ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពាវនាវ​ជាថ្មី​​ឲ្យ​ពលរដ្ឋ​ធ្វើការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​នៅ​តំបន់​មួយចំនួន បន្ទាប់ពី​កម្ពុជា​ទទួលរង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន​ដែល​នឹង​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

សេចក្តី​ជូនដំណឹង​ស្តីពី​បញ្ហា​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដែល​ធ្វើការ​ព្យាករ​ចាប់ពី​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី​ ៣១ ខែ​តុលា ចេញផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន​បាន​និង​កំពុង​គ្របដណ្តប់​មកលើ​កម្ពុជា​ដែល​ធ្វើឲ្យ​ភ្លៀង​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

ការទទួលរង​បាតុភូត​នេះ​បាន​ធ្វើឲ្យ​តំបន់​ខ្លះ​ដូចជា ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និង​មណ្ឌលគិរី​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​នៅក្នុង​កម្រិត​បរិមាណ​ពី​ខ្សោយ​ទៅ​តិច​ចាប់ពី​ថ្ងៃទី​ ២៨-៣១ ខែតុលា​។

ក្រសួង​បន្ត​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​ ២៥-៣១ ខែ​តុលា​ ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​នៅជាប់​តំបន់​មាត់សមុទ្រ​ទាំងអស់​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។

ស្រប​ពេល​ដែល​ភ្លៀង​បន្ត​ធ្លាក់​នេះ ក្រសួង​ធនធានទឹក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នៅ​កើតមាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​។

ក្នុង​រយៈពេល ៨ ​ខែ​ឆ្នាំ ២០១៩ នេះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បានសម្លាប់​មនុស្ស ៦ នាក់ និង​បង្ក​របួស ៩៣ ​នាក់ ខណៈ​បាតុភូត​រន្ទះបាញ់​បានសម្លាប់​មនុស្ស ៧៧ នាក់ និង​បង្ក​របួស ៧៥ នាក់​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ខែ​តុលា​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​នាពេល​កន្លងទៅ​បាន​ណែនាំ​វិធី​ការពារ​ខ្លួន​ពី​រន្ទះបាញ់​ និង​សង្គ្រោះ​បឋម​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ពេល​ត្រូវ​រន្ទះបាញ់​គឺ បណ្តាល​មកពី​ការគាំង​បេះដូង ព្រោះ​នៅពេល​រន្ទះបាញ់​ចំ​មនុស្ស ចរន្ត​ទាំងអស់​បាន​ឆ្លងទៅ​ដី ជា​មូលហេតុ​ឲ្យ​សាច់ដុំ​បេះដូង​បញ្ឈប់​ចលនា​។

តាម​ការណែនាំ​ដដែល​បាន​បន្តថា នៅពេល​ជួយ​សង្គ្រោះ​ជនរងគ្រោះ អ្នក​ជួយសង្គ្រោះ​ត្រូវ​ពិនិត្យថា កន្លែង​គ្រោះថ្នាក់​មាន​សុវត្ថិភាព​វិញ​ហើយ ហើយ​បើ​ស្ថានភាព​ជនរងគ្រោះ​ពុំមាន​ចលនា​ដង្ហើម គ្មាន​ជីពចរ គ្មាន​របួស​លើ​ឆ្អឹង​កង ការធ្វើ​ចលនា​បេះដូង ដង្ហើម​ត្រូវ​ចាប់ផ្តើម​ភ្លាមៗ​រហូត​មាន​ក្រុម​សង្គ្រោះ​មកជួយ​។

ចំណែក​ក្នុង​ករណី​ដែល​រន្ទះបាញ់​ចំ​មនុស្ស​មួយក្រុម ការសង្គ្រោះ​បឋម​ត្រូវ​ធ្វើ​លើ​អ្នក​គាំងបេះដូង និង​ដង្ហើម​មុនគេ​។

ការណែនាំ​នោះ​បាន​បញ្ជាក់ថា វិធី​ការពារ​ខ្លួន​ពី​រន្ទះ​គឺ​ពេល​កំពុង​បើកបរ​រថយន្ត ត្រូវ​ស្ថិតក្នុង​រថយន្ត និង​មិនត្រូវ​ប៉ះ​វត្ថុចម្លង​។ បើ​នៅ​ទីវាល​គ្មាន​ដើមឈើ ត្រូវ​អង្គុយ​ចុះ ឃ្លាត​ពី​គ្នា​ចម្ងាយ ៣០ ​ម៉ែត្រ​។ មិនត្រូវ​ជ្រក​ក្រោម​ដើមឈើ​។ ត្រូវ​ស្ថិតនៅ​ក្នុងផ្ទះ និង​ត្រូវ​បិទ​ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ​»៕