ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​កំណត់​យក​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២០ ជា​កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ឲ្យ​ការរៀបចំ​ការប្រឡង​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​គុណភាព និង​ក្នុង​ស្មារតី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

សេចក្តី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២ ខែកញ្ញា​ឲ្យ​ដឹងថា ដោយសារ​តែ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​សាលារៀន​ទូទាំង​ប្រទេស​សម្រេច​បិទទ្វារ​បណ្តោះអាសន្ន ហើយ​ការប្រឡង​ក៏​ត្រូវបាន​ពន្យារពេល​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន ហើយ​ក៏​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រសួង​អប់រំ សម្រេច​កំណត់​យក​ថ្ងៃទី ២១ ធ្នូ ជា​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

សេចក្តី​ណែនាំ​បញ្ជាក់​ថា​៖ «​នៅ​ថ្ងៃទី ១៧ ​ខែ​ធ្នូ​ពេល​រសៀល​ប្រជុំ​ណែនាំ​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន​មណ្ឌល​សំណេរ​របស់​ក្រសួង​នៅ​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​ ១៨ ​ខែ​ធ្នូ គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំរាជធានី​ខេត្ត ប្រជុំ​ណែនាំ​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស ដឹក​ហិប​វិញ្ញាសា​ទៅ​ផ្ញើ​នៅ​អាជ្ញាធរ​ដែនដី តាម​រាជធានី-ខេត្ត​»​។

ចំណែក​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា​ប្រឡង បទប្បញ្ញត្តិ​ប្រឡង ប្លង់​បន្ទប់ ស្លាក​លេខ​បន្ទប់​នៅ​តាម​បន្ទប់​ប្រឡង និង​ឯកសារ​ផ្សេងៗ​ទៀត​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃទី​ ២០ ខែធ្នូ​។ ក្រសួង​អប់រំ​ឲ្យ​ដឹង​ទៀតថា ដំណើរការ​កំណែ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ៣០ ខែធ្នូ​ នៅ​តាម​មណ្ឌល​កំណែ​ប្រមូលផ្តុំ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ការផ្ទៀងផ្ទាត់​កំណែ​វិញ្ញាសា និង​ការប្រកាស​លទ្ធផល​ប្រឡង​អាច​នឹងត្រូវ​បន្ត​រហូតដល់​ពាក់កណ្តាល​ខែ មករា ឆ្នាំ ២០២១​។

លោក ហង់ជួន ណារ៉ុន បាន​ធ្វើការ​ណែនាំ​ពី​ការប្រឡង​យ៉ាង​ដូច្នេះ​ថា មុន​ថ្ងៃ​ប្រឡង​មកដល់​ប្រធាន​មន្ទីរអប់រំ រាជធានី -ខេត្ត ត្រូវ​ធ្វើសំណើ​មកកាន់​ក្រសួង​អប់រំ ដើម្បី​រៀបចំ​មណ្ឌល​ប្រឡង​តែ​ ១ ក្នុង​គ្រឹះស្ថានសិក្សា​តែ​ ១ ហើយ​ត្រូវធ្វើ​ការបែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ និង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។

លោក​បន្តថា ក្រៅពី​នេះ​នៅតាម​មណ្ឌល​ប្រឡង គឺ​ត្រូវ​រៀបចំ​បេក្ខជន​ប្រឡង​ចំនួន ២៥ ​នាក់​ ក្នុង​ ១ ​បន្ទប់ ហើយ​ ១ ​មណ្ឌល​ត្រូវ​មាន​បន្ទប់​ចាប់ពី ២០ ទៅ ២៥ ​បន្ទប់ លើកលែងតែ​ខេត្ត​ដែល​មាន​ចំនួន​បេក្ខជន​តិច ដែល​អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

លោក​បញ្ជាក់ថា​៖ «​រៀបចំ​បន្ទប់​ប្រឡង​បម្រុង​ចំនួន ២ ​បន្ទប់​បន្ថែមទៀត​ក្នុង​ ១ ​មណ្ឌល​ដោយ​ ១ ​បន្ទប់​ សម្រាប់​បេក្ខជន​ដែលមាន​កម្តៅ​លើសពី ៣៨ អង្សាសេ និង​ ១ ​បន្ទប់​ទៀត​សម្រាប់​បំពាក់​សម្ភារ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម​។ ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ដើម្បី​វាស់​កម្តៅ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ជូន​ដល់​បេក្ខជន​នៅពេល​បេក្ខជន​ពិនិត្យ​ឈ្មោះ មុន​ដំណើរ​ការប្រឡង​»​។

លោក ប៉ិច រតនា ប្រធាន​មន្ទីរអប់រំ ខេត្ត​ឧត្តរមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ខេត្ត​របស់​លោក​បាន​ប្រជុំ​ត្រៀម​រួចជាស្រេច ដើម្បី​បើក​ដំណើរការ​សាលា​ទូទាំង​ខេត្ត​នៅ​ថ្ងៃទី​ ៧ ខែកញ្ញា ដែល​ផ្តោត​សំខាន់​ទៅលើ​ការសិក្សា​របស់​សិស្សានុសិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២​។ ចំពោះ​ការប្រឡង​ក៏​ដូចគ្នា​ដោយ​ខេត្ត​បាន​ត្រៀម​មណ្ឌល​ប្រឡង​ចំនួន​ ៣ ​រួចជាស្រេច ដែល​មាន​ ២០ ​បន្ទប់​ក្នុង​ ១ ​មណ្ឌល សម្រាប់​បេក្ខជន​ប្រឡង​ថ្នាក់​ទី​ ១២ ​ដែល​មាន​បេក្ខជន​ប្រឡង​ជាង​ ១៤ ០០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ដំណាក់កាល​នេះ យើង​ចាប់ផ្តើម​រៀន​រំឭក​ពី​មេរៀន​ខ្លះៗ​ពី​ឆមាស​ទី​ ២ ​ទៅ​ឡើងវិញ​ពី​ពេលនេះ​រហូតដល់​ចុងឆ្នាំ ហើយ​យើង​ត្រៀម​ពី​ដើម​ខែ​ធ្នូ ដល់​ថ្ងៃទី​ ២១ ខែធ្នូ​ដែល​ត្រូវ​ប្រឡង​នេះ ដើម្បី​ពង្រឹងស្មារតី​សិស្ស​»​។

ដោយសារ​តែ​ការសិក្សា​ក្នុង​ពេល​នេះ​មាន​រយៈពេល​ខ្លី​ជាង​ឆ្នាំ​ធម្មតា​លោក ប៉ិច រតនា លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​សូម​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត និង​ថែរក្សា​សុខភាព​ជា​ចម្បង​ដោយ​ចៀសវាង​ពី​ជំងឺឆ្លង ដោយ​លោក​បាន​បញ្ជាក់​ថា ការថែរក្សា​សុខភាព​បាន​ល្អ នឹង​អាច​ឲ្យ​សិស្សានុសិស្ស​ឆ្លង​ផុត​បាន​យ៉ាង​ងាយ​ក្នុង​ការប្រឡង​នាពេល​ខាងមុខនេះ​៕