ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​នឹង​កីឡា​បាន​សម្រេច​លុបចេញ និង​កែតម្រូវ​ខ្សែ​ឃ្លីប​វីដេអូ​​បង្រៀន​របស់​លោក​សាស្ត្រាចារ្យ ឡុង សារិន តាម​អនឡាញ​ដល់​សិស្សានុសិស្ស​ត្រង់​ចំណុច​ប្រៀបធៀប​រវាង​ព្រះសង្ឃ​គណៈមហានិកាយ និង​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ ដែល​បង្កើត​ឲ្យ​មាន​អធិករណ៍​ឡើង​។

ការសម្រេច​លុបចេញ និង​កែតម្រូវ​នូវ​ខ្លឹមសារ​នៃ​ឃ្លីប​វីដេអូ​បង្រៀន​នូវ​មេរៀន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈសង្ឃ​នាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​លិខិត​ ១ ​ច្បាប់​ជូន​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ស្តីពី​ «​ការណែនាំ​ដល់​សាស្ត្រាចារ្យ ឡុង សារិន បង្រៀន​នៅ​ក្រុមហ៊ុន E-School Cambodia ដែល​ការបង្រៀន​របស់​លោក​សាស្ត្រាចារ្យ​រូបនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះសង្ឃ​គណៈមហានិកាយ​យ៉ាងធ្ងន់ធ្ងរ​»​។

ផ្នែក​មួយ​នៃ​ការពន្យល់​របស់​លោក​សាស្ត្រាចារ្យ ឡុង សារិន នៅក្នុង​ឃ្លីប​វីដេអូ​បង្រៀន​មុខវិជ្ជា​តែង​សេចក្តី​ស្ដីពី​ «​ទសជាតក​» កាលពី​ថ្ងៃទី​ ២៣ ខែ​កក្កដា ឆ្នាំ​ ២០១៩ ដែល​ទើប​ត្រូវបាន​យកមក​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​សាជាថ្មី​ឡើងវិញ​នោះ​បាន​លើក​ឡើង​អំពី​ការប្រតិបត្តិ​វិន័យ​របស់​ព្រះសង្ឃ​គណៈមហានិកាយ និង​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ​មក​ធ្វើការ​ប្រៀបធៀប​គ្នា​។

ក្នុង​ឃ្លីប​វីដេអូ​នោះ​លោក សារិន បាន​លើក​ថា​៖ «​ព្រះសង្ឃ​គណៈមហានិកាយ ពាក់​ស្បែកជើង ប្រើ​ទូរស័ព្ទ​ X-plus និង​មាន​អង្គរក្ស​ទៀត​ដល់​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ វិន័យ​តឹង សម័យ​មាន​លុយ​ហើយ​កាន់​លុយ​មិនបាន ដើរ​ [​និមន្ត​] ​លើ​ផ្លូវ​កៅស៊ូ ផ្លូវ​ស៊ីម៉ងត៍ ក៏​មិន​ប្រើ​ស្បែកជើង​ដែរ​»​។

លោក​បាន​បន្តថា​៖ «​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ ពេល​បិណ្ឌបាត និមន្ត​ត្រង់​ទៅ​មុខ បើ​យើង​មាន​សទ្ធា​ដាក់​បាត្រ និមន្ត​ព្រះអង្គ​គង់ នោះ​ទើប​ព្រះអង្គ​គង់​ប្រោសសត្វ​។ តែ​ព្រះសង្ឃ​គណៈមហានិកាយ​សូម​សម្ដេច​សង្ឃ​ព្រះអង្គ​ជ្រាប​ផង មិន​ដឹង​ថា​ព្រះសង្ឃ​ក្លែងក្លាយ​ ឬ​មិន​ក្លែងក្លាយ​ទេ ទ្វារ​យើង​មិន​ទាន់​បើក​ផង​ទៅ​ដល់​មុខ​បន្ទប់​ហើយ មិន​ប្រមាថ​ទេ តែ​ជា​ការពិត​ហ៊ាន​ដាក់​ជីវិត ព្រោះ​ធ្លាប់​ឃើញ​តែ​មិនដឹង​ទៅ​ចាប់​យ៉ាងម៉េច ហើយ​នេះ​ខ្ញុំ​សូម​និយាយ​ការពិត​ទូល​ដល់​សម្ដេច​ព្រះសង្ឃរាជ ដើម្បី​រក្សា​សាសនា​»​។

