ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បាន​ចេញ​សេចក្ដី​ណែនាំមួ​យ ​ដោយ​អំពាវ​នា​វដល់​សាធា​​រណជន​ទាំង​អស់ បង្កើនការយក​ចិត្ត​ទុក​ដាក់​អំពី​ការ​បង្ការ ករណី​ពុល​ស្រា និងចំណី​អាហារ រួម​ទាំង​ការ​បង្ការ​ការឆ្លង​ជំងឺ​គ្រុន​ផ្ដា​សាយ​បក្សី ខណៈ​មាន់​ទារាប់​ម៉ឺនក្បាលកំពុង​ត្រូវ​បាន​គេនាំចូលពីបណ្ដាខេត្ត​ និ​ងប្រទេស​ជិត​ខាង​មួយ​ចំនួន ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​រដូវកាល ​នៃពិធី​បុណ្យ​ចូលឆ្នាំ​ចិន ដែល​នឹង​​ចូល​មក​ដល់​នា​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ។

យោងសេចក្ដី​ណែនាំ​​របស់​ក្រសួង​សុខាភិបាល ចុះថ្ងៃទី​ ២៤ ខែ​មករា​ ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​​ម្សិល​មិញ ប្រទេស​កម្ពុជាធ្លាប់មាន​ករណី​ជំងឺផ្តា​សាយ​បក្សី ប្រភេទ H5N1 ចំនួន ៥៦ ករណី ដែល​ក្នុងនោះ ៣៧ ​ករណី បាន​ស្លាប់​ក្នុង​អំឡុងឆ្នាំ ២០០​៥ ដល់​ឆ្នាំ ២០១៤។

ចំណែកករ​ណី​ពុល​ចំណីអា​ហារ និងស្រា​ត្រូវបាន​គេពិនិ​ត្យ​ឃើញ​កើត​មាន​ឡើង​​ជាញឹក​ញាប់​នៅ​កម្ពុជា ពិសេសនៅ​តាម​តំបន់​ទីប្រជុំ​ជននៃ​បណ្ដា​ខេត្ត-ក្រុង ​មួយ​ចំនួន ដែល​បង្កឲ្យ​មាន​ផលប៉ះ​ពាល់​ជាអវិជ្​-​មាន​ដល់​សុខភាព និងថវិកា ទាំង​ក្នុង​គ្រួសារ និងសង្គម​ជាតិ។

ដើម្បី​ចៀសវាងពី​ការពុល​ស្រា ឬ​​ពុល​ចំណីអាហារ ឬ​ការចម្លង​មេរោគ​គ្រុន​ផ្តា​សាយ​បក្សី ក្រសួង​សុខា​ភិបាល​ណែ​នាំ​ថា៖ «បើ​គ្មាន​​ភារកិច្ច លោក​អ្នក​កុំចូល​ទៅ​ក្នុង​កសិដ្ឋាន​ ឬ​ប៉ះពាល់​បក្សី​រស់ ​ឬងាប់ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យពី​បសុពេទ្យ។ លោក​អ្នកកុំបរិភោគស្រា​សដែល​មាន​សារ​​​​​​​ធាតុ​មេតា​ណុល​ខ្ពស់ លើសពី​កម្រិត​ធម្មតា ០,១៥% ​និង​មិន​ត្រូវ​បរិភោគ​បន្លែ ដែល​មាន​សារ​ធាតុ​​​គីមីពុល និង​ត្រី​ សាច់​ដែល​មិន​ឆ្អិន​ល្អ ឬម្ហូប​អាហារ​ដែល​មាន​លក្ខណៈ​ជូរ​ផ្អូម​ឡើយ​»។

​ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល ក៏បាន​អំពាវ​នាវ​ដល់​ស្ថាប័ន និងអាជ្ញា​​​ធរ​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវចូលរួម​ទប់​ស្កា​ត់​ នូវ​បញ្ហា​ទាំងនេះ ដោយចុះត្រួតពិនិត្យ និងផ្សព្វ​ផ្សាយ​អប់​រំ ដល់​ប្រជា​ពលរដ្ឋ​ ក្នុង​មូល​ដ្ឋានជា​ប្រចាំ ជាពិសេស​អ្នកផលិត​ និងអ្នកចែក​ចាយ​បន្ត​នូវបន្លែ​ផ្លែ​ឈើទាំង​អស់​ មិន​ត្រូវប្រើសារធាតុ​គីមីពុលដែល​ត្រូវបាន​ហាម​ឃាត់​ដោយ​​ច្បាប់​ជា​ដាច់​ខាត និងហាម​ការផលិត​ ការចែក​ចាយ និងការធ្វើ​ចរាចរ​​​​ណ៍​នូវប្រភេទ​ស្រា​ ដែល​គ្មាន​អត្ត​សញ្ញា​ណ​ច្បាស់​លាស់ ពិ​សេសប្រភេទ​ស្រាស ដែល​ផលិត​មិន​បាន​ត្រឹម​ត្រូវតាម​បទដ្ឋាន​បច្ចេក​ទេស។​ ​

លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិ​ក​​ម្ម​​ខេត្ត​តាកែវ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន ខេត្ត​តាកែវ បា​ន​​ត្រៀ​ម​ការនាំ​ចេញ​មា​ន់ ​ទា ជាច្រើន​ពាន់​ក្បាល និងបន្លែ​ធម្មជាតិជា​ច្រើន​​តោន​ផង​ដែរទៅ​​រាជ​ធានីភ្នំពេញ​។

លោកថា៖ «​ខេត្តតា​កែវ​យើង​មិន​មាន​ការ​នាំ​ចូល​មាន់​ទា ឬ បន្លែ​បង្ការពី​ប្រទេស​វៀត​ណាម​នោះ​ទេ។ ផ្ទុយ​ទៅ​​វិញ​ សហគមន៍​កសិករ​យើ​ងក្រោម​ការគាំទ្រ​ជំនួយ​បច្ចេក​ទេស​ពី​អង្គការ JICA បាន​ចិញ្ចឹម​និង​ដាំដុះ​បន្លែ​បង្ការប្រកប​ដោយ​សុវត្ថិភា​ព សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ខេត្ត​ផ្ទាល់​ខ្លួន​ផង និងក្នុង​រាជ​ធានី​ភ្នំពេញ​ផង។ នៅ​ក្នុង​រដូវ​ចូល​ឆ្នាំចិន​នេះ ប្រជា​សហគមន៍​កសិករ​យើងបាន​ត្រៀម​នាំយក​មាន់ ទា ដែល​មាន​សុវត្ថិ​ភាព​ និង​អនា​ម័យ​ល្អ ប្រមាណ​ជាង ​៥០០០ ​ក្បាល ចូល​មក​លក់​​រាជ​ធានី​ភ្នំ​ពេញ និងបន្លែ​សុវត្ថិ​ភា​ព​ប្រមាណ​ ៣ ​តោន​ផង​ដែរ»។

ចំណែក​លោក ឈ្នាង សុវុត្ថា ប្រធា​ន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ក្រចេះ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គន្លឹះ​សំខាន់​នៃ​សុខ​ភាព គឺ ហូប​ស្អាត ផឹក​ស្អាត និង រស់​នៅ​ស្អាត ពោល​គឺត្រូវ​លាង​សម្អាត​ដៃនឹង​សាប៊ូ ឬទឹក​ស្អាត មុន​ពេល​ចម្អិន បរិភោគ​អាហារ និងក្រោយ​ពេល​បន្ទោ​បង់។ ម្យ៉ាង​ទៀត អ្នក​ផលិ​ត​ និង​អ្នកលក់​ដូរត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ ចំពោះ​​អ្នកបរិភោគ ធ្វើ​យ៉ាងណាកុំលួ​ចដាក់​បន្ថែម​នូវ​សារធាតុ​គីមី​ពុល ដែល​នាំឲ្យ​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​របស់​អ្នកបរិ​ភោគ។ ការប្រតិ​បត្តិតាម​គោលការណ៍​គ្រឹះ​ខាង​លើ​នេះ នឹងនាំ​មក​នូវ​សុខ​ភាព​ល្អ​គ្រប់ៗ​គ្នា៕