ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រកាស​ដាក់​​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ថែទាំ​ផ្លូវ​ដ៏ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​មួយ​ឈ្មោះ​ថា «Road Care Mobile App» ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​ករណី​ផ្លូវ​ខូច​តាមរយៈ​ទូរស័ព្ទដៃ Smart Phone ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ជួសជុល​ផ្លូវ​ឡើងវិញ​បាន​ទាន់​ពេល​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​នោះ​លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ​បាន​ណែនាំ​ថា ពលរដ្ឋ​ទូទៅ​នៅ​កម្ពុជា​អាច​ទាញ​យក​កម្មវិធី Road Care Mobile App នេះ​ពី​ក្នុង​ទូរស័ព្ទដៃ​ ឬ​ប្រព័ន្ធ​បណ្ដាញ​សង្គម​របស់​ខ្លួន ហើយ​អាច​រាយការណ៍​ផ្ទាល់​អំពី​ព័ត៌មាន​ផ្លូវ​ជង្ហុក​តូច ធំ មក​កាន់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ និង​ជួលជុល​ឲ្យ​ទាន់ពេល​។

លោក​ថា​៖ «​សេចក្ដី​រាយការណ៍​ពី​ផ្លូវ​ខូច ផ្លូវ​ជង្ហុក សំបុកមាន់ ចាំបាច់​ត្រូវ​ភ្ជាប់​ជាមួយ​រូបភាព វីដេអូគ្លីប​ខ្លីៗ​បញ្ជាក់​ពី​ទីតាំង​នោះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​យើង​ងាយស្រួល​ចាត់ចែង​អន្តរាគមន៍​ជួសជុល​ឡើងវិញ​»​។

បើ​តាម​លោក សុទ្ធាយុត្តិ អ្នក​ប្រើប្រាស់​ផ្លូវ​អាច​ទាញ​យក​កម្មវិធី​នេះ​ដោយ​គ្រាន់​​តែ​ចុះឈ្មោះ​ក្នុង​កម្មវិធី​នេះ​តាមរយៈ​ប្រព័ន្ធ​ Facebook ឬ Google ដោយ​បញ្ចូល​ឈ្មោះ អ៊ីមែល ឬ លេខ​ទូរស័ព្ទ និង​លេខ​សម្ងាត់​ដើម្បី​ទទួល​បាន​លេខ​កូដ​គណនី​ថ្មី​មួយ​ពី​កម្មវិធី ហើយ​ត្រូវ​ផ្ទៀងផ្ទាត់​លេខ​កូដ​គណនី​ថ្មី​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក​បាន​បន្ត​ថា កម្មវិធី​នេះ​បច្ចុប្បន្ន​មាន​នៅ​លើ Play Store រួច​ហើយ ដូច្នេះ​អ្នក​ប្រើ​ទូរស័ព្ទ Sumsong Huawei និង​ Oppo អាច​ទាញ​យក​កម្មវិធី​នេះ​បាន​។ ​ប៉ុន្តែ​អ្នក​ប្រើ​ទូរស័ព្ទ iphone មិន​ទាន់​អាច​ទាញ​​យក​បាន​ទេ ដោយ​ក្រុម​បច្ចេកទេស​​កំពុង​ដាក់​សំណើ​បញ្ចូល​ក្នុង​ App Store​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ចូលរួម​ជា​អធិបតី​បាន​ថ្លែង​ថា កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ពង្រឹង​គុណភាព​ផ្លូវ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ជួសជុល​ និង​ថែទាំ​នៅ​ទូទាំង​ប្រទេស​តាមរយៈ​ការរាយការណ៍​ពី​ផ្លូវ​ខូច ។

លោក​បាន​បន្ត​ថា​៖ «​កម្មវិធី​ថែទាំ​ផ្លូវ ឬ Road Care Mobile App នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង ដោយសារ​ជង្ហុក​សម្បុកមាន់ និង​ផ្លូវ​ខូច​ព្រម​ទាំង​ជួយ​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​កម្មវិធី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​កូន​ខ្មែរ​យើង​ដែល​បាន​ប្រឹងប្រែង​បង្កើត​វា​បាន​ដោយ​ជោគជ័យ​។ កម្មវិធី​នេះ​គឺជា​កម្មវិធី​ថ្មី​ដំបូង​គេ​បំផុត​ដែល​មាន​តែ​នៅ​កម្ពុជា​យើង​ទេ ប្រទេស​តំបន់​អាស៊ាន​ ឬ​ក្នុង​ពិភពលោក​នៅ​​មិន​ទាន់​បាន​បង្កើត​កម្មវិធី​នេះ​ទេ​»​។

ទោះ​ជា​បែប​ណា​ក្ដី​លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​ផ្លូវ អង្គភាព​ទទួល​បន្ទុក​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវថ្នល់ អ្នក​អនុវត្ត​ការងារ​ជួសជុល​ថែទាំ​ផ្លូវថ្នល់​ត្រូវ​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការងារ​សាងសង់ ជួសជុល​ថែទាំ​ផ្លូវ​ឲ្យ​កាន់តែ​ប្រសើរ​​ឡើង ជាពិសេស​ត្រូវ​ពង្រឹង​ទៅ​លើ​ស្តង់ដារ​គុណភាព​ផ្លូវ​ក៏​ដូច​ជួសជុល​ផ្លូវ​ឲ្យ​បាន​ទាន់​ពេល ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​រាយការណ៍​របស់​ពលរដ្ឋ ។

គួរ​បញ្ជាក់​ថា​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី Road Care Mobile App នោះ​ក៏​មាន​ពិធី​ចុះហត្ថលេខា​ស្ដីពី​កិច្ចសន្យា​លើក​កម្រិត​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​ ១ ​និង​លេខ​ ៦ ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​,​គម្រោង​កែលម្អ​ផ្លូវ​ថ្នល់​រវាង​ក្រសួង​សាធារណការ និង ក្រុមហ៊ុន​ចិន​ចំនួន​ ៣ ដែល​ទទួល​បន្ទុក​ជួសជុល និង​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​ ១ ពី​អ្នក​លឿង​ដល់​ស្វាយជ្រំ​មាន​ប្រវែង ​៤៧,៧០ ​គីឡូម៉ែត្រ ,​កំណាត់​ផ្លូវជាតិ​លេខ​ ១ ​ពី​ស្វាយជ្រំ​ដល់​ក្រុង​បាវិត​ប្រវែង ៤៨ គីឡូម៉ែត្រ និង​កំណាត់​ផ្លូវជាតិ​លេខ​ ៦ ពី​ក្រុង​សៀមរាប​ដល់​ស្រុក​ក្រឡាញ់​មាន​ប្រវែង ៤៥,៨៨ ​គីឡូម៉ែត្រ​៕