ការពន្យល់​របស់​លោក សារិន ដោយ​លើក​យក​ចំណុច​អវិជ្ជមាន​របស់​ព្រះសង្ឃ​គណៈមហានិកាយ​តែ​ម្ខាង​មក​ប្រៀបធៀប​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​ការជះឥទ្ធិពល​មិនល្អ​ដល់​ផ្នត់​គំនិត​របស់​ពុទ្ធបរិស័ទ ចំពោះ​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន និង​អនាគត និង​ត្រូវបាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់ទុក​ថា ជាការ​បន្តុះបង្អាប់​ដល់​ព្រះសង្ឃ​គណៈមហានិកាយ «​ដល់​បាតាល​» ​និង​លើកតម្កើង​ដល់​ព្រះសង្ឃ​គណៈធម្មយុត្តិ​កនិកាយ «​ដល់​កំពូល​» ដែល​ផ្ទុយ​ទៅ​នឹង​ភាពពិត​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​យោង​លិខិត​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃទី​ ២៨ ខែមេសា ឆ្នាំ ២០២០ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ព្រឹក​ម្សិលមិញ​។

ក្នុង​លិខិត​នោះ​សម្ដេច​ព្រះសង្ឃ​នាយក នន្ទ ង៉ែត និង សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បាន​គូសបញ្ជាក់​ថា​៖ «​ការលើក​ឧទាហរណ៍​របស់គាត់ [​ឡុង សារិន​] ថា​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ​ប្រព្រឹត្ត​វិន័យ​តឹងរ៉ឹង​ដូច​លោក​ធុតង្គ​មិន​កាន់​លុយ​ទោះ​ក្នុងសម័យ​គេ​មាន​លុយ​ក៏ដោយ មិន​ប្រើ​ទូរស័ព្ទ និង​មិន​ពាក់​ស្បែកជើង​ជាដើម ហើយ​ប្រើ​សម្ដី​ឡកឡាយ​បន្តុះបង្អាប់​នឹង​ដាក់​បន្ទាប​ព្រះសង្ឃ​គណៈមហានិកាយ​ស្មើដោយ​បព្វជិត គ្មាន​វិន័យ ប្រព្រឹត្ត​ធូររលុង​ប្រាស​ចាក​ធម៌​វិន័យ​របស់ខ្លួន​ហាក់​ដូចជា​អាក្រក់​ណាស់​ពិបាក​នឹង​គោរព​។

ការណ៍​នេះ​គណៈសង្ឃ​ពុទ្ធសាសនា​កម្ពុជា​យល់​ឃើញ​ថា ការបង្រៀន​របស់​សាស្ត្រាចារ្យ​រូបនេះ​ត្រង់​ចំណុច​ប្រៀបធៀប​ព្រះសង្ឃ​ទាំង​ ២ ​គណៈ​គឺ​គ្មាន​មូលដ្ឋាន និង​ពិតជា​ខ្វះ​សុចរិតភាព ខ្វះ​ការស្រាវជ្រាវ​ស៊ីជម្រៅ គ្មាន​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​គ្មាន​យុត្តិធម៌ គ្មាន​សច្ចធម៌ ការសន្និដ្ឋាន​ខុស​ស្ថានភាព​ពិត ផ្ទុយ​នឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ស្ដីពី​សុខដុម​នីយកម្ម​សាសនា​ដែល​គណៈសង្ឃ​មហានិកាយ​ពុំ​អាច​ទទួល​យក​បានឡើយ​»​។

