ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បានថ្លែងថា ក្រសួងនឹងរៀបចំកន្លែងលាងដៃឱ្យបានយ៉ាងតិច ២០០ កន្លែង ក្នុង ១ ឆ្នាំដើម្បីធ្វើយ៉ាងណាឱ្យនៅតាមគ្រឹះស្ថានទាំងអស់នៅទូទាំងប្រទេសមានកន្លែងលាងដៃចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់អនាម័យដែលជាការចាំបាច់ក្នុងការថែរក្សាសុខភាព។
លោករដ្ឋមន្ត្រីបានថ្លែងដូចនេះនៅក្នុងទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទជំងឺកូវីដ ១៩ ក្រោមប្រធានបទ «លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា Washing Hands for All» ដែលប្រព្រឹត្តពីថ្ងៃទី ១៧ តុលា ឆ្នាំ ២០២០ ក្នុងវិទ្យាល័យពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានការចូលរួមពីមន្ត្រីក្រសួង មន្ទីរ តំណាងអង្គការដៃគូអភិវឌ្ឍន៍លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងសិស្សានុសិស្សជាច្រើនរូប។
លោក ហង់ជួន ណារ៉ុន បានលើកឡើងថា៖ «ធ្វើយ៉ាងណាត្រូវសាងសង់កន្លែងលាងសម្អាតដៃយ៉ាងតិច ២០០ ក្នុង ១ ឆ្នាំ ដើម្បីឱ្យសាលាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានកន្លែងលាងដៃពីពេលនេះដល់ឆ្នាំ ២០២៥ ដើម្បីឱ្យយើងមានកន្លែងលាងសម្អាតដៃហើយដើម្បីធ្វើយ៉ាងណាលើកកម្ពស់សុខភាពអនាម័យតាមគ្រឹះស្ថានសិក្សា។
ការលាងសម្អាតដៃគឺជាការចាំបាច់ក្នុងការថែរក្សាសុខភាព»។
ទិវាពិភពលោកលាងសម្អាតដៃ (Global Hand Washing Day លើកដំបូង ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៨ នៅទូទាំងពិភពលោក។ បច្ចុប្បន្នត្រូវបានគេកំណត់យកថ្ងៃទី ១៥ ខែតុលា ធ្វើជាថ្ងៃប្រារព្ធធ្វើទិវានេះជាផ្លូវការ។
ទិវានេះ គឺជាថ្ងៃដ៏សំខាន់មួយ ដើម្បីគាំទ្រ និងក្រើនរំឭកដល់សាធារណជនឱ្យចូលរួមលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អាតដៃនឹងសាប៊ូ និងជាការបំផុសឱ្យមានការផ្លាស់ប្តូរចាប់ពីកម្រិតគោលនយោបាយរហូតដល់កម្រិតអ្នកអនុវត្តសកម្មភាពនៅតាមសហគមន៍។
ប្រធានបទសម្រាប់ទិវាពិភពលោកលាងសម្អាតដៃឆ្នាំ ២០២០ នេះគឺស្របនឹងបរិបទថ្មីដែលបានដឹកនាំអនុវត្តដោយក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ក្នុងបរិបទជំងឺកូវីដ១៩នេះ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ការលាងដៃជាមួយនឹងសាប៊ូ ជាវិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ពិសេសការរាតត្បាតនៃមេរោគកូវីដ១៩។ ដូចនេះការលាងដៃនឹងសាប៊ូត្រូវតែជាអាទិភាពមួយនៅពេលបច្ចុប្បន្ននេះ និងទៅអនាគត។ យើងលាងសម្អាតដៃសម្រាប់ទាំងអស់គ្នា ដើម្បីឱ្យសង្គមទាំងមូលចូលរួមរក្សាអនាម័យដៃជាសកល»។
