ការប្រឡង​បាក់ឌុប​រហូតដល់​ចុង​ឆ្នាំ​ ២០២០ ដើម្បី​ចូលរួម​ទប់ស្កាត់​រលក​ទី​ ២ នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ខណៈ​បច្ចុប្បន្ន​សិស្ស​ប្រហែល​ ៥០% ​ក្នុង​ចំណោម​សិស្ស​សរុប ៣ ​លាន​នាក់​ទូទាំង​ប្រទេស​មិន​ទាន់​ទទួលបាន​ការសិក្សា​ពេញលេញ​តាម​ប្រព័ន្ធ​ឌីជីថល​។

នេះ​បើតាម​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការបើក​ការដ្ឋាន​ជួសជុល និង​កែលម្អ​អគារ​ «​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ​» ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។

លោក​ថ្លែង​ថា ជំហរ​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន ព្រោះ​មិន​ចង់​ឱ្យ​សង្គ្រាម​កូវីដ​១៩ នេះ​ផ្ទុះ​ឡើង​ម្ដង​ទៀត​នៅ​កម្ពុជា​ឡើយ​។ លោក​ថា កម្ពុជា​ទើប​តែ​ទទួល​បាន​សន្តិភាព ២០ ឆ្នាំ​។ ដូច្នេះ ២០ ​ឆ្នាំនេះ​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ធំធេង​ណាស់​។ បើសិន​ជា​មាន​ករណី​ផ្ទុះឡើង​ជំងឺ​កូវីដ ​១៩ នឹង​ធ្វើឱ្យ​ប្រទេស​ដើរ​ថយក្រោយ ១០ ​ទៅ​ ២០ ​ឆ្នាំ​។ ​«​យើង​ចាំមើល​បន្តិច​ទៀតថា តើ​ស្ថានភាព​វា​យ៉ាងម៉េច​។ យើង​ចាំ​មើលថា តើ​ប្រទេស​ដែល​គេ​បើក​សាលា​វា​យ៉ាងម៉េច វា​មាន​បញ្ហា​អ្វីខ្លះ​។ យើង​ចូលរៀន​យឺត វា​មិន​អី​ទេ ជា​ជាង​យើង​ធ្វើ​ដោយ​ប្រថុយប្រថាន​។ នេះ​ជា​ជំហរ​របស់​សម្ដេចតេជោ នាយករដ្ឋមន្ដ្រី​»​។

បើតាម​លោក​រដ្ឋមន្ដ្រី ក្រសួង​អប់រំ​បាន​រៀបចំ​យុទ្ធសាស្ត្រ​រួចហើយ ចំពោះ​ការរៀបចំ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​។ លោក​ថា បើ​បើក​សាលារៀន​វិញ គឺ​ចាប់ផ្ដើម​ដំណើរការ​ពី​សាលា​ដែលមាន​ស្ដង់ដា​ខ្ពស់​។ ប៉ុន្ដែ​សាលា​ដែល​មាន​សិស្ស​កកកុញ​មិន​អាច​អនុវត្ត​បាន​ទៅតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ឬ​ក៏​អង្គការ​សុខភាព​ពិភពលោក​គឺ​មិន​អាច​អនុញ្ញាត​ឱ្យ​បើក​វិញ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ចាប់ពី​ពេល​នេះ​រហូតដល់​ចុង​ឆ្នាំ ២០២០ សល់​ពេល​ប្រមាណ​ ៥ ​ខែ ដូច្នេះ​បើ​យើង​ចាំ​បន្តិច ហើយ​ដំណើរការ​ជា​ជំហានៗ​ទាល់តែ​សាលារៀន​អាច​អនុវត្ដ​បាន​នូវ​ស្ដង់ដា​ដូច​នៅ​ប្រទេស​គេ​ទៀត​»​។ លោក​បន្ថែម​ថា​នៅពេល​ដែល​ក្រសួង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ គឺ​ត្រូវតែ​អនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នេះ​ជា​លក្ខខណ្ឌ​ចាំបាច់​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បន្ត​ឱ្យមាន​ការបង្រៀន​តាមបែប​ចម្រុះ​ទាំង​ការរៀន​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​នៅ​រៀន​ក្នុង​ថ្នាក់រៀន​។ នៅពេល​ដែល​យើង​ឃើញថា ស្ថានភាព​ជំងឺ​កូវីដ​ទៅជា​ធម្មតា​វិញ​ហើយ ទើប​យើង​ឱ្យ​បង្រៀន​នៅក្នុង​ថ្នាក់រៀន​ឱ្យ​កាន់តែ​ច្រើន​»​។

បើ​តាម​លោក​រដ្ឋមន្ដ្រី សិស្ស​នៅតាម​សាលារៀន​ចំណេះដឹង​ទូទៅ​របស់​រដ្ឋ​ទាំងអស់​មាន​ ៣ លាន​នាក់​។ លោក​បញ្ជាក់ថា​៖ «​ក្នុង​ចំណោម​សិស្ស​ ៣ ​លាន​នាក់​នេះ​សិស្ស​ប្រមាណ​ ១,៥ លាន​នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​សេវា​ការសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​ (​អនឡាញ​)​។ ចំណែក​សិស្ស​ ១,៥ ​លាន​នាក់​ទៀត គាត់​ត្រូវ​ពឹង​ទៅលើ​ការសិក្សា​តាម​សៀវភៅ​គោល​សិក្សា​របស់​ក្រសួង​អប់រំ​»​។

ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ៨ ខែ​ មេសា ឆ្នាំ​ ២០២០ បានចេញ​សេចក្ដី​ណែនាំ​មួយ​ស្ដីពី​ការពន្យារពេល​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​បាន​ណែនាំ​ថា​៖ «​ពន្យារពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ដែល​ក្រសួង​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ (​ចន្លោះ​ពី​ថ្ងៃ​) ​ទី​ ៣ ខែសីហា​ ដល់​ថ្ងៃទី​ ១០ ​ខែ​ សីហា ឆ្នាំ​ ២០២០ និង​ពន្យារពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ (​ចន្លោះ​ពីថ្ងៃ​) ​ទី ​១៧ ខែ​ សីហា ឆ្នាំ​ ២០២០ ​ដល់​ថ្ងៃទី​ ៩ ខែ​ កញ្ញា ឆ្នាំ​ ២០២០»៕

វីដេអូ៖