ភ្នំពេញៈ ក្រសួង​ធនធានទឹក​​ និង​ឧតុនិយម​បាន​ជំរុញ​អង្គការ​ WCS ​ឱ្យ​ពន្លឿន​ការបំពេញ​នីតិវិធី​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ត្រូវផុត​​កំណត់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ​ នេះ ​សម្រាប់​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប និង​ជំរុញ​ផលិតកម្ម​ស្រូវ​​ក្នុង​តំបន់​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជីនិត​ក្នុង​ខេត្តកំពង់ធំ បន្ទាប់ពី​​អង្គការ​ WCS ​មាន ការយឺតយ៉ាវ​​លើ​ដំណើរការ​នេះ​។

ការជំរុញ​បែបនេះ​ធ្វើឡើង​​ដោយ​លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ Video Conference កាលពី​ម្សិលមិញ ដោយ​​លោក​បាន​ណែនាំ​ជា​កំហិត​ឱ្យ​ WCS បំពេញ​តាម​បែបបទ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ធរមាន​ឱ្យបាន​ឆាប់​បំផុត​ដោយ​មិនឱ្យ​លើសពី​ថ្ងៃទី​ ១៥ ​ខែ ធ្នូ នេះ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ការដែល​តម្រូវឱ្យ​បញ្ចប់​នេះ​គឺ​ដើម្បី ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បន្ត​នីតិវិធី​លើ​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជីនិត ក្នុង​ខេត្តកំពង់ធំ​ឱ្យបាន​ឆាប់​បាន​ខាងមុខនេះ​»​។

ពាក់ព័ន្ធ​នឹង​ញ្ហា​ភាពយឹតយ៉ាវ​នេះ លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បានស្នើសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ ក៏ ប៉ុន្តែ​លោក​បានឱ្យ ដឹងថា គម្រោង​នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើយ៉ាងណា​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​ទៅលើ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ជម្រក​សត្វ​ស្លាប​ដែល​​ជា​ប្រភេទ​សត្វ​កម្រ ជាពិសេស​ប្រភេទ​សត្វ​ខ្សឹប​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​​មាន​គម្រោង​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​ជីនិត ដើម្បី​បាន​ទឹក​ស្រោចស្រព​នៅ​តំបន់​នេះ​ជាមួយ​ ADB​។ ​ដល់​អ៊ីចឹងទៅ​កិច្ចការងារ​បរិស្ថាន អភិរក្ស​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​គាំទ្រ​គម្រោង​​នេះ​...​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​អង្គការ WCS ចូលរួម​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ខ្ពស់បំផុត​ទៅលើ​ហានិភ័យ និង​ប៉ះពាល់​លើ​ជម្រក​សត្វ​ស្លាប​»​។

បើ​តាម​លោក កែន សិរីរដ្ឋា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ស្រោចស្រព​នេះ​អាច​ប៉ះពាល់​ជម្រក​សត្វ​ស្លាប​កម្រ​នៅ​ទីនោះ ជាពិសេស​សត្វ​ខ្សឹប​ដែលមាន​ជាង​ ១០០ ​ក្បាល​។ ​រីឯ​ខាង​រដ្ឋាភិបាល​ និង​ ADB ​ចង់ឱ្យ​ខាង​អង្គការ​ពិនិត្យ​មើល​ផែនការ​​យុទ្ធសាស្ត្រ​ដូចម្តេច​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៅ​ទីនោះ​។

លោក កែន សិរីរដ្ឋា បាន​ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​របត់ថ្មី​ចង់ឃើញ​ការអភិវឌ្ឍ​ត្រូវ​ដើរ​ជាមួយ​នឹង​ការអភិរក្ស​។

លោក​បន្ថែមថា គម្រោង​របស់​ wcs ​មិនមែន​ធ្វើ​តែ​លើ​ការអភិរក្ស​ធនធាន​ធម្មជាតិ​ទេ តែ​ក៏​ធ្វើជា​មួយ​កសិករ​នៅ​ទីនោះ​ដែរ​។ ​ប៉ុន្តែ​ការគាំទ្រ​ដល់​ប្រព័ន្ធ​ស្រោចស្រព​នេះ​ថា តើ​កសិករ​គាត់​នឹង​ចូលរួម​អភិរក្ស​យ៉ាង​ដូចម្តេច​?

លោក យូ ឡា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​កំពង់ធំ បានឱ្យដឹងថា រហូត​មកទល់​ពេលនេះ​លោក​មិនទាន់​ដឹង​ពី​គម្រោង​នេះ​ជាក់លាក់​ទេ ដោយ​គ្រាន់តែ​ដឹងថា កន្លងមក​​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​បាន​ចុះសិក្សា​នៅ​តំបន់​នេះ​។

លោក​ថា​៖ «​គម្រោង​នេះ​មិន​​ទាន់​ចាប់ផ្តើម​ទេ គ្រាន់តែ​ឃើញ​ខាង​ទីប្រឹក្សា​ចុះ​ពិនិត្យ និង​សិក្សា ហើយ​គម្រោង​នេះ​គេ​ដាក់ចូល​ទៅក្នុង​គម្រោង​អភិវឌ្ឍន៍​ហើយ ...«​ខ្ញុំ​រង់ចាំតែ​អនុវត្ត ប៉ុន្តែ​បើ​គេ​សិក្សា​ទៅ​វា​ប៉ះពាល់​ដល់​ការអភិរក្ស​សត្វ​ក៏​គេ​មិន​ឱ្យធ្វើ​ដែរ​...»​។

ក្រសួង​ធនធានទឹក​អនុញ្ញាត​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ផ្តល់​កិច្ចសន្យា​ផ្ទាល់​ទៅឱ្យ WCS តាមរយៈ​កិច្ចសន្យា ADB IAIP- CS04 ដើម្បីឱ្យ​ដឹកនាំ​អភិរក្ស​សត្វកម្រ​ជិត​ផុត​ពូជ សត្វ​ខ្សឹប និង​ជំរុញ​ខឿន​ផលិតកម្ម​ដំណាំ​ស្រូវ​ក្នុង​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត​ក្នុង​ខេត្ត​កំពង់ធំ​៕