ភ្នំពេញៈ ជំនន់​ទឹកភ្លៀង​បាន​កើតឡើង​ជាថ្មី​ទៀត​នៅតាម​បណ្ដា​ខេត្ត​មួយចំ​នួន​ដែល​ស្ថិត​នៅជាប់​ព្រំដែន​ថៃ​ និង​ឡាវ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាប់ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ ដើម្បី​ទប់​នឹង​ស្ថានការណ៍ ក្រសួង​ធនធានទឹក​ពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ត្រៀមលក្ខណៈ ដើម្បី​បង្ការ និង​ឆ្លើយតប​ជាបន្ទាន់​ទៅ​នឹង​ជំនន់​ទឹកភ្លៀង​ដែល​នឹង​កើតមាន​សាជាថ្មី​។

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ម្សិលមិញ ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​បន្ទាយមានជ័យ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅឡើយ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។ ជាមួយ​គ្នា​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និងអាជ្ញាធរ​ពាក់ព័ន្ធ​ត្រៀមលក្ខណៈ ដើម្បី​បង្ការ ទប់ទល់ និង ឆ្លើយតប​ជាបន្ទាន់​ទៅ​នឹង​ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​កើតមាន​សាជាថ្មី​ម្ដង​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ឡាវ​។

សេចក្ដី​ជូន​ដំណឹង​គូសបញ្ជាក់​ថា​នៅពេល​នេះ​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​បាន​ធ្លាក់ចុះ​សង្កត់​លើ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុងស្ថិត​គង​នៅ​ពី​លើ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​ឡាវ ធ្វើឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​រំកិល​ធ្លាក់​ចុះទៅ​ផ្នែក​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​សាជាថ្មី​ឡើងវិញ​។ ស្ថានភាព​បែបនេះ​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ថែមទៀត​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ដំណាច់​ខែកញ្ញា​នេះ​ដែល​នឹង​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ជាថ្មី​ម្ដងទៀត​។

លោក​ ឱ សេង អធិការ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ ២-៣ ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ បាន​បង្ក​ឲ្យ​មានការ​ជន់​លិច​សាជាថ្មី​នៅក្នុង​ឃុំ​ចំនួន​ ៤ រួមមាន​ឃុំ​កន្តួត យាង ព្រីងធំ និង​ឃុំ​មរកត​។

លោក​ សេង ​បន្ត​ថា​៖ «​ក្នុងចំណោម​ឃុំ​ទាំង​ ៤ ​ខាងលើ​នេះ ឃុំ​មរកត​បាន​រង​ការជន់លិច​ខ្លាំង​ជាងគេ ពិសេស​នៅ​ចំណុច​តំបន់​មុំបី ទឹក​បាន​ជន់​លិច និង​ហូរ​កាត់​ផ្លូវ​មួយ​ចំនួន​ហើយ ប៉ុន្តែ​មិនទាន់​មាន​ការជម្លៀស​អ្នកភូមិ​នោះទេ​»​។

នៅឯ​ខេត្ត​បន្ទាយមានជ័យ ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​បាន​បង្ក​ការ​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ប៉ោយប៉ែត​។ ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ប៉ោយប៉ែត ទឹក​បាន​ជន់​លិច និង​ហូរ​កាត់​ផ្លូវ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ខណៈ​ផ្នែក​ខ្លះ​ទៀត​នៃ​ស្រុក​ស្វាយចេក ស្រុក​ថ្មពួក និង​ស្រុក​អូរជ្រៅ ទឹក​បាន​ជន់​លិច​ភូមិ និង​ផ្លូវ​មួយ​ចំនួន​រហូត​ដល់​ត្រឹម​ជង្គង់​។ នេះ​បើតាម​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ សុង សុខុម អធិការរង​ស្រុក​ស្វាយចេក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទឹកបាន​ជន់​លិច​ផ្លូវ​ក្រវាត់​ភូមិ​ឃុំ​មួយ​ចំនួន​នៅ​ទូទាំង​ស្រុក​ស្វាយចេក​។ លើកលែងតែ​ផ្លូវ​ខេត្ត និង​ផ្លូវជាតិ​សំខាន់ៗ​ដែល​កាត់​តាម​ស្រុក​នេះ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

