ភ្នំពេញៈ ​​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ ​បាន​បញ្ជូន​នាយ​នគរ​បាល​ជាតិ​​ដើម្បី​ចុះ​សិក្សា​ស្រាវ​ជ្រាវ​​កា​រ​ងារ​ជំនាញ​ ​និង​ប្រមែប្រមូល​ព័ត៌​មាន​ពាក់​ព័ន្ធ​ការងារ​សន្តិ​សុខ​សង្គម​នៅ​តាម​អង្គភាព​ក្រោម​ឱ​វាទ​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​ ​សាលា​រៀន​ ​និង​មន្ទី​រ​អប់​រំ​ ​យុវ​ជន​ និង​កីឡា។​

នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួង​អប់​រំ យុវជន​ ​និង​កីឡា​ ​កាល​ពី​ថ្ងៃ​ទី​ ៩​ ​ខែ​ ឧសភា​ ដែល ​ភ្នំ​ពេញ​ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន​កាលពីថ្ងៃអាទិត្យ។ ​នៅ​ក្នុង​លិខិត​នោះ ​ក្រសួង​អប់​រំ​ ​បាន​ស្នើ​ដល់​អង្គ​ភាព​ក្រោម​ឱវាទ​របស់​ខ្លួន ​រួមមានសាលា​រៀន​រដ្ឋ ​និង​ឯក​ជន និង​មន្ទីរ​អប់រំ​ ​ផ្តល់​កិច្ច​សហ​ការ​ជា​មួយ​នាយ​នគរ​បាល​ជាតិ​ឲ្យមាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចុះ​សហការ​ស្រាវ​ជ្រាវ​ការងារ​ជំនាញ​ ​និង​ប្រមូល​ព័ត៌មាន​ការងារ​សន្តិសុខ​សង្គម។​ ​

​លោក​ ​ឌី​ ​ខាំ​បូលី​ ​អ្នក​នាំ​​ពាក្យ​ក្រសួង​អប់រំ​ ​យុវ​ជន ​និង​កីឡា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ថា​ នេះ​គឺ​ជា​កិច្ច​សហ​ការ​ជា​ប្រ​ក្រតី​ដើម្បី​ពង្រឹង​បន្ថែម​ក្នុងការ​ធ្វើ​ការងារ​រក្សា​សណ្ដាប់​ធ្នា​ប់​​ ​និង​សន្តិ​សុខ​សង្គម​រវាង​ក្រសួង​អប់​រំ​ និង​ក្រសួង​មហា​ផ្ទៃ។​ ​កន្ល​ង​មក​នៅ​ក្នុង​ក្រសួង​អប់​រំ​ មិន​ដែល​មាន​បញ្ហា​អ្វី​លើស​ពី​ការងារ​បច្ចេកទេស​ផ្នែក​អប់រំ​ទេ។​

​លោក​ ​ឌី​ ​ខាំ​បូលី​ ​បញ្ជាក់​ថា៖ ​​«​ការ​អប់រំ​ មាន​វិសាល​ភាព​ធំ​នៅទូទាំង​ប្រទេស។​ គ្រា​ន់​តែ​សិស្ស​យើង​ជាង ៣ លាន​នាក់​ នៅ​ទូ​ទាំង​ប្រទេស​។​ ​គ្រូ​បង្រៀន​ជា​ង ​៩ ម៉ឺន​នាក់។​ ​បុគ្គ​លិក​អប់​រំ​ជាង ​១២​ ម៉ឺន​នាក់​ សរុប​ទាំង​បុគ្គលិក​ដែល​បង្រៀន និង​បុគ្គ​លិក​ដែល​មិន​បង្រៀន។ ​​អ៊ីចឹង​វិសាលភាព​ឃើញ​ថា​ធំ។​ព័ត៌​មាន​ទាំងឡាយ​ដែល​អាច​ផ្តល់​ជូន​ក្រសួង​មហា​ផ្ទៃ​បាន​ ​យើង​នឹង​ធ្វើ​កិច្ច​សហ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា ​ឧទា​ហរណ៍​ ​គ្រឿង​ញៀន​ ក្រែង​លោវា​មាន​នៅ​កន្លែង​ណា​​ដោយ​ប្រការ​ណាមួយ​ក្តី ​យើង​អាច​ផ្តល់​ជា​កិច្ច​សហការ​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ»។​

