ភ្នំពេញ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​កាលពី​ថ្ងៃទី ១៨ ​ខែឧសភា ​បានបើក​វេទិកា​ស្ដី​អំពី​ការប្រើប្រាស់​ និង​ស្វែងរ​កមាតិកា​អប់រំ​សម្រាប់​បឋម​សិក្សា​ដល់​គណៈ​គ្រប់គ្រង​គ្រូ​នៅ​សាលាបឋម​សិក្សា​ទូទាំង​ប្រទេស​ តាម​បែប​ឌីជីថល​ក្នុង​វិស័យ​អប់រំ​បែប​គន្លងថ្មី ​ជាការ​បន្ត​លើក​កម្ពស់​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ​ដែលបាន​ដើរ​តួនាទី​ជា​ស្នូល​ក្នុង​វិស័យ​អប់រំ​បែប​គន្លង​ថ្មី។

វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​ចែករំលែក​មាតិការ​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ ​ដូចជា​ គេហទំព័រ​ កម្ម​វិធី​អប់រំ ​វីដេអូ ​និង​ឯកសារ​អប់រំ​នានា ​ជាដើម ​សម្រាប់​បម្រើ​ដល់​ការបង្រៀន ​និង​រៀន។

តាម​រយៈ​វេទិកានេះ​នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន ​បានចែក​រំលែក​នូវ​ការប្រើប្រាស់ ​កម្មវិធី ​E-Learning ​របស់​ក្រសួង​អប់រំ​ ដល់​គណៈ​គ្រប់គ្រង ​និង​លោកគ្រូ ​អ្នកគ្រូ ​ដើម្បី​ជំនួយ​និង​លើក​ទឹកចិត្ត​ដល់​សិស្សា​នុស្សិស​ឲ្យចេះ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង។ ចែក​រំលែក​អំពី​ការ​ទទួល​នូវ​ព័ត៌មាន​ផ្សេងៗ​របស់​ក្រសួង​អប់រំ​ តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក ​MoEYS ​និងបណ្ដាញ ​Telegram។

នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ក៏បាន​ចែក​រំលែក​អំពី​ការចូលទៅ​ទាញ​យក​មាតិការ​ពី​អនុ​គេហទំព័រ ​«Krou» ​គេហទំព័រ​ «OER» ​ទំព័រ​ហ្វេសប៊ុក ​«Krou Cambodia» ​និង​បណ្ដាញ​យូធូប​របស់​ក្រសួង​ «MoEYS Cambodia»។ ក្រៅពី​នេះ​ក៏បាន​ចែក​រំលែក​អំពី​ការប្រើប្រាស់​កម្មវិធី​គេហទំព័រ ​E-Learning Platform ​ដើម្បី​ជំរុញ​ការសិក្សា​ដោយ​ខ្លួន​ឯង​របស់​សិស្ស​នៅតាម​ផ្ទះ​ក្នុង​អំឡុង​នៃ​ការរីករាល​ដាល​ជំងឺ​កូវីដ ​១៩ នេះ។

លោក ​រស់ សុវាចា ​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ ថ្លែង​ពី​ម្សិលមិញ​ថា​៖ «វេទិកា​ស្ដីអំពី​ការប្រើប្រាស់​និង​ស្វែងរក​មាតិការ​អប់រំ​សម្រាប់​បឋម​សិក្សា​នេះ​ជាផ្នែក​មួយ​នៃ​ការបន្ត​លើក​កម្ពស់​គុណវុឌ្ឍិ ​(continued professional development) គណ:គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​កម្រិត​បឋមសិក្សា ​ដើម្បី​ចូលរួម​ជំរុញ​ស្វ័យសិក្សា​របស់​សិស្សា​នុសិស្ស​តាម​យន្តការ​រៀន​អនឡាញ​នានា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា»។

លោក ​សុវាចា ​បញ្ជាក់ថា ​ក្រសួង​អប់រំបានផ្អាក​ដំណើរការ ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន​គ្រប់​កម្រិត​ ជា​បណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ ថ្ងៃ ២០​ មីនា ​២០២១ ​រហូតដល់​មាន ​ការជូន​ដំណឹង​ជាថ្មី ​ដែលនៅ​ចំពោះ​មុខ​នេះ ​សិស្សា​នុសិស្ស ​ទូទាំង​ប្រទេស ​អាច​បន្តរៀន​សូត្រ​តាម​ផ្ទះ​រៀងៗ​ខ្លួន ​តាមរយៈ​វេទិកា​ឌីជីថល​របស់​ក្រសួងអប់រំ។

