ភ្នំពេញៈ ក្រសួង​អប់រំ​លើក​ពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ (​ឌីប្លូម​) ​និង​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​នៅ​ឆ្នាំនេះ ដោយ​មិនបាន​កំណត់​ពេលវេលា​នៃ​ការចាប់ផ្ដើម​វិញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ខណៈ​ដែល​ជំងឺ​នេះ​កំពុង​​រាតត្បាត​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។

ក្រសួង​អប់រំ​បានបញ្ជាក់​ក្នុង​សេចក្តីណែនាំ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​បន្ត​អនុវត្ត​កំណែទម្រង់​ការប្រឡង​គ្រប់​ប្រភេទ​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​»​។

តាម​ការគ្រោងទុក​ការរៀបចំ​ការប្រឡង​ឌីប្លូម​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ ៣ ដល់ទី​ ១០ ខែសីហា រីឯ​ការរៀបចំ​ការប្រឡង​បាក់​ឌុប​វិញ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៧ ខែសីហា ដល់​ថ្ងៃទី​ ៩ ខែកញ្ញា​។ ក្រសួង​នឹង​កំណត់ និង​ជូនដំណឹង​ពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​ទាំង​ ២ ​នេះ​នៅពេល​ក្រោយ​។

ក្រសួង​អប់រំ​បញ្ជាក់ថា កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង និង​ការផ្តល់​សំណុំលិខិត​ចុះឈ្មោះ​ប្រឡង​បាក់ឌុប​សម្រាប់​បេក្ខជន​គ្រប់​ប្រភេទ ទាំង Hard copy និង Soft copy ត្រូវបញ្ជូន​មកនាយកដ្ឋាន​កិច្ចការ​របស់​ក្រសួង​អប់រំ​តាម​កាលកំណត់​ដើម្បី​រៀបចំ​ការប្រឡង​នៅពេល​ក្រោយ​។

ក្រសួង​អប់រំ​បានបញ្ជាក់​ទៀតថា សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ធ្វើ​ស្វ័យសិក្សា​នៅតាម​ផ្ទះ​ដោយ​ប្រើប្រាស់​សៀវភៅ​សិក្សា​គោល និង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (E-learning) ដែល​មាន​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ​ដែល​មាន​ Youtube Facebook ​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក ប្រព័ន្ធ​ E-School Cambodia និង Wiki School​។

កម្មវិធី​រៀន​ទាំងនេះ​ក៏មាន​នៅលើ​ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទ​ដៃ Androi និង iOS និង​មានការ​ចាក់ផ្សាយ​តាម​ទូរទស្សន៍ ដូចជា​​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​ ១១ ទូរទស្សន៍ OneTV ប៉ុស្តិ៍​លេខ​ ៦ ទូរទស្សន៍​ខ្សែកាប SkyOne ប៉ុស្តិ៍​លេខ​ ៣៥ ទូរទស្សន៍ Wiki School TV ជាដើម និង​ពី​​ប្រភព​ផ្សេងៗ​ទៀត​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​មិន​បាន​បញ្ជាក់បន្ថែម​នោះ​ទេ​កាលពី​ថ្ងៃ​ពុធ តែ​លោក​សុំឱ្យ​យោងតាម​សេចក្តី​ណែនាំ​នេះ​។

ក្រសួង​អប់រំ​បានអនុញ្ញាត​ឱ្យ​បិទ​សាលារៀន​ចាប់ពី​មតេ្តយ្យសិក្សា​ដល់​ឧត្តមសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ចាប់ពី​ថ្ងៃទី​ ១៦ ខែ​មីនា​រហូតដល់​មាន​ការជូន​ដំណឹង​តាម​ក្រោយ បន្ទាប់ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

កាលពី​ថ្ងៃ​ពុធ​នេះ​ផងដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី​ការសិក្សា​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ក្រសួង​អប់រំ​បាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ពុធ​ថា ការផលិត និង​ផ្សព្វផ្សាយ​កម្មវិធីសិក្សា​នេះ​ក៏​ដើម្បី​ធានា​ឱ្យ​មាន​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌ ជាពិសេស​សិស្សានុសិស្ស​នៅ​ជនបទ​អាច​ទទួល​បាន​ការអប់រំ ប្រកប​ដោយ​គុណភាព​ដូច​សិស្សានុសិស្ស​នៅ​ទីក្រុង​។

ក្រសួង​អប់រំ​បាន​ដកស្រង់​សម្ដី​លោក ហង់ជួន ណារ៉ុន បង្ហោះ​ក្នុង​ហ្វេសប៊ុក​ថា ក្រសួង​ទាំង​ ២ ​សហការ​គ្នា​នេះ​គឺ​ដើម្បី​រៀបចំ​ជា​ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការបង្រៀន​តាម​អនឡាញ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​សិស្ស​មានលទ្ធភាព​រៀន​បាន​ទូទាំង​ប្រទេស​។

ក្រសួង​អប់រំ​បញ្ជាក់ថា លោក​រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​ណែនាំ​ដល់​មាតា បិតា និង​អាណាព្យាបាល​សិស្ស​ទាំងអស់​រៀបចំ​ឲ្យ​កូនៗ​មាន​កន្លែង​រៀនសូត្រ​ឲ្យ​បាន​ត្រឹមត្រូវ និង​សៀវភៅ​គោល​សិក្សា​ជាដើម ដើម្បី​បង្កលក្ខណៈ​អំណោយផល​សម្រាប់​ការសិក្សា​តាម​អនឡាញ​។ នាពេល​ខាងមុខ​ក្រសួង​នឹង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​សួរ-ឆ្លើយ​បន្ថែមទៀត ដើម្បី​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​ទៅ​ដល់​សិស្ស​ដែល​មាន​ចម្ងល់ នៅពេល​រៀន​តាម​អនឡាញ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ពុធ ក្រសួង​ព័ត៌មាន​បាន​ស្នើសុំ​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប្លិ៍​ ១ ​ប៉ុស្តិ៍​ក្នុង​ ១ ​ខេត្ត​សម្រាប់​ផ្សាយ​កម្មវិធី​រៀនសូត្រ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយរណប «​តេជោធីវី​» នូវ​កម្មវិធី «​ទទក​២» ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា ក្រុមហ៊ុន​ខេមបូឌានឌីធីវី ណេតវើក លីមីធីត បាន​​ប្រគល់​ឌីធីវី​ចំនួន​ ១០ ​ឈុត​ដល់​ក្រសួង​អប់រំ​៕