ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ឱ្យ​បេក្ខជន​ដែល​ត្រូវ​បានឱ្យ​ជាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ឆ្នាំនេះ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់ ប្រញាប់​រួសរាន់​ទៅ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា ខណៈ​ឆ្នាំនេះ គ្រឹះស្ថាន​ឧត្ដមសិក្សា​រដ្ឋ​ និង​ឯកជន​ចំនួន​ ៣៩ គ្រឹះស្ថាន បានផ្ដល់​អាហារូបករណ៍​ ១០០ ​ភាគរយ​ដល់​សិស្ស​ចំនួន ៩ ១៣០ ​នាក់​។

បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ​ក្នុង​ចំណោម​អាហារូបករណ៍ ១០០ ​ភាគរយ ចំនួន​ ៩ ១៣០ ​នាក់​នោះ​ ក្រសួង​បាន​បែងចែក​ជា​ ៤ ​អាទិភាព​សំខាន់ៗ​ក្នុង​នោះ​បាន​ផ្ដល់​អាទិភាព​ដល់​សិស្ស​នារី​ចំនួន ១ ៣២៤ ​នាក់ សិស្ស​ក្រីក្រ​ចំនួន ១ ៧៣៨ នាក់​ សិស្ស​នៅ​តំបន់​ដាច់ស្រយាល​ចំនួន​ ៥៧៨ ​នាក់​ និង​សិស្ស​ទូទៅ​ចំនួន ៥ ៤៩០ ​នាក់​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​សូម​បេក្ខជន​ប្រញាប់​រួសរាន់​ទៅ​ដាក់ពាក្យ​នៅតាម​គ្រឹះស្ថានឧត្ដមសិក្សា ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​សិក្សា​ ២០២០-២០២១ នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​ប្អូនៗ​បានស្នើ​មុខជំនាញ​ទី​ ១ ​កន្លង​មក​»​។ លោក​បញ្ជាក់ថា ក្នុងករណី​បេក្ខជន​មាន​ការយឺតយ៉ាវ គ្រឹះស្ថាន​ឧត្តមសិក្សា​នឹង​ពិនិត្យ​សំណើសុំ​អាហារូបករណ៍​របស់​បេក្ខជន​បម្រុង​ផ្សេងទៀត​។

បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ចំពោះ​សិស្ស​ដែល​ជាប់​ចំណាត់ថ្នាក់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​អក្សរសាស្ដ្រ​ខ្មែរ​ដែល​ក៏​ត្រូវបាន​ឲ្យ​ជាប់​បាក់ឌុប​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ឆ្នាំ​ ២០២០ ​ដែរ​នោះ​មាន​សិទ្ធិ​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្ថិ​ចំនួន​ ១ ​មុខជំនាញ​ប្រសិន​បើ​ពួកគេ​ជ្រើសរើស​យក​មុខ​ជំនាញ​ដែល​ត្រូវ​នឹង​មុខវិជ្ជា​ពូកែ​ដែល​ពួកគេ​បាន​រៀន​។

ចំពោះ​សិស្ស​ក្រីក្រ​ដែលមាន​ឪពុក ឬ​ម្ដាយ​ស្លាប់​ត្រូវ​ភ្ជាប់​សំបុត្រមរណភាព​របស់​ឪពុក​ ឬ​ម្ដាយ និង​ករណី​ឪពុកម្ដាយ​លែងលះ​គ្នា​ត្រូវ​ភ្ជាប់​សាលក្រម​តុលាការ​ស្ដីពី​ការផ្ដាច់​សង្វាស​។ ចំពោះ​សិស្ស​ដែល​មាន​ពិការភាព​ហើយ​បានដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​តាម​វិទ្យាល័យ​ដែល​ខ្លួន​បាន​រៀន​មាន​សិទ្ធិ​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្ដិ​ចំនួន​ ១ ​កន្លែង​លើ​មុខជំនាញ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការប្រឡង​។

រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃទី ៣០ ខែ​ធ្នូ​បាន​ជូនដំណឹង​ដល់​សិស្ស​ដែល​ត្រូវ​បានកំណត់​ឲ្យ​ជាប់​បាក់ឌុប​ទាំងអស់​រួសរាន់​ទៅ​ដាក់​ពាក្យ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​បេក្ខជន​ធ្លាប់បាន​ជ្រើសរើស​ពេល​កំពុង​សិក្សា​នៅ​វិទ្យាល័យ ដើម្បី​ទទួល​បាន​អាហារូបករណ៍​។

បើតាម​សេចក្ដី​ជូន​ដំណឹង​បេក្ខជន​ដែល​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ដើម្បី​ទទួលបាន​អាហារូបករណ៍​ចូលរៀន ថ្នាក់​បរិញ្ញាបត្រ មិន​បង់ថ្លៃ​សិក្សា ១០០ ​ភាគរយ​ នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​បេក្ខជន​បានដាក់​ពាក្យ​ស្នើសុំ​កន្លងមក​ (​ពេល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​ ១២) សូម​បេក្ខជន​ប្រញាប់​រួសរាន់​ទៅ​ដាក់ពាក្យ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​បេក្ខជន​បានជ្រើសរើស «​មុខជំនាញ​ទី​ ១» កន្លង​មក​។

ក្រសួង​អប់រំ​បាន​បញ្ជាក់ថា គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​នឹង​ធ្វើការ​ជ្រើសរើស​ទៅតាម​ចំនួន និង​ប្រភេទ​អាហារូបករណ៍​មាន​សិស្ស​ទូទៅ សិស្ស​ជា​នារី សិស្ស​ក្រីក្រ សិស្ស​មកពី​តំបន់​ជួប​ការលំបាក និង​សិស្ស​មាន​ពិការភាព (​ជាប់​ដោយ​ស្វ័យប្រវត្តិ​) ដូច​បានកំណត់​នៅក្នុង​សៀវភៅ​កម្រង ព័ត៌មាន​សម្រាប់​បេក្ខជន​ស្នើសុំ​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់​ថ្លៃ​សិក្សា​ ១០០ ​ភាគរយ នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ ២០២០-២០២១ ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក​។

ក្រសួង​បញ្ជាក់ថា ក្នុង​ករណី​បេក្ខជន​មិន​បាន​ទៅ​ដាក់ពាក្យ​ទាន់​ពេលវេលា នោះ​បេក្ខជន​នឹង​បាត់បង់​ឱកាស​ក្នុង​ការទទួល​បាន​អាហារូបករណ៍​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (CITA) លើកឡើង​ថា ក្រសួង​អប់រំ​គួរ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ទៅតាម​តម្រូវការ​ផ្ទាល់​របស់​គ្រឹះស្ថាន​ឧត្ដមសិក្សា​ដែល​ចង់បាន​សិស្ស​ចូលរៀន​។ ​លោកស្រី​បញ្ជាក់ថា​៖ «​បើ​អនុវត្ដ​បែបនេះ សិស្ស​គាត់​អាច​មាន​ភាពងាយស្រួល​ក្នុងការ​ស្នើសុំ ឬ​ជ្រើសរើស​អាហារូបករណ៍​នៅ​គ្រឹះស្ថានឧត្ដមសិក្សា​ដែល​ពួកគាត់​ចង់​រៀន​បន្ត​»៕

វីដេអូ៖