លោក​ ប៉ិច បូឡែន ​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ​និង​ជាអគ្គនាយក​បណ្តាញ​អប់រំ​ Westline Education Group​កាល​ពី​ថ្ងៃទី ១៩ ​ខែឧសភា ​បានលើក​ឡើង​អំពី ​«បច្ចុប្បន្នភាព​និង​អនាគត​វិស័យ​អប់រំ​ឯកជន» ​អស់​រយៈកាល​ប្រហែល​ ២ ឆ្នាំ​មកនេះ ​សាលា​រៀន​ឯកជន​ទាំងអស់ ​ដូច​វិស័យ​ដទៃ​ដែរ ​បានរង​ផល​ប៉ះពាល់​ដូចគ្នា​លើ​ការផ្តល់​សេវាកម្ម​និង​និរន្តរភាព​សេដ្ឋកិច្ច។

ជាការពិត​មកដល់​ពេលនេះ ​សាលារៀន​ឯកជន​ តាម​ខេត្ត​ភាគច្រើន ​ជាពិសេស​សាលា​ភាសា ​និង​អប់រំ​កុមារ​តូច​បាន​សម្រេច​ចិត្ត​ផ្អាក​សកម្មភាព​បង្រៀន​សិន។ ​ការផ្អាក​នេះ​ដោយសារ​កត្តា​ចម្បងៗ​២​គឺ​ផល​លំបាក​នៃ​ការបង្រៀន​តាមអន​ឡាញ​ និង​កង្វះ​ថវិកា​បន្ត។

លោក​បានបញ្ជាក់​ថា​៖ «ក្នុង​វិស័យ​អប់រំ​ទោះបី​កូវីដ ១៩​ នឹង​អាច​គ្រប់គ្រង​បាន​ស្ថានការណ៍​ធូរស្រាល​ជាងមុន​ក៏យើង​នឹង​រស់នៅ​ជាមួយ​គន្លង​ថ្មី​ក្នុង​វិស័យ​អប់រំ ​ដែល​បច្ចេកវិទ្យា​នឹង​ដើរ​តួនាទី​ស្នូល​សិស្ស​នឹង​បន្តរៀន​ចម្រុះ ​(អនឡាញ​ខ្លះ​ស្វ័យ​សិក្សា​តាម​ឌីជីថល​ខ្លះរៀន​ក្នុង​ថ្នាក់​ខ្លះរៀន​អនុវត្ត​ជាក្រុម​ជាគម្រោង.​..ជាដើម)។ ​ដូចនេះ​ សាលារៀន​អ្នក​អាណា​ព្យាបាល​គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​ និស្សិត​ទាំងអស់​នៅតែ​ត្រូវ​បន្ត​ស្វែងយល់​ពី​បច្ចេកវិទ្យា​និង​វិធីសាស្ត្រ​ថ្មី​ក្នុង​ការងារ​អប់រំ​នេះ»។

លោក​បានថ្លែង​ថា ​សាលា​រៀន​ដែល​អាច​នៅ​កំពុង​ដំណើរការ​បាន ​គឺ​ការផ្តល់​សេវា​កម្ម​អប់រំ​តាម​អនឡាញ​បាន​ជាពិសេស​សាលា​រៀន​ដែល​ផ្តល់​សេវា​អប់រំ​ចំណេះ​ទូទៅ​កម្រិត​ឧត្តមសិក្សា ​និង​សាលារៀន​ដែល​បម្រើ​ឱ្យ​ក្រុម​គ្រួសារ​ក្នុង​កម្រិត​ជីវភាព​បង្គួរ​ និង​ខ្ពស់។

លោក​បន្តថា​៖ «កូវីដ​ ១៩​ ពិត​ជាចង្រៃ​! ​តែ​កូវីដ​ ១៩ នេះ​ក៏បាន​និង​កំពុង​បង្រៀន​យើង​រំឭក​យើង​ពីរឿង​ល្អ​ជាច្រើន។​ វា​ជួយឱ្យ​យើង​រស់នៅ​ក្នុង​របត់​មួយ​ដែល​គិត​ពីអនាម័យ​និង​សុខភាព​ជាង​មុន។ កូវីដ ១៩ ​​បានជួយ​ពន្លឿន​ល្បឿន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​គ្រប់​វិស័យ​ហើយ​ឱ្យ​ប្រទេស​កម្ពុជា​ យើង​គិត​ដល់​ភាព​ជាម្ចាស់​ការនៃ​សេដ្ឋកិច្ច​ និង​គំនិត​ច្នៃប្រឌិត​ជាង​មុន»៕