បើតាមលោក ហង់ជួន ណារ៉ុន ការលាងដៃនឹងសាប៊ូជួយកាត់បន្ថយការឆ្លងជំងឺមួយចំនួនដូចជា ជំងឺរាករូសបាន ៥០ ភាគរយ ជំងឺផ្លូវដង្ហើមបាន ២៣ ភាគរយ និងជំងឺរាតត្បាតដែលជាភ្នាក់ងារបង្កជំងឺដូចជា ជំងឺអាសន្នរោគ អេបូឡា ជំងឺស៊ីហ្ក័រឡូសស៊ីស (shigellosis) ជំងឺសារ (SARS) និងជំងឺរលាកថ្លើមប្រភេទ E ទៀតផង។
លោកបានបញ្ជាក់ថា៖ «ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សានាពេលនេះគឺជាការជួយជំរុញបន្ថែមទៀតសម្រាប់ចូលរួមដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅឆ្នាំ ២០២៥...ការលាងសម្អាតដៃនេះ...កាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភដែលតែងកើតឡើងចំពោះកុមារដោយគ្រាន់តែលាងដៃនឹងសាប៊ូ»។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានស្នើឱ្យគ្រឹះស្ថានដែលមិនទាន់មានកន្លែងលាងសម្អាតដៃត្រូវចលនារកប្រភពធនធានដើម្បីសាងសង់ឱ្យបាន និងចាត់តាំងឱ្យសិស្សអនុវត្តការលាងសម្អាតដៃនៅគ្រប់វេនសិក្សា។
ទីប្រឹក្សាគម្រោងអនាម័យគំរូតាមសាលារៀនអង្គការ GIZ លោក ម៉េង គឹមសាន បានថ្លែងក្នុងទិវានេះថា អត្រាលាងសម្អាតដៃក្រោយប្រើប្រាស់បង្គន់ទូទាំងពិភពលោកមានតែ ១៩ ភាគរយ ឬមានតែម្នាក់ក្នុងចំណោម ៥ នាក់ប៉ុណ្ណោះ ដែលបានលាងដៃជាមួយសាប៊ូ។
លោកបានបន្តថា ប្រសិនបើអត្រាលាងសម្អាតដៃនៅតែមានកម្រិតទាបបែបនេះ នោះករណី និងហានិភ័យនៃការចម្លងរោគរាករូស និងជំងឺផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ១៩នឹងមានសភាពធ្ងន់ធ្ងរទូទាំងពិភពលោកក្នុងនោះរួមទាំងកម្ពុជាផងដែរ។
លោក ម៉េង គឹមសាន បានបញ្ជាក់ថា៖ «ដើម្បីរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩តាមសាលារៀន បច្ចុប្បន្នក្រុមការងារគម្រោងអនាម័យគំរូតាមសាលារៀនកំពុងខ្នះខ្នែងរៀបចំទម្លាក់កញ្ចប់ថវិកាបន្ថែមប្រមាណ ១២៥ ០០០ ដុល្លារ បន្ថែមទៀតទៅខេត្តគោលដៅទាំង ៥ របស់ខ្លួនរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី តាមរយៈមន្ទីរអប់រំ ដើម្បីសាងសង់បរិក្ខារលាងសម្អាតដៃ និងផ្តល់នូវសម្ភារអនាម័យនានាសម្រាប់សាលារៀន ដែលពុំទាន់មានសម្ភារបរិក្ខារគ្រប់គ្រាន់»។
លោកថា ក្នុងនាមដៃគូអភិវឌ្ឍន៍គម្រោងអនាម័យគំរូតាមសាលារៀននៃអង្គការ GIZ នៅតែប្តេជ្ញាបន្តជួយគាំទ្រទាំងស្មារតី បច្ចេកទេស និងហិរញ្ញវត្ថុតាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកកម្ពស់កម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀនរហូតដល់ចុងបញ្ចប់នៃគម្រោង។
បើតាមលោក ម៉េង គឹមសាន ចាប់ពីឆ្នាំ ២០១៩-២០២០ នៃគោលការណ៍អនុវត្តលក្ខខណ្ឌអប្បបរមាស្តីពីទឹកស្អាត និងអនាម័យតាមសាលារៀនគឺមានសាលារៀនចំនួន ៣ ៦៣២ មានបរិក្ខារលាងសម្អាតដៃទោល (ឬស្ថិតនៅកម្រិតផ្កាយ ១) និងសាលារៀនចំនួន ២៣៦៧ មានបរិក្ខារលាងសម្អាតដៃជាក្រុម (ឬស្ថិតនៅកម្រិតផ្កាយ ២ និងផ្កាយ ៣)៕
វីដេអូ៖