
ក្រសួងអំពាវនាវដល់អ្នកប្រកបរបរតាមសមុទ្រឱ្យប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុដែលកំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវដល់អ្នកប្រកបមុខរបរនៅតាមតំបន់ឆ្នេរឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុដែលកំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលទទួលបានពីម្សិលមិញឱ្យដឹងថា កន្លងមកមានម្ចាស់ទូកមួយចំនួនតូចពុំបានចូលរួមអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ។ ដូច្នេះ ក្រសួងត្រូវធ្វើការអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយបំពាក់ឧបករណ៍សុវត្ថិភាពឱ្យបានគ្រប់គ្រាន់ទៅតាមចំនួនអ្នកដំណើរដែលមានដូចជា អាវពោង ពោងកង់ ពោងសង្គ្រោះ ខ្សែពួរ។ល។
សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ «ម្ចាស់នាវាអ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ត្រូវតាមដានលើបញ្ហាការប្រែប្រួលអាកាសធាតុនេះ ឱ្យបានគ្រប់គ្រាន់ដោយមិនត្រូវចេញទៅឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ»។
លោក ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា ការចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យអ្នកប្រកបរបររកស៊ីនៅតាមនាវានៅសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ព្រោះកន្លងមកនេះមានករណីមួយចំនួនកើតឡើង។ «ខាងក្រសួងធនធានទឹកបានជូនដំណឹងជុំវិញបញ្ហាអាកាសធាតុមានការប្រែប្រួល ជាពិសេសមានខ្យល់ និងរលកខ្លាំងនៅសមុទ្រទើបក្រសួងចេញសេចក្តីជូនដំណឹងបន្ថែមឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត និងកុំចេញទូកក្រែងមានគ្រោះថ្នាក់»។
លោកបន្តថា៖ «បើចេញទៅត្រូវមានពោងសុវត្ថិភាព ដើម្បីឱ្យភ្ញៀវទេសចរណ៍ និងអ្នកបើកពាក់ព្រោះនៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើងយើងបានពាក់វាបណ្តែតខ្លួន និងមិនគ្រោះថ្នាក់ដល់ជីវិត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុមានទូក និងនាវាច្រើនប្រភេទដោយក្នុងនោះសម្រាប់ទូកទេសចរណ៍ ក្រុមការងារជំនាញរបស់ខេត្ត តែងធ្វើការណែនាំដល់ម្ចាស់អាជីវកម្មទូកទេសចរណ៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយបំពាក់ឧបករណ៍ការពារស្តង់ដាសុវត្ថិភាព។ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ និងណែនាំផ្សេងៗ ជាមួយគ្នានេះខេត្តក៏មានមន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹក ចុះធ្វើការត្រួតពិនិត្យជាប្រចាំទៅលើទូកដែលដឹកភ្ញៀវឱ្យគោរពតាមស្តង់ដាសុវត្ថិភាព។
លោក ជិន ចិត្រា អ្នកគ្រប់គ្រងក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C Speedboat ថ្លែងថា៖ «អាជ្ញាធរបានចុះមកណែនាំតាមគោលដៅជាប្រចាំ គឺនៅពេលដែលមានទឹករលក ព្យុះ និងខ្យល់បក់ខ្លាំងគឺអាជ្ញាធរមិនឱ្យចេញទេ»៕
វីដេអូ៖