
សកម្មភាពកុមារកំពុងរៀនក្នុងថ្នាក់រៀនមួយនៅជនបទកាលពីពេលថ្មីៗនេះ។ រូបថត សហការី
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំយុទ្ធសាស្ដ្រដើម្បីពង្រឹងវិស័យអប់រំរយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) ដើម្បីធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់អ្នកទាំងអស់គ្នា ខណៈដែលក្នុងឆ្នាំ ២០១៧-២០១៨ អត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិមាន ១៦,៦ ភាគរយ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
ជាមួយគ្នានេះបើតាមរបាយការណ៍ពិនិត្យតាមដានការអប់រំជាសកលឆ្នាំ ២០១៧-២០១៨ បានបង្ហាញថាកុមារ និងយុវជន កម្ពុជា បានចុះឈ្មោះចូលរៀនកម្រិតអប់រំចំណេះទូទៅមាន ៣១៤៣ ២៥២ នាក់ ស្រី ១ ៥៥១ ៩៩០ នាក់។
លោក រស់ សុវាចា បានឲ្យដឹងកាលពីថ្ងៃចន្ទថា បើតាមទិន្នន័យទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១៧-២០១៨ អត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិមាន ១៦,៦ ភាគរយ ស្រីមាន ១៤,២ ភាគរយ។ ចំណែកអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិមាន ១៩,៧ ភាគរយ ស្រីមាន ១៧ ភាគរយហើយអត្រាបោះបង់ការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សា មាន ៤,៧ ភាគរយ ស្រីមាន ៣,៥ ភាគរយ។
លោកបានឲ្យដឹងទៀតថាទិន្នន័យទូទាំងប្រទេសឆ្នាំ ២០១៧-២០១៨ ក៏បានបញ្ជាក់ផងដែរថា អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាមាន ៧៩,០៦ ភាគរយ ស្រីមាន ៨២,៦៥ ភាគរយ ហើយចំនួនសិស្សចុះឈ្មោះចូលរៀនកម្រិតអប់រំចំណេះទូទៅមាន ៣- ១៤៣ ២៥២ នាក់ក្នុងនោះ ស្រី ១ ៥៥១ ៩៩០ នាក់។
លោក សុវាចា បានរំឭកថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិទទួលបានការអប់រំយ៉ាងតិច ៩ ឆ្នាំប្រកបដោយគុណភាពដោយឥតបង់ថ្លៃនៅសាលារៀនសាធារណៈ។ ដូច្នេះក្រសួងអប់រំបានរៀបចំគោលនយោបាយ និងវិធានការជាជំហានៗតាំងពីអាណត្ដិមុនៗរហូតមកដល់អាណត្ដិថ្មីនៃរាជរដ្ឋាភិបាល ដើម្បីបន្ដឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព ស្របតាមបទប្បញ្ញត្ដិដែលមានចែងក្នុងច្បាប់អប់រំប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «ក្រសួងអប់រំកំពុងរៀបចំយុទ្ធសាស្ដ្រវិស័យអប់រំរយៈពេល ៥ ឆ្នាំតទៅមុខទៀត (២០១៩-២០២៣) ដើម្បីធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌។ ជាពិសេសក្រសួងបានកំណត់ជាគោលការណ៍ធំៗ ២ នៅក្នុងនោះ គោលនយោបាយអប់រំទី ១ ធានាការអប់រំប្រកបដោយគុណភាពសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា»។
លោក សុវាចា បញ្ជាក់ថាក្រសួងក៏បានរៀបចំគោលនយោបាយគ្រូបង្រៀន ដោយបានរៀបចំកំណែទម្រង់ធំៗរួមមានកំណែទម្រង់ការគ្រប់គ្រងការសិក្សាកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងកំណែទម្រង់ ការគ្រប់គ្រងធនធានមនុស្សសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀត។
លោក សុវាចា បញ្ជាក់ថា៖ «អ៊ីចឹងសរុបជារួមក្រសួងអប់រំបានបន្ដពង្រឹង និងពង្រីកទៅលើសេវាអប់រំដោយផ្ដោតទៅលើគុណភាព និងគុណសម្បត្ដិ សិស្ស និងរបស់គ្រូទាំងឡាយដែលបានខិតខំយកចិត្ដទុកដាក់នៅក្នុងសេវាអប់រំ»។
លោក ហោ សុខៈ នាយកកម្មវិធីអំណាន និងជាអ្នកជំនាញខាងអំណាននៃអង្គការ Room to Read ប្រចាំកម្ពុជាបានលើកឡើងថាការរៀនសូត្ររបស់កុមារ និងយុវជននៅក្នុងប្រទេសដែលជឿនលឿនមានចំណេះដឹងលើសពីប្រទេសដែលកំពុងអភិវឌ្ឍន៍រហូតដល់ ១០ ដងដែលមិនមែនមានតែប្រទេសកម្ពុជាទេ។ លោកបន្ដថា៖ «សម្រាប់ប្រទេសកម្ពុជាយើងតាមរបាយការណ៍ថ្មីៗនេះមិនទាន់ស្ថិតដល់ការចង់បានរបស់យើងនៅឡើយទេ ចំពោះចំណេះដឹងការសិក្សារបស់កុមារ និងយុវជន»។
លោកលើកឡើងថា៖ «ក្រសួងត្រូវបែងចែកកញ្ចប់ថវិកានៅតាមសាលារៀនជនបទឲ្យបានច្បាស់លាស់ដើម្បីទិញសៀវភៅដាក់ឲ្យបានគ្រប់កម្រិតទាំងកម្រិតបឋម និងមធ្យមសិក្សាឲ្យមានសៀវភៅថ្មីៗជានិច្ច»។
ចំណែកលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានមើលឃើញថាការសិក្សាររៀនសូត្ររបស់កុមារ និងយុវវ័យ នៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលផ្ទុយគ្នាពីកម្រិតបឋម និងកម្រិតមធ្យម។
លោកស្រីបានលើកឡើងថា «ចំពោះការអាន និងសរសេររបស់កុមារតូចៗក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះមានការខិតខំប្រឹងប្រែងច្រើន ប៉ុន្ដែបើយើងនិយាយពីកម្រិតអនុវិទ្យាល័យទៅដល់កម្រិត វិទ្យាល័យ ការអាន និងសរសេររបស់សិស្សនៅមានកម្រិតនៅឡើយដែលមានសិស្សខ្លះគាត់រៀនដល់ថ្នាក់ទី ១២ ទៅហើយតែគាត់នៅមិនទាន់ចេះសរសេរ ឬក៏ចេះអានបានច្បាស់លាស់នៅឡើយទេ» ដែលនេះបង្ហាញថាគុណភាពនៃការអប់រំដល់ពួកគេនៅមានកម្រិត។
ទោះយ៉ាងណាបើតាមលោក សុវាចា ក្រៅពីវិធានការខាងលើនៅក្នុងអាណត្ដិទី ៦ នេះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី ១ ។
លោក សុវាចា បន្តថាដើម្បីឆ្លើយតបទៅនឹងគោលការណ៍នេះក្រសួងអប់រំប្ដេជ្ញាសម្រេចឲ្យបានចំពោះការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាដោយផ្ដល់អាទិភាពទី ១ ចំពោះការយកចិត្ដទុកដាក់លើគ្រូបង្រៀន ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត និងការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន៕