ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យរុះរើសំណង់ប្រាង្គវត្តស្វាយពពែ តាមសំណើព្រះចៅអធិការវត្ត ក្រោយពិនិត្យឃើញថា ជាសំណង់ចាស់ ទ្រុឌទ្រោម និងតូចចង្អៀត ប៉ុន្តែមានស្ថាបត្យករសម្តែងការសោកស្តាយ ដោយសារជាសំណង់ព្រះពុទ្ធសាសនាដ៏កម្រ ដែលគួរតែថែរក្សាឱ្យបានគង់វង្ស។
តាមសេចក្តីបំភ្លឺរបស់ក្រសួងនេះពីថ្ងៃទី ៧ ខែមីនា បានសរសេរថា ក្រុមការងារពាក់ព័ន្ធបានពិនិត្យឃើញថា ប្រាង្គនេះជាសំណង់ចាស់មួយរាងខ្ពស់ដែលកន្លងមកមានការជួសជុល និងបំពាក់ក្បាច់ថ្មីដោយផ្នែកៗ។ រីឯកន្លែងខ្លះមានស្នាមប្រេះបែក ពុកផុយ ចេញដែកច្រែះ កន្លែងខ្លះទៀតមានស្នាមរបកថ្នាំដោយអន្លើៗហើយមានមនុស្សរស់នៅគ្មានអនាម័យ និងសណ្តាប់ធ្នាប់ត្រឹមត្រូវ។
តាមសេចក្តីបំភ្លឺថា «ប្រាង្គនេះមាន ២ ជាន់ គឺនៅជាន់លើជុំវិញរានហាលមានមនុស្សដែលពុំមានប្រភពច្បាស់លាស់មកស្នាក់នៅពុំមានរបៀបរៀបរយ និងគ្មានសណ្តាប់ធ្នាប់ បែបអនាធិបតេយ្យ។ ចំណែកជាន់ក្រោមកាន់តែមានសភាពធ្ងន់ធ្ងរជាងជាន់ខាងលើទៅទៀត ដោយសារមានធ្វើខណ្ឌជាបន្ទប់ស្នាក់នៅមានភាពស្មោកគ្រោកព្រមទាំងគ្មានអនាម័យ កម្រាលឥដ្ឋបាក់បែក និងស្រុត»។
លិខិតបំភ្លឺដដែលថា ព្រះគ្រូចៅអធិការវត្តស្វាយពពែ មានជំហរសុំដោយទទូច ក្រសួងយល់ថា គួរអនុញ្ញាតឱ្យរុះរើសំណង់ប្រាង្គនេះ ដោយយោងលើតម្រូវការប្រើប្រាស់ជាប្រយោជន៍ទៅថ្ងៃក្រោយ។ «ជាកន្លែងព្រះសង្ឃគង់ និងស្នាក់នៅ ហើយ និងសមណសិស្ស និស្សិត មកពីខេត្តរៀនសូត្រ និងស្នាក់នៅ គួបផ្សំនឹងសំណង់ចាស់ទ្រុឌទ្រោម ប្រេះបែក ពុកផុយ ស្រុត តូចចង្អៀត។ល។ បារម្ភខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ណាមួយដល់មនុស្សទៅថ្ងៃក្រោយ»។
ក្រសួងវប្បធម៌បញ្ជាក់ក្នុងលិខិតបំភ្លឺថា កាលពីឆ្នាំ ២០១៨ ក្រុមការងារក៏បានថតរូប និងគូរប្លង់របស់សំណង់ប្រាង្គនេះទុកជាឯកសាររួចរាល់ហើយ។
ថ្មីៗនេះក្រុមការងារអន្តរក្រសួងក៏បានចុះទៅទទួលវត្ថុសិល្បៈ និងវត្ថុផ្សេងៗមួយចំនួនទៀតដែលមាននៅក្នុងប្រាង្គនេះ ដើម្បីយកមកថែរក្សាទុកនៅសារមន្ទីរជាតិរួចរាល់ហើយដែរ។
