ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានប្រកាសបញ្ចប់ការតវ៉ាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយរក្សាលទ្ធផលនៅដដែលក្រោយពីពិនិត្យលើបណ្ដឹងរបស់បេក្ខជនមួយចំនួនរកមិនឃើញមានអ្វីប្រែប្រួលខុសពីលទ្ធផលដែលធ្លាប់បានប្រកាសជាផ្លូវការ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនោះបានបញ្ជាក់ថា៖ «លទ្ធផលប្រឡងដែលបានប្រកាសនៅថ្ងៃទី ៩ និងទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ គឺជាលទ្ធផលដែលឆ្លើយតបទៅនឹងគោលការណ៍ទាំង ៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
ក្រសួងបានឲ្យដឹងថា ការដោះស្រាយពាក្យបណ្ដឹងនេះគឺក្រសួងបានពិនិត្យដោយបើកក្បាលដុំកិច្ចការ និងរើដុំកិច្ចការពិនិត្យ និងដាក់ពិន្ទុឡើងវិញ។ បើតាមក្រសួងអប់រំក្នុងចំណោមអ្នកតវ៉ាគឺមានអ្នកប្រឡងជាប់តែមិនពេញចិត្តនិទ្ទេសតាមមុខវិជ្ជា អ្នកជាប់ តែមិនពេញចិត្តនិទ្ទេសរួម និងអ្នកធ្លាក់ដែលទាមទារឱ្យពិនិត្យមុខវិជ្ជាមួយចំនួន និងគ្រប់មុខវិជ្ជាឡើងវិញ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទម្សិលមិញថា ការសម្រេចរបស់ក្រសួងទៅលើលទ្ធផលនៃដំណោះស្រាយនេះគឺផ្អែកលើខ្លឹមសារលម្អិតនៃសេចក្តីប្រកាសព័ត៌មានដែលមាន ៤ ទំព័រ។ លោកថ្លែងថា៖ «ខ្ញុំនៅតែស្នើឲ្យបងប្អូនសារព័ត៌មានទាំងអស់យោងទៅលើសេចក្តីប្រកាសព័ត៌មានដែលមានជូន»។
កាលពីថ្ងៃទី ១១ ខែ កញ្ញា គឺ ១ ថ្ងៃបន្ទាប់ពីប្រកាសលទ្ធផលប្រឡងគឺមាន បេក្ខជនប្រមាណជាង ១៥០ នាក់បានមកតវ៉ានៅក្រសួងអប់រំដោយស្នើឲ្យពិនិត្យលទ្ធផលនេះឡើងវិញដោយបេក្ខជនដែលប្រឡងជាប់ខ្លះតវ៉ាឲ្យបាននិទ្ទេសកើនឡើង រីឯបេក្ខជនខ្លះដែលប្រឡងធ្លាក់តវ៉ាឱ្យបានលទ្ធផលជាប់។
បេក្ខនារី លិន សូលក្ខបញ្ញា ដែលប្រឡងធ្លាក់ និងបានដាក់ពាក្យតវ៉ាដែរនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បើកញ្ញាបន្តតវ៉ាទៀតក៏មិនមានប្រសិទ្ធភាពដែរ ពីព្រោះក្រសួងបានប្រកាសថាលទ្ធផលនេះមិនមានការប្រែប្រួលដូចឆ្នាំ ២០១៨ ទេ។ កាលពីឆ្នាំ ២០១៤ ជាពេលដែលក្រសួងរឹតបន្តឹងការប្រឡងលើកដំបូងមានការប្រឡងដល់ទៅ ២ លើក រីឯនៅឆ្នាំ ២០១៨ មានការប្រកាសលទ្ធផលដល់ទៅ ២ លើក។ តែក្នុងការប្រឡងឆ្នាំ ២០១៩ នេះវិញក្រសួងមិនធ្វើដូច្នេះទៀតទេ។
កញ្ញាថ្លែងថា៖ «ពួកខ្ញុំគ្រាន់តែជាបេក្ខជនទេ អត់មានអី ដូចថាជាសំឡេង ធំមួយទៅនិយាយដាក់គាត់បានទេ។ អ៊ីចឹងខ្ញុំមានតែទទួលប៉ុណ្ណឹងទោះមិនសប្បាយចិត្តក៏ដោយក៏ត្រូវតែទទួលដែរ»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោកស្រីក៏មិនជំទាស់នឹងការប្រកាសរបស់ក្រសួងដែរ ពីព្រោះរដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន ធ្លាប់បានប្រកាសហើយថាការប្រឡងឆ្នាំនេះមិនមានបញ្ហាបច្ចេកទេសទៀតទេ។ ប៉ុន្តែដោយសារមានការមិនសប្បាយចិត្តនឹងលទ្ធផលទើបចង់ឱ្យក្រសួងស្រាវជ្រាវ និងពិនិត្យមើលពិន្ទុឡើងវិញ។
លោកស្រីថ្លែងថា៖ «ប្រសិនបើក្រសួងអះអាងថា ពិនិត្យទៅឃើញថាប្រសើរហើយគឺជាជោគជ័យរបស់ក្រសួងហើយ។ ប៉ុន្តែសិស្សានុសិស្សគាត់អត់សប្បាយចិត្តដោយសារតែពី ១ ឆ្នាំទៅ ១ ឆ្នាំឃើញថា កំណែទម្រង់កាន់តែខុសទៅៗធ្វើឱ្យសិស្សានុសិស្សគាត់មិនអស់ចិត្ត។ អ៊ីចឹងគាត់គិតថា តម្រិះ [ចំណេះ] របស់គាត់ប៉ុណ្ណឹងដែរ ហើយមិនគួរណាគាត់ធ្លាក់មុខវិជ្ជាដែលគាត់រៀនពូកែ»។
លោកស្រីបន្ថែមថាក្រសួងអប់រំគួរយកចិត្តទុកដាក់ចំពោះការងារគ្រប់បែបយ៉ាងតាមវិជ្ជាជីវៈគ្រូបង្រៀនដើម្បីចៀសកំហុសឆ្គងដដែលដែលធ្វើឲ្យបាត់ជំនឿលើវិស័យអប់រំដោយលោកស្រីចង់ឃើញក្រសួងទទួលខុសត្រូវខ្ពស់ជាងនេះ។
ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនជាង ១១៧ ០០០ នាក់ និងមានមណ្ឌលប្រឡង ២០២។ តាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំគឺមានអ្នកជាប់ជាស្ថាពរជាង ៧៩ ០០០ នាក់ ស្មើនឹងជាង ៦៨ ភាគរយ ដែលកើន ១,៥ ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មាន ៤៤៣ នាក់ កើនឡើង ៣៥ នាក់ បើធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៤០៨ នាក់។
កាលពីឆ្នាំ ២០១៨ ក្រសួងបានប្រកាសថាការបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេសដែលធ្វើឲ្យប៉ះពាល់ដល់មុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់។ ប៉ុន្តែក្រសួងបានសុំទោសចំពោះកំហុសអចេតនានេះ ហើយបានប្រកាសលទ្ធផលជាថ្មីឃើញថា មានការប្រែប្រួល៕