លោ​ក​ ​ឌី​ ​ខាំ​បូលី ​បញ្ជាក់​ទៀត​ថា​ ​នៅ​តាម​សាលា​រៀន​កន្លង​មក​ មិន​ធ្លាប់មាន​​អ្វី​ដែល​មើល​ទៅ​ឃើញ​ថា​លេច​ធ្លោគួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ​ទា​ក់​​ទង​នឹង​បញ្ហា​អសន្តិ​សុខ​ពី​ព្រោះ​​សាលា​រៀន​មាន​បទ​បញ្ជា​ផ្ទៃ​​​​​​ក្នុ​ង​ និង​មាន​ស្វ័យ​ភាព​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​​របស់​ខ្លួន​ដើម្បី​គ្រប់​គ្រង​សាលា​រៀន​ឲ្យ​បាន​ល្អ។​

​លោក​ ​ឆាយ​ ​គឹម​ខឿន ​អ្នក​នាំពា​ក្យ​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​​បាល​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ការ​ចុះ​ប្រ​មូល​​ព័ត៌​មាន​នេះ​ គឺ​ដើម្បី​ក្តាប់​ព័ត៌​មាន​​និង​មាន​វិធាន​ការ​បង្ការ​ទុក​ជាមុន​។​ ​

លោក​ ​គឹម​ខឿន​ ថ្លែង​ថា​៖ ​«​យើង​មិន​មែន​ទៅ​ស៊ើប​អង្កេត​ថា​ នរណា​នៅ​ក្នុង​ហ្នឹង​ទេ»។​

​លោក​ ​ហោ ​សុខៈ​ នាយក​កម្ម​វិធី​អំណាន​នៃ​អង្គការ​ ​Room ​To​ Read ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ អង្គការ​របស់​លោក​នឹង​​សហការ​ជានិច្ច​ជាមួយ​​រាជរដ្ឋាភិ​បាល​ក្នុង​កា​រ​ងារ​សន្តិ​សុខ​មួយ​ចំនួ​ន​នៅ​​តាម​សាលា​រៀន​​ដូ​ច​ជា​ក្មេង​ទំនើង​ ប៉ុន្តែ​បើ​និយាយ​ពី​បញ្ហា​ប្រឈម​​ ​មិន​ទាន់​ដល់​ថ្នាក់​កំពូល​នោះ​ទេ។​ ​

​លោក​ ​ហោ ​សុ​ខៈ​ បន្ត​ថា​៖​ ​«​​ដូច​ជា​កម្មវិធី​កុមារី​អ៊ីចឹង​ ​យើង​ជួយ​កុមារី​ ​វា​ទាក់​ទង​នឹង​សន្តិ​​សុ​ខ​ ​សុវត្ថិ​ភាព​ដែរ ​កន្លែង​ខ្លះ​ហ្នឹង​ក៏​វារាង​នៅ​ តំបន់​មួយ​ចំនួន​​ទៅ​ជន​បទ​ឆ្ងាយ​ ​អា​កន្លែង​វាល​ឆ្ងាយៗ​ហ្នឹង​​ក៏​គួរ​ឲ្យ​បារម្ភ​ចំពោះ​កុមា​រី​ខា​ង​ពួក​ខ្ញុំ​ដែរ​។​អ៊ីចឹង​ខ្ញុំគិត​ថា ការ​ងារ​នេះ​ ស្រាវ​ជ្រាវ​នេះ​ ​វា​ល្អ​មួយ​ដែរ។​ ​ប្រហែល​ជា​យើង​រក​វិធី​អី​ដើម្បី​ធ្វើ​ការងារ​ហ្នឹង​ទាំងអស់​គ្នា​ដែរ»។​ ​