ព្រះតេជព្រះគុណ សួន តេង ជំនួយការព្រះចៅអធិការវត្តស្វាយពពែ មានសង្ឃដីកាថា ប្រាង្គវត្តដែលកំពុងរុះរើនេះមានអាយុកាល ៩២ ឆ្នាំហើយ ដែលកសាងឡើងក្នុងពុទ្ធសករាជ ២៤៧២ ហើយការរុះរើប្រាង្គវត្តនេះ មិនមែនធ្វើឡើងដោយអត្តនោម័តិនោះទេ គឺមានការយល់ព្រមពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ វត្តស្វាយពពែ ពិតជាត្រូវការចាំបាច់ក្នុងការយកទីតាំងសាងសង់អគារថ្មីជាប្រយោជន៍រួម។
ព្រះតេជព្រះគុណបញ្ជាក់ថា៖ «អត្មាមិនបដិសេធការរិះគន់ទេ ប៉ុន្តែសូមឱ្យពួកគាត់ពិចារណាផងដែរថា វត្តក៏មានផលវិបាក។ ជាក់ស្តែងនៅទីនេះមានសាលារៀន មានអ៊ីចឹងទៅ ត្រូវការទីតាំងដើម្បីរៀបចំឱ្យមានកន្លែងព្រះសង្ឃ និងសិស្សនិស្សិតខ្វះលទ្ធភាពស្នាក់ ហើយប្រាង្គចាស់ហ្នឹងក៏យើងប្រើលែងកើតទៀតហើយ»។
ទោះជាយ៉ាងណា ស្ថាបត្យករខ្មែរម្នាក់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីម្សិលមិញថា លោកមានការសោកស្តាយប្រាង្គវត្តដែលមានក្បាច់រចនាខ្មែរក្រោយសម័យអង្គរដែលត្រូវបានរុះរើចេញព្រោះវាជារបស់កម្រដែលមកទល់បច្ចុប្បន្ន រចនាប័ទ្មនោះនៅមានតែ ៣ ប៉ុណ្ណោះគឺនៅវត្តស្វាយពពែ ១ និងចំនួន ២ ទៀតស្ថិតក្នុងវត្តនៅខេត្តកំពង់ចាម។
លោកថ្លែងថា៖ «ខ្ញុំអត់ចង់ឱ្យមានការរុះរើទេ ទោះបីជាស្ថាបត្យកម្មហ្នឹងវាកម្រ បើនិយាយពីសំណង់ព្រះពុទ្ធសាសនាយើងក្រោយសម័យអង្គរត្រូវតែថែរក្សា ព្រោះសំណង់ព្រះពុទ្ធសាសនារងគ្រោះខ្លាំងណាស់នៅសម័យរដ្ឋកម្ពុជា និងខ្មែរក្រហម អ៊ីចឹងមកដល់សម័យសន្តិភាពវាគួរតែរក្សាវាឱ្យបានព្រោះតាមឯកសារសំណង់ត្រូវបានបាត់បង់ដោយសង្គ្រាមចុះមានសន្តិភាពហើយ ម៉េចបានយើងបាត់បង់វាទៀត?»។
ស្ថាបត្យកររូបនោះបន្ថែមថា មូលហេតុមិនចង់ឱ្យរុះរើ ព្រោះទីនោះជាកន្លែងស្តង់ដាសម្រាប់ស្ថាបត្យករសិក្សាស្រាវជ្រាវ។ ការបាត់បង់របស់បុរាណកម្រមួយគឺស្មើនឹងបាត់បង់ឫសគល់ខ្លួនឯងដែលមានអត្តសញ្ញាណ វប្បធម៌ ស្ថាបត្យកម្ម សិល្បៈ និងចម្លាក់ផ្សេងៗ៕