ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋអាចរៀបចំការប្រឡងបញ្ចប់ឆ្នាំ និងអនុញ្ញាតឲ្យសាលាឯកជន អាចរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរយៈពេល ២ ថ្ងៃនៅតាមសាលារៀន ប៉ុន្តែគ្រឹះស្ថាន និងសាលាឯកជនទាំងនោះត្រូវតែអនុវត្តតាមវិធានការ បង្ការជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លិខិតមួយចុះថ្ងៃទី ៦ កក្កដារបស់ក្រសួងអប់រំដែលចេញផ្សាយកាលពីម្សិលមិញបញ្ជាក់ថា ដោយសារលក្ខណៈបច្ចេកទេសមិនអាចរៀបចំការប្រឡងតាមអនឡាញបាន ក្រសួងអនុញ្ញាតឱ្យសាកលវិទ្យាល័យ ឬវិទ្យាស្ថានដែលជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋអាចរៀបចំការប្រឡងបញ្ចប់ឆ្នាំនៅតាមសាលារៀនគឺក្នុង ១ បន្ទប់ប្រឡងត្រូវមានសិស្សត្រឹមពី ១៥ ទៅ ២០ នាក់ប៉ុណ្ណោះ ហើយត្រូវអនុវត្តតាមវិធានការ សុវត្ថិភាពសុខភាពបង្ការជំងឺកូវីដ ១៩។
លិខិតដាច់ដោយឡែកមួយទៀតរបស់ក្រសួងអប់រំដែលបានផ្ញើទៅកាន់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបញ្ជាក់ដែរថាក្រសួងក៏អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនអាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនអាចប្រឡងបញ្ចប់ឆ្នាំនៅតាមសាលារៀងៗខ្លួនចំនួន ២ ថ្ងៃដែរ។
ក្រសួងអប់រំបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាឯកជនណាដែលចង់បន្តរៀបចំការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិកទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារបស់ខ្លួន តាមសេចក្ដីណែនាំរបស់ក្រសួងកន្លងមក គឺក្រសួងនឹងចូលរួមសហការ ដើម្បីឱ្យការប្រឡងទាំងនោះទទួលបានស្ដង់ដាគុណភាព។
លិខិតសរសេរថា៖ «ចំពោះគ្រឹះស្ថានសិក្សាណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួងគ្រឹះស្ថានសិក្សានោះអាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានឯកជននោះត្រូវចុះហត្ថលេខាដោយខ្លួនឯង។ ក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ដើម្បីធានាគុណភាពនៃសញ្ញាបត្រ»។
ប៉ុន្តែសម្រាប់គ្រឹះស្ថានសិក្សាឯកជនដែលមិនអាចរៀបចំការប្រឡងតាមអនឡាញគឺត្រូវអនុវត្តតាមគោលការណ៍មួយចំនួន នៅពេលរៀបចំការប្រឡងសញ្ញាបត្រនៅតាមគ្រឹះស្ថានរបស់ខ្លួន ដូចជាការកែលម្អលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងដំណើរការប្រឡង និងការដាក់ពាក្យស្នើសុំរៀបចំប្រឡងមកក្រសួងដើម្បីពិនិត្យ និងទទួលស្គាល់ជាដើម។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិគឺតែងធ្វើឡើងនៅក្នុងខែសីហា។
មន្ត្រីក្រសួងអប់រំបញ្ជាក់កាលពីសប្ដាហ៍មុនថា នៅក្នុងសប្ដាហ៍នេះក្រសួងនឹងប្រកាសព័ត៌មានបន្ថែមអំពីលទ្ធភាពបើកសាលារៀនឡើងវិញ សម្រាប់សាលាដែលបានអនុវត្តស្ដង់ដាសុវត្ថិភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ និងអង្គការសុខភាពពិភពលោក។
ប៉ុន្តែពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់បន្ថែមពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានទេ ដោយលោកជំរុញឱ្យដកស្រង់ចេញតែពីលិខិតរបស់ក្រសួងប៉ុណ្ណោះ។
ចាប់តាំងពីថ្ងៃទី ២៩ មិថុនា មកកម្ពុជាពុំបានរាយការណ៍ករណីថ្មីនៃជំងឺកូវីដ១៩នោះទេ ខណៈករណីដែលបានរកឃើញសរុបចំនួន ១៤១ នាក់ គឺមាន ១៣១ នាក់ ត្រូវបានព្យាបាលជាសះស្បើយ។
កាលពីថ្ងៃម្សិលមិញរដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងទៅដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់អាចបើកអាជីវកម្មឡើងវិញ។ «ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន»។
សាលារាជធានីបញ្ជាក់ថា ម្ចាស់អាជីវកម្មត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍៕