ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​យូនីសេហ្វ​សហការ​គ្នា​ធានា​ឱ្យ​កុមារ​គ្រប់រូប ​ជាពិសេស​កុមារ​ដែល​ជួប​ការលំបាក និង​មានឱកាស​តិចតួច​បន្ត​ទទួលបាន​ការសិក្សា​តាមរយៈ​កម្មវិធី​អប់រំ​តាម​វិទ្យុ ខណៈ​កម្មវិធី​នេះ​អាចជួយ​ឱ្យ​សិស្ស​ជនជាតិដើម​ភាគតិច​អាច​បន្ត​ការសិក្សា​បាន​ក្នុង​អំឡុង​ពេលដែល​សាលារៀន​ត្រូវ​បិទទ្វារ​​ដោយ​បញ្ហា​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំងនេះ​បាន​ឱ្យដឹង​ពីថ្ងៃ​ទី​ ៧ ខែមេសា​ថា ក្នុង​​អំឡុងពេល​សាលារៀន​ត្រូវ​បិទទ្វារ​ចំពេល​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ កុមារ​គ្រប់រូប ជាពិសេស​កុមារ​ដែល​ជួប​ការលំបាក​ និង​មានឱកាស​តិចតួច​ត្រូវតែ​ធានា​ឱ្យ​បាន​ថា ពួកគេ​អាច​បន្ត​ទទួល​បាន​ការសិក្សា​។

សេចក្តី​ប្រកាស​ដដែល​បាន​បន្តថា ដើម្បី​ធានាបាន​ការសិក្សា​នេះ​ក្រសួង អប់រំ និង​យូនីសេហ្វ​បាន​ទិញ​វិទ្យុ​ចំនួន ១ ៦៤០ ​គ្រឿង​ សម្រាប់​ផ្ដល់ជូន​សិស្ស​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​ភូមិភាគ​ឦសាន គឺ​មាន​ខេត្តក្រចេះ រតនគិរី និង​មណ្ឌលគិរី​។

សេចក្តី​ប្រកាស​បានបញ្ជាក់​ថា​៖ «​សិស្ស​ទាំងនេះ​កំពុង​បន្ត​ការសិក្សា​របស់​ពួកគេ តាមរយៈ​កម្មវិធី​អប់រំ​ពហុភាសា​ផ្សាយ​តាម​វិទ្យុ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ជា​ទម្រង់​មួយ​ក្នុង​ចំណោម​ទម្រង់​នៃ​ការសិក្សា​ពី​ចម្ងាយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់ផ្ដើម​អនុវត្ត តាំងពី​ពេល​មាន​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ​ពីដំបូងៗ​មក​ម្ល៉េះ​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​​ប្រសាសន៍ថា ក្នុង​អំឡុងពេល​ដ៏សែនលំបាក​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​អាច​សហការ​ជាមួយ​យូនីសេហ្វ និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ដើម្បី​ផ្ដល់​ឱកាស​សិក្សា​ពី​ចម្ងាយ ​ដែល​ជា​តម្រូវ​ការចាំបាច់​បំផុត​របស់​កុមារ​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​ទទួល​បាន​ការអប់រំ​ពហុភាសា​។

លោក​បន្តថា​៖ «​ដើម្បី​សម្រេចបាន​លទ្ធផល​ពិតប្រាកដ​ពី​កម្មវិធី​អប់រំ​ពហុភាសា​តាម​វិទ្យុ​វា​ជា​ការសំខាន់​ណាស់​ដែល​មាតាបិតា​ត្រូវ​ជួយ​ឱ្យ​កូនៗ​របស់​ពួកគេ​បន្ត​រៀនសូត្រ តាមរយៈ​ការប្រើប្រាស់​សេវា​អប់រំ​ដ៏មាន​តម្លៃ​នេះ​»​។

កម្មវិធី​អប់រំ​ពហុភាសា​តាម​វិទ្យុ​ផ្ដល់​ការបង្រៀន​តាម​វិទ្យុ​ដល់​សិស្ស​ដែល​កំពុង​ទទួល​បាន​ការអប់រំ​ពហុភាសា​នៅ​កម្រិត​មត្តេយ្យ និង​បឋមសិក្សា​ជា​ភាសា​គ្រឹង និង​ភាសា​ទំពួន ក្នុង​​ខេត្តរតនគិរី និង​ភាសា​ព្នង​ក្នុង​ខេត្តមណ្ឌលគិរី​។ មាន​សិស្ស​ប្រមាណ ១ ៥២៧ នាក់​ មកពី​សាលា​បឋមសិក្សា​ចំនួន​ ៧៩ ដែល​បច្ចុប្បន្ននេះ​ពុំ​​មាន​វិទ្យុ​ប្រើប្រាស់​នឹង​ទទួល​បាន​វិទ្យុ​ ១ ​គ្រឿង​ដែល​ធ្វើឱ្យ​ពួកគេ​អាច​នាំ​​យក​ការបង្រៀន​នេះ​ទៅដល់​ក្នុងផ្ទះ​របស់​ពួកគេ​តែម្ដង​។ នេះ​បើតាម​ការលើកឡើង​របស់​អង្គការ​យូនីសេហ្វ​។

អង្គការ​នេះ​បាន​បន្តថា លើសពីនេះ​​គ្រូមត្តេយ្យ​សហគមន៍​ពហុភាសា​ចំនួន​ ៣៤ ​នាក់ និង​គ្រូ​បឋមសិក្សា​ពហុភាសា​ ៧០ ​នាក់​ ក៏​នឹង​ទទួលបាន​វិទ្យុ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបង្រៀន​របស់​ពួកគេ​ក្នុង​ថ្នាក់រៀន​ ឬ​ក្នុង​អំឡុងពេល​​ចុះ​អនុវត្ត​សកម្មភាព​រៀន និង​បង្រៀន​ពី​ចម្ងាយ​ផងដែរ​។ ​វិទ្យុ​ទាំងនេះ​ត្រូវ​ចែក​​ជូន​ពួកគេ​នៅ​ដើម​ខែ​មេសា នេះ​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកា​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា យូនីសេហ្វ​មាន​មោទនភាព​ដែល​បាន​ធ្វើ​ការងារ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ក្នុង​ការអនុវត្ត​កម្មវិធី​អប់រំ​ពហុភាសា​តាម​វិទ្យុ​ដែល​កំពុងផ្តល់​ប្រយោជន៍​ទៅ​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​ជាងគេ​នៅ​កម្ពុជា និង​ជួយ​ឱ្យ​ពួកគេ​បាន​បន្ត​ការសិក្សា​។

លោកស្រី​សង្កត់ធ្ងន់​ថា​៖ «​ការផ្ដល់​វិទ្យុ​ដល់​កុមារ​ទាំងនេះ​នឹង​ជួយ​ពង្រីក​វិសាលភាព​កម្មវិធី​អប់រំ​ពហុ​ភាសា​បន្ថែមទៀត ដែលមាន​សារៈសំខាន់​ក្នុងអំឡុង​ពេល​ដែល​សាលារៀន​កំពុង​បិទទ្វារ​។ នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏សំខាន់​មួយ​ដែល​ជួយ​ឆ្លើយតប​ចំពោះ​បញ្ហា​នៃ​ការខកខាន​ការរៀនសូត្រ ដោយសារ​តែ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយសារ​ជំងឺ​កូវីដ ​១៩»​។

សូមជម្រាបថា​កម្មវិធី​អប់រំ​ពហុភាសា​តាម​វិទ្យុ​កំពុង​អនុវត្ត​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ និង​ស្តារឡើងវិញ​ពី​ជំងឺ​កូវីដ ​១៩ នៅ​កម្ពុជា​ជាមួយ​នឹង​ការផ្ដល់​មូលនិធិ​គាំទ្រ​ពី​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​។ ​យូនីសេហ្វ​គឺជា​ទីភ្នាក់ងារ​ចាត់ចែង​ថវិកា​សម្រាប់​កម្មវិធី​ដែលមាន​ទឹកប្រាក់​ ៧ ​លាន​ដុល្លារ​នេះ ដែល​កំពុងផ្ដល់​ការគាំទ្រ​បន្ទាន់​ដល់​សាលារៀន និង​សិស្សានុសិស្ស​ក្នុង​អំឡុងពេល​ដែល​មាន​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩៕