ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ និង​រៀបចំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ ដើម្បី​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២១-២២ ខែធ្នូ ខណៈ​បេក្ខជន​ដែល​នឹងចូលរួម​ប្រឡង​ឆ្នាំនេះ​មាន​ចំនួន ១២១ ២០១ ​នាក់ ​កើន​លើស​ឆ្នាំមុន​រហូតដល់​ជាង​ ៤ ០០០ ​នាក់​។

សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ចូលរួម​អង្កេតការណ៍​ក្នុងអំឡុងពេល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​ដែល​សម័យ​ប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២១-២២ ខែធ្នូ ឆ្នាំ​ ២០២០ ខាងមុខនេះ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​បាន​បន្ត​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រក្សា​គុណភាព​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​មួយចំនួន​ដូចជា ក្រសួងមហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​សុខាភិបាល​ជាដើម​។

លោក​ថ្លែងថា​៖ «​ក្រសួង​មហាផ្ទៃ​នឹង​បន្ត​ផ្តល់នូវ​កិច្ចសហការ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​បន្ត​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​បាក់ឌុប​នា​ឆ្នាំនេះ​។ ចំណែក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បន្ត​ចូលរួម​ត្រួតពិនិត្យ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​បាក់ឌុប​ដូច​ឆ្នាំ​កន្លង​មក​ដែរ​»​។

ចំណែក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ចូលរួម​បង្រៀន​បំប៉ន​បន្ថែម​ដល់​សិស្សានុសិស្ស ដែល​ជា​បេក្ខជន​ប្រឡង​ដូច​ឆ្នាំមុនៗ​កន្លងមក​ដែរ ហើយ​ក្រសួង​សុខាភិបាល​ផ្តល់​កិច្ចសហការ​តាមរយៈ​ការផ្តល់​មន្ត្រី​សុខាភិបាល​នៅតាម​មូលដ្ឋាន ឯ​ក្រសួង​អប់រំ​បន្ត​យន្តការ​ជំនួយការ​អប្បមាទ​ដូច​ឆ្នាំមុន​។

កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​បាន​បើក​សិក្ខាសាលា​ធ្វើការ​ផ្សព្វផ្សាយ​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​អប្បមាទ និង​ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស​ដើម្បីឱ្យ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ គឺជា​អ្នកដឹកនាំ​សិក្ខាសាលា​នេះ​ដោយផ្ទាល់​មាន​អ្នកចូលរួម​សរុប​ចំនួន​ ៩៥ ​រូប​ដែល​ពួកគាត់​ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត​។ ប្រធាន​គណៈមេប្រយោគ​ទាំងនោះ​រួមមាន នាយក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ចំនួន​ ២៥ ​រូប​គ្រូ​ចំនួន​ ២៣ ​រូប ប្រធាន​មន្ទីរ អប់រំ រាជធានី-ខេត្ត​ចំនួន​ ២៥ ​នាក់ និង​ក្រុមការងារ​ស្នូល​គ្រូឧទ្ទេស អ្នកសម្របសម្រួល និង​ជំនួយការ​ចំនួន​ ២២ ​រូប​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹងថា ជំនួយការ​អប្បមាទ​ទូទាំងប្រទេស​មាន​តួនាទី​ជា​សេនាធិការ ឱ្យ​ប្រធាន​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​ប្រឡង​លើ​ការត្រួតពិនិត្យ និង​សង្កេតមើល​ដំណើរការ​ប្រឡង​ប្រចាំ​មណ្ឌល​។ ជំនួយការ​អប្បមាទ​ទូទាំងប្រទេស​ត្រូវ​ជ្រើសរើស​ចេញពី​គរុសិស្ស និង​គរុនិស្សិត​ដែលមាន​ភាព​ហ្មត់ចត់ ស្មោះត្រង់ សុចរិតភាព ស្នាដៃ​ល្អ វាងវៃ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

លោក សុវាចា ​លើកឡើងថា​៖ «​ភារកិច្ច​ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស​ក្នុង​ដំណើរ​ការប្រឡង គោរព​តាមច្បាប់ លិខិតបទដ្ឋាន និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ គោរព​តាម​ការណែនាំ​របស់​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​​រាជធានី​-​ខេត្ត និង​ប្រធាន​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​»​។

ជំនួយការ​អប្បមាទ​ត្រូវ​ត្រួតពិនិត្យមើល ស្ថានភាព​ជុំវិញ​មណ្ឌល​ប្រឡង ច្រកចេញចូល​មណ្ឌល​ហើយ​ក្នុងពេល​ដំណើរការ​សំណេរ ជំនួយការ​អប្បមាទ ត្រូវ​ឈរ​នៅក្រៅ​បន្ទប់ មើល​ទៅ​ក្នុង​តាម​ទ្វារ​ និង​បង្អួច​។ ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស​មាន​សិទ្ធិ​រាយការណ៍​ពី​ភាពមិនប្រក្រតី ដល់​អ្នកមាន​សមត្ថកិច្ច ជាពិសេស​ប្រធាន​អប្បមាទ​ប្រចាំ​មណ្ឌល ប្រធាន អនុប្រធាន​មណ្ឌល អនុរក្ស និង​ឃ្លាំមើល​ចំណាត់ការ ប៉ុន្តែ​ពួកគេ​មិន​មាន​សិទ្ធ​យក​ទូរស័ព្ទដៃ​ ឬ​ឧបករណ៍​អេឡិចត្រូនិក កាបូប ឬ​សំពៀត​ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ​។

គណៈមេប្រយោគ​ និង​គណៈកម្មការ​នានា​នៅ​មណ្ឌល​សំណេរ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​​មធ្យមសិក្សា​ទុតិយភូមិ​ចែកចេញ​ជា​ ៧ ​គណៈកម្មការ គឺ​គណៈកម្មការ​កោសល្យវិច័យ គណៈមេប្រយោគ​ទូទាំងប្រទេស​មណ្ឌល​សំណេរ គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​មណ្ឌល​សំណេរ​ប្រធាន​អនុប្រធាន​មណ្ឌល​សំណេរ គណៈកម្មការ​កណ្តាល​មណ្ឌល​សំណេរ​, គណៈកម្មការ​ត្រួតពិនិត្យ​តាម​អគារ​ និង​គណៈកម្មការ​អនុរក្ស​។

បើតាម​តួលេខ​បណ្តោះអាសន្ន​របស់​ក្រសួង​អប់រំ បេក្ខជន​ដែល​ចូលរួម​ប្រឡង​សរុប​មាន​ចំនួន ១២១ ២០១ ​នាក់ (​កើន ៤ ១៥៨ ​នាក់​) ​ស្រី​ចំនួន ​៦៣ ៩៣៧ ​នាក់ ឯ​ចំនួន​មណ្ឌល​ប្រឡង​មាន​ ២៣៧ ​មណ្ឌល ​(​កើន​ ៣៥ ​មណ្ឌល​) និង​ចំនួន​បន្ទប់​មាន​ ៤ ៨៩១ ​បន្ទប់ (​កើន​ ១៦៧ ​បន្ទប់​)៕