ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​យល់ព្រម​ឲ្យ​រៀបចំ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​នៅ​សាលា​គរុកោសល្យ​ខេត្ត​ព្រៃវែង​ទៅតាម​សំណើ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​​ឲ្យ​រឹតតែ​ទូលំទូលាយ​។

យោង​តាម​លិខិត​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ចុះ​ថ្ងៃទី​ ១៥ ខែ​​ សីហា​​ ផ្ញើជូន​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​បានអនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​នេះ​ប្រើប្រាស់​ទីតាំង​​បរិវេណ​វិទ្យាស្ថាន​គរុកោសល្យ​ទាំង​ ២ ​និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ដើម្បី​រៀបចំ​ជា​បន្ទប់ ការិយាល័យ​ដោយ​ដាក់​ឈ្មោះ​ “​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​” ​សម្រាប់​ជា​កន្លែង​អប់រំ​ផ្សព្វផ្សាយ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ជូន​ដល់​គរុសិស្ស និង​សិស្ស​ឲ្យ​បាន​ទូលំទូលាយ​។

លោក ផេង ពង្សរ៉ាស៊ី នាយក​​មជ្ឈមណ្ឌល​ឯកសារ និង​ការស្រាវជ្រាវ និង​ការអប់រំ​ពី​របប​ប្រល័យពូជសាសន៍​ខេត្ត​ព្រៃវែង​​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការិយាល័យ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សងជំងឺចិត្ត​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ.វ.ត.ក​) ​ក្នុង​រឿង​សំណុំរឿង ០០២​។

លោក​បាន​ថ្លែង​ថា​៖ «​នាយក​មជ្ឈមណ្ឌល​រូបនេះ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ដោយ​ស្នើ​បង្កើត​​ការិយាល័យ​នេះ​នៅក្នុង​គរុកោលស្យ​តំបន់​ភូមិភាគ​ចំនួន ​៦ ​ទូទាំងប្រទេស​។ ​គោលបំណង​​នៃ​ការបង្កើត​នេះ​មិន​គ្រាន់តែ​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​សហគមន៍​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជួយ​អប់រំ​គរុសិស្ស​នៅក្នុង​សាលា​គរុកោសល្យ​នីមួយៗ​ផងដែរ​។ លោក​បន្ថែម​ថា ការិយាល័យ​ ៥​ ​ផ្សេង​ទៀត​នឹង​រួចរាល់​ត្រឹម​ឆ្នាំ​ ២០២២​។

លោក​បន្ត​ថា​៖ «​នេះ​ដើម្បី​ធ្វើឲ្យ​ពួកគេ​រៀនសូត្រ​ប្រវត្តិសាស្ត្រ​​ និង​អាច​បង្រៀន​ប្រវត្តិសាស្ត្រ​ដោយ​ផ្អែកលើ​ការពិត​ជា​ប្រវត្តិសាស្ត្រ​ហើយ​មិន​លម្អៀង​ចំពោះ​​គណបក្ស​នយោបាយ​ណាមួយ​។

ដូច្នេះ​ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឲ្យ​យើង​រៀបចំ​ការិយាល័យ​នៅក្នុង​គរុកោសល្យ​តំបន់​ភូមិភាគ​ចំនួន​ ៦»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​​កីឡា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការិយាល័យ​នេះ​ជា​គន្លឹះ​បង្កើន​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ដល់​គរុសិស្ស​ដែល​ជា​អាទិភាព​តែមួយ​របស់​ក្រសួង​អប់រំ​។

លោក​ថា​៖ «​ការបង្កើន​សមត្ថភាព​គរុសិស្ស​ជា​ដំណើរការ​សំខាន់​ក្នុង​ការពង្រឹង​គុណភាព​អប់រំ​»៕ Nan