លោក​និយាយថា​៖ «​ទឹកបាន​ជន់​លិច​ផ្លូវ​មុខផ្ទះ​ខ្ញុំ​ក្នុង​មូលដ្ឋាន​ភូមិ-ឃុំ​រលួស ត្រឹម​ជង្គង់​ហើយ​នៅពេលនេះ​។ ខ្ញុំ​ និង​អ្នកភូមិ​កំពុង​រួម​គ្នា​ធ្វើ​ស្ពាន​ឆ្លង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ទៅកាន់​ទីប្រជុំជន​ផ្សារ​រលួស និង មណ្ឌល​សុខភាព​»​។

លោក​ គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ កំពុង​ចុះ​អន្តរាគមន៍​កាយ​ប្រព័ន្ធ​ដៃ​អូរ​ព្រំដែន និង​អូរនាង ដើម្បី​បើកផ្លូវ​ទឹក​ឲ្យ​ហូរ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​បាន​លឿន ខណៈ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ប៉ោយប៉ែត ទឹក​បាន​ជន់​លិច​កំណាត់​ផ្លូវ​មួយ​ចំនួន​ជា​បណ្ដើរៗ​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​នេះ​សមត្ថកិច្ច​យើង កំពុង​បន្ត​ចុះ​ជីក​កាយ​ពង្រីក​ដៃ​អូរ​មួយ​ចំនួន​ដែល​នៅជាប់​អូរ​ព្រំដែន និង​ស្ដារ​លូទឹក​ព្រម​ទាំង​រៀបចំ​ទីតាំង​សុវត្ថិភាព​មួយចំនួន ដើម្បី​ត្រៀម​បម្រុង​សម្រាប់​ជម្លៀស​អ្នកភូមិ​មួយ​ចំនួន​ចេញពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​ទឹកអូរ​ព្រំដែន​បាន​ហក់​ឡើងជា​បន្តបន្ទាប់​បង្ក​ការជន់លិច​ភូមិ និង​ដីស្រែ​មួយ​ចំនួន​នៅ​សង្កាត់​ផ្សារកណ្ដាល និង សង្កាត់​និម្មិត​»​។

លោក​ យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​ឱ្យដឹងថា នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​បន្ត​ការចុះ​ត្រួតពិនិត្យ និង​កាយ​ពង្រីក​ដៃ​អូរ​មួយចំនួន ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ដែល​រង​ការជន់លិច ខណៈ​អ្នកភូមិ​មួយចំនួន​នៅ​ស្រុក​ថ្មពួក និង​ស្រុក​អូរជ្រៅ ត្រូវ​បាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​។

លោក​និយាយ​ថា​៖ «​នៅពេលនេះ​លំហូរ​ទឹក​កំពុង​ឆ្ពោះ​សំយុង​ទៅកាន់​ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គលបុរី​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គលបុរី​អាច​នឹង​ប្រឈម​ការ​ជន់​លិច​នៅពេល​ខាងមុខនេះ​»​។

ដោយឡែក​លោក​ ជា ពិសិដ្ឋ អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនន់​ទឹកភ្លៀង​បាន​បន្ត​ការជន់​លិច​ជាថ្មី​នៅក្នុង​ស្រុក​បន្ទាយ​អំពិល និង​ស្រុក​អន្លង់វែង​។ ប៉ុន្តែ​នៅ​មិន​ទាន់​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ស្រុក​បន្ទាយ​អំពិល​បាន​ជួប​ការរាំងស្ងួត​ច្រើន​ជាងគេ​ដែល​កន្លងមក​ប្រជាកសិករ​មាន​ក្ដីបារម្ភ​អំពី​កង្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ការងារ​ដាំ​ដុះ​របស់​ពួកគេ ពិសេស​ដំណាំ​ស្រូវ និង​ដំឡូង​មី​។ ជំនន់​ទឹកភ្លៀង​នៅពេល​នេះ បាន​ជួយ​ឲ្យ​ដំណាំ​ស្រូវ​របស់​ពួកគេ​មាន​ការលូតលាស់​បានល្អ​។ ប៉ុន្តែ​សម្រាប់​ដំឡូងមី​អាច​នឹងរង​ការខូចខាត បើសិន​ជា​ទឹក​ហូរ​ស្រក​ទៅវិញ​យឺត ព្រោះ​ដំណាំ​ដំឡូងមី​មិនអាច​ធន់​ទ្រាំ​នឹង​ទឹកបាន​លើស​ពី​ ១ ​សប្ដាហ៍​នោះទេ​»៕