ជុំវិញ​ករណី​នេះ​លោក អ៊ុយ ប៊ុនតារា អគ្គនាយក​ក្រុមហ៊ុន E-School Cambodia បាន​ឆ្លើយតប​តាម​លិខិត​មួយច្បាប់​ប្រគេន​សម្តេច​ព្រះមហា​សង្ឃរាជ​គណៈមហានិកាយ​នៅ​ថ្ងៃទី​ ២៨ ខែ​មេសា ឆ្នាំ​ ២០២០ ​ថា ក្រុមហ៊ុន​មាន​ការសោកស្ដាយ​ចំពោះ​អ្វីដែល​បាន​កើតឡើង​នេះ​។

ប៉ុន្តែ​លោក ប៊ុនតារា បាន​គូសបញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​យើង​បាន​មើល​ហើយ​មើល​ទៀត ស្ដាប់​ហើយ​ស្ដាប់​ទៀត​នូវ​អត្ថន័យ​វីដេអូ​នោះ​ឃើញ​ថា ការពន្យល់​របស់​លោក​សាស្ត្រាចារ្យ [​ឡុង សារិន​] មិន​បាន​បន្តុះបង្អាប់​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នៃ​យើង​នោះទេ​។ ផ្ទុយ​ទៅវិញ​លោកគ្រូ​ចង់​លើកតម្កើង​ក្រើន​រំឭក ជ្រោមជ្រែង​ព្រះពុទ្ធសាសនា​ឲ្យ​បាន​រឹងមាំ និង​ទទួល​បាន​ការគោរ​ប្រតិបត្តិ​ពី​សំណាក់​ពុទ្ធសាសនិកជន​ទៅវិញ​ទេ​។ ជាងនេះ​ទៅ​ទៀត​មុន​ពេល​លើក​ឧទាហរណ៍​មក​ប្រៀបធៀប​លោក​បាន​សូម​អភ័យទោស​ដល់​សម្ដេចព្រះ​សង្ឃរាជ​ជាមុន​ផងដែរ​»​។?

យ៉ាងណាក៏ដោយ​ការបកស្រាយ​របស់​អគ្គនាយក​ក្រុមហ៊ុន​នេះ​មិន​ត្រូវបាន​គណៈសង្ឃ​នាយក​ទទួល​យក​នោះ​ឡើយ ដោយ​អះអាង​ខ្លឹមសារ​នៃ​ការបកស្រាយ​នោះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ខុសឆ្គង​របស់​លោក​ ឡុង សារិន និង​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​ណែនាំ​ដល់​សាស្ត្រាចារ្យ​រូបនេះ​ឲ្យ​កែតម្រូវ​នូវ​ការបង្រៀន​របស់ខ្លួន​ត្រង់​ចំណុច​ប្រៀបធៀប​នេះ និង​ចេញ​សុំទោស​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជា​សាធារណៈ​។

លោក ឌី ខាំបូលី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​ទទួល​បាន​លិខិត​ពី​គណៈសង្ឃ​នាយក​ស្ដីពី​សំណើ​ខាងលើ​នេះ​ក្រសួង​បានសម្រេច​លុបចោល និង​កែតម្រូវ​ឃ្លីប​វីដេអូ​បង្រៀន​របស់លោក​គ្រូ ឡុង សារិន លើ​ចំណុច​ប្រៀបធៀប​នោះ​ជាថ្មី​ឡើងវិញ​។

លោក​ថ្លែងថា​លោក ឡុង សារិន ជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​ម្នាក់​ដែល​កំពុង​បង្រៀន​នៅតាម​សាលា​ឯកជន និង ថត​វីដេអូ​សម្រាប់​ក្រុមហ៊ុន E-School Cambodia ដែល​ជា​ដៃគូ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​សម្រាប់​កម្មវិធីសិក្សា​ពី​ចម្ងាយ​ដែល​ជួយ​គាំទ្រ​ដល់​វិស័យ​អប់រំ​ក្នុង​ការជួយ​ពង្រឹង​គុណភាព​ចំណេះដឹង​ដល់​សិស្ស​ក្នុង​អំឡុង​ពេល​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩ ដែល​សិស្ស​មិន​អាច​មក​រៀន​នៅតាម​សាលា​បាន​។

លោក ខាំបូលី ថ្លែងថា​៖ «​ឃ្លីប​វីដេអូ​បង្រៀន​នោះ​មិន​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ឡើយ​ជា​ហេតុ​ធ្វើឲ្យ​មាន​អធិករណ៍​នេះ​។ ក្រសួង​សូម​សម្ដែង​ការសោកស្ដាយ​ចំពោះ​ខ្លឹមសារ​មួយ​ផ្នែក​នៃ​វីដេអូ​បង្រៀន​របស់​លោកគ្រូ ឡុង សារិន ដែល​​ចំណុច​មួយ​ចំនួន​នៃ​ការបកស្រាយ​របស់​គាត់​អាច​ជះឥទ្ធិពល​ដល់​ផ្នត់គំនិត​ពុទ្ធបរិស័ទ និង​យុវជន​ទូទៅ​ដែល​ប្រណិប័តន៍​ព្រះពុទ្ធសាសនា​»​។

លោក ខាំបូលី ថ្លែង​ទៀតថា​៖ «​ក្រសួង​នឹង​លុបចោល និង​កែតម្រូវ​ឃ្លីប​វីដេអូ​បង្រៀន​របស់​​លោកគ្រូ ឡុង សារិន លើ​ចំណុច​ប្រៀបធៀប​នោះ​ជាថ្មី​ឡើងវិញ ហើយ​ខិតខំ​ពិនិត្យ​ពិច័យ​ខ្លឹមសារ​វីដេអូ​បង្រៀន​ផ្សេងទៀត​ឲ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស និង​សាធារណជន​ទូទៅ​»​។

ជាមួយ​គ្នា​នេះ​លោក ឈត ប៊ុនថង សាស្ត្រាចារ្យ​ផ្នែក​សង្គមវិជ្ជា​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​បាន​ថ្លែងថា ជាទូទៅ​ការលើក​យក​តថភាព​ពិត​នៅក្នុង​សង្គម​មក​ធ្វើការ​ពន្យល់​បកស្រាយ​រមែង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​ ឬ​សហគមន៍​ណាមួយ​ជាក់​ជាមិនខាន​។ ទោះ​យ៉ាងណា​កំហុស​ឆ្គង​នោះ​មិនមាន​ភាពធ្ងន់ធ្ងរ​រហូត​ដល់​មាន​ចំណាត់ការ​ផ្លូវច្បាប់​ដែល​នាំ​ឲ្យ​មាន​ការឈាន​ដល់​ការដាក់​ទោសទណ្ឌ​នោះទេ​។

លោក ប៊ុនថង បាន​បញ្ជាក់ថា​៖ «​កំហុសឆ្គង​របស់​លោក​សាស្ត្រាចារ្យ ឡុង សារិន អាច​សុំទោស​គណៈសង្ឃ​នាយក​ជា​សាធារណៈ ឬ​ជា​លាយលក្ខណ៍​អក្សរ និង​ធ្វើការ​កែតម្រូវ​ដោយ​បង្រៀន​មុខវិជ្ជា​នោះ​សាជាថ្មី​ដោយ​លើកយក​ចំណុច​មួយ​ចំនួន​ផ្សេងទៀត​មក​ធ្វើការ​ប្រៀបធៀប​។ ប្រសិនបើ​ករណីនេះ មាន​ការដាក់​ទោសទណ្ឌ​បង្ខំ​លើ​រូបកាយ​ដាក់​ពន្ធនាគារ ឬ​បញ្ចប់​អាជីព​វិជ្ជាជីវៈ​នោះ​វា​នឹង​ប៉ះពាល់​ដល់​ស្មារតី​របស់​គ្រូបង្រៀន​ផ្សេងទៀត និង​ធ្វើឲ្យ​គ្រូបង្រៀន​ទាំងអស់​មិន​អាច​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​ក្នុង​ការបង្រៀន​របស់​ខ្លួន​ឡើយ ហើយ​វា​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​ចុះខ្សោយ​»៕