ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ «មជ្ឈមណ្ឌល​ការងារ​ចល័ត» (Mobile Job Center) សម្រាប់​នាំ​យក​សេវា​ការងារ​និង​ព័ត៌មាន​ឱកាស​ការងារ​ទៅ​កាន់​ពលរដ្ឋ​ដែល​ស្វែងរក​ការងារ ជា​ពិសេស​នៅ​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​ការងារ​នេះ។

ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ ២៦ កុម្ភៈ ឆ្នាំនេះ នៅ​ទីស្ដីការ​ក្រសួង​ការងារ ក្នុង​សន្និសីទ​បិទ​គម្រោង​ស្តី​ពី «ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត» ដោយ​មាន​ការ​ចូលរួម​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​លោក ស្រី ម៉ារៀ សាគ្រិន ឯក​អគ្គ​រដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា លោក​ស្រី អេវ៉ា ថេអីស ប្រធាន​ផ្នែក​ទំនាក់​ទំនង​អន្