
រូបភាពនៃការប្រើប្រាស់តេឡេក្រាមក្លែងបន្លំ។ រូបថត នគរបាល
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសេចក្តីជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យមានការប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមប្រព័ន្ធតេឡេក្រាមក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ឬឈ្មោះបុគ្គលណាមួយទន្ទឹមគ្នានឹងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍កាលពីថ្ងៃទី ១៥ ខែធ្នូ បានឱ្យដឹងថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាមបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ក្នុងពេលថ្មីៗនេះ។ ឧក្រិដ្ឋជន (Hacker) បានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ ដើម្បីបញ្ជូនមេរោគតាមសារក្នុងកម្មវិធីតេឡេក្រាម សម្រាប់បោកបញ្ឆោតអ្នកប្រើដែលគេបានកំណត់មុខសញ្ញា។
ករណីអ្នកប្រើប្រាស់ចុចបើកឯកសារ ឬកម្មវិធីដែលមានផ្ទុកមេរោគ ឧក្រិដ្ឋជនអាចចូលទៅគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នកប្រើប្រាស់ពីចម្ងាយដោយជោគជ័យ ហើយផ្តល់លទ្ធភាពឱ្យឧក្រិដ្ឋជនលួចយកទិន្នន័យនានា ដូចជា ឯកសារ លេខកូដសម្ងាត់សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងបញ្ជាម៉ាស៊ីនថតរូប និងឧបករណ៍ថតសំឡេងផងដែរ ហើយអាចបន្តលួចព័ត៌មាននៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទ និងប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះទៅបោកបញ្ឆោតអ្នកដទៃទៀត។
មន្ត្រីការិយាល័យឆ្លើយតបបន្ទាន់នៃកុំព្យូទ័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះប្រាប់ថា ដើម្បីចៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់របស់អ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាម គួរតែផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមកឱ្យបានច្បាស់លាស់។
លោកថ្លែងថា៖ «អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯង ករណីសង្ស័យបើគាត់មិនដែលផ្ញើសារមកទេ យើងអាចសួរបញ្ជាក់សាមីខ្លួនដែលបានផ្ញើសារមកហ្នឹង តាមរយៈលេខទូរស័ព្ទផ្ទាល់របស់គាត់ឬអីផ្សេងៗអ៊ីចឹងទៅ ដើម្បីបញ្ជាក់ថា អ្វីដែលគាត់ផ្ញើមកហ្នឹងពិតឬអត់»។
ក្រសួងប្រៃសណីយ៍បញ្ជាក់ថា ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរហៅទូរស័ព្ទទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្តង។ ក្រោយពេលដឹងថា ម្ចាស់គណនីមិនមែនជាម្ចាស់គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ ការទទួលសារពីគណនីនោះតាមរយៈការជ្រើសរើសយកពាក្យជាភាសាអង់គ្លេស ដែលមានអក្សរពណ៌ក្រហមថា «Block User»។
មន្ត្រីការិយាល័យឆ្លើយតបបន្ទាន់នៃកុំព្យូទ័រ ប្រាប់ថាក្រៅពីនោះ អ្នកប្រើប្រាស់អាចបើកមុខងារសុវត្ថិភាពនៅក្នុងកម្មវិធីតេឡេក្រាមដែលក្នុងកម្មវិធីនោះមានមុខងារឱ្យដាក់លេខកូដការពារ ក៏ដូចជាប្រើប្រាស់នូវមុខងារចាក់សោ ២ តង់ ផងដែរ។ បើតាមមន្ត្រីការិយាល័យឆ្លើយតបបន្ទាន់នៃកុំព្យូទ័រ អ្នកវាយប្រហារ អាចអះអាងថា ជាបុគ្គលិកថ្មី ឬជាអ្នកផ្គត់ផ្គង់សេវា ឬជាបុគ្គលធ្វើការនៅស្ថាប័នណាមួយ ឬក៏ដាក់រូបភាពជាមិត្តភក្តិរបស់អ្នកប្រើប្រាស់តេឡេក្រាម ហើយធ្វើការសាកសួរព័ត៌មានជាច្រើន ឬផ្ញើឯកសារណាមួយដើម្បីឱ្យអ្នកប្រើប្រាស់បើកមើល។ ឯកសារទាំងនោះច្រើនតែអាចពាក់ព័ន្ធទៅនឹងប្រធានបទថ្មីៗក្តៅៗ ដែលជនរងគ្រោះអាចមានចំណាប់អារម្មណ៍ចង់ដឹង ចង់អាន ជាដើម។
ថ្មីៗនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នូវវិធីសាស្ត្រវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសារខ្លី ដូចជា Telegram, WhatsApp, Viber, Wechat។ល។ ដើម្បីឱ្យអ្នកប្រើប្រាស់តេឡេក្រាមចុចបើកទៅលើឯកសារភ្ជាប់ក្នុងទម្រង់ជា PDF, Words, Excel, PowerPoint។ល។ នេះបើតាមការផ្សាយរបស់ការិយាល័យឆ្លើយតបបន្ទាន់នៃកុំព្យូទ័រ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចាត់ឱ្យមានក្រុមស្រាវជ្រាវដើម្បីស្វែងរក និងកំណត់មុខសញ្ញាដើម្បីចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ លោកថា កន្លងមកករណីនេះក៏ធ្លាប់កើតមានដែរនៅកម្ពុជា ប៉ុន្តែមិនសូវមានផុលផុសច្រើនឡើយ។
លោក ពៅ ថ្លែងថា៖ «ករណីហ្នឹងធ្លាប់កើតមានច្រើននៅប្រទេសគេ ប៉ុន្តែនៅកម្ពុជា មិនធ្លាប់មានផុលផុសទេ រឿងតេឡេក្រាមនេះ ទើបតែកើតមានក្នុងមួយរយៈពេលចុងក្រោយទេនៅស្រុកយើង»។
លោក ពៅ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានជំនាញបានផ្សព្វផ្សាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្តាញបច្ចេកវិទ្យាផ្សេងៗ ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតលើបណ្តាញបច្ចេកវិទ្យា។
លោក ពៅ ថ្លែងថា៖ «សូមបងប្អូនកុំចុចតំណភ្ជាប់ ឬឯកសារសង្ស័យ ដែលទទួលបានក្នុងប្រអប់សារអ៊ីមែល ឬសារកម្មវិធីទំនាក់ទំនងសង្គមឧទាហរណ៍ កម្មវិធី Telegram Messenger ជាដើម។ល។ ចៀសវាងការទាញយក ឬដំឡើងឯកសារមេរោគ។ ម្យ៉ាងទៀត សូមដំឡើងបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ និងស្កេនមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រជាប្រចាំ»៕