​លោក​ ​ហោ ​សុខៈ​ បញ្ជាក់​ថា​ ​ចំពោះ​ការ​ងារ​ទាក់​ទង​ទៅនឹង​សុវត្ថិ​ភាព​នេះ​ អង្គការ​ នាយក​សាលា ​និង​គ្រូ​បង្គោល​​ដើរ​តួ​នាទី​ជា​អ្នក​ផ្តល់​ព័ត៌​មាន​នៅ​ក្នុង​កម្ម​វិធី​អង្គការ​របស់​លោក។​ ​

​លោក​ ​យី ​សុង​គី​ ​ប្រធាន​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា ​ខេត្ត​បាត់​ដំបង​ បាន​ប្រាប់​ភ្នំពេញ​​​ប៉ុស្តិ៍​ថា ​មន្ទីរ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​គ្រឹះ​ស្ថាន​សិក្សា​តាម​ស្រុក​រួចហើយ។​ ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​នាយ​នគរ​បាល​ជាតិ​ចុះ​មក​ស្រាវជ្រាវ​ និង​ប្រមូល​ព័ត៌​មាន​នៅ​តាម​សាលា​រៀន ​និង​មន្ទីរ​​នៅ​ឡើយ​ទេ។ ​

​លោក​ ​យី ​សុង​គី​ ​បញ្ជាក់​ថា​៖​ ​«​ដោយ​សារ​យើង​មាន​សេចក្តី​ណែ​នាំ​​ពីខាង​ក្រសួង​អប់​រំ​ហើយ​ អ៊ីចឹង​យើង​អនុ​វត្ត​តាម​សេចក្តី​​ណែនាំ​ ​ត្រូវ​តែ​សហ​ការ​ជា​មួយ​គាត់។​ ​យើង​ត្រូវ​ស្វា​​គមន៍​គាត់​ហើយ​ ព្រោះ​គាត់​មក​ជួយ​ទាក់​ទង​ជា​មួយ​សន្តិ​សុខ​របស់​សាលា​រៀន​ មាន​ច្រើន​ មាន​ទាំង​ពី​ចរា​ចរណ៍​ ​មាន​ទាំង​ពីគ្រឿ​ង​ញៀន និង​​បញ្ហា​ផ្សេងៗ​ ​ទា​ក់​ទង​ជា​មួយ​នឹង​បង​ធំ​ ​បងតូច​អ៊ី​ចឹង​​ណា។​ ខ្ញុំ​គិត​ថា​ឱកាស​ល្អរ​បស់​គ្រឹះស្ថាន​សិក្សា​យើង​ដែល​បាន​គាត់​ចុះ​មក»។​

​លោក​ ​យី ​សុង​គី​ ​បញ្ជាក់​ថា​ ​ចំពោះ​ការ​ចុះ​ស្រាវ​ជ្រាវ​នេះ ​នាយ​នគរ​បាល​ជាតិ​នឹ​ង​អាច​ដឹង​ពីស្ថាន​ភាព​​របស់​សាលារៀន​នីមួយៗ​ ​តាម​​រយៈ​កា​រ​រាយការណ៍​ពី​​នាយ​ក​សាលា​អំពី​បញ្ហា​ផ្សេងៗ​​ ដែល​កើត​មាន​ហើយ​នាយ​​នគរ​បាល​ជាតិ​នៅ​ពេល​​បាន​ព័ត៌​មាន​ទាំង​នេះ​ហើយ​​ ​នឹង​ចាត់​វិធាន​ការ​ដើម្បី​ជួយ​សាលា​រៀន​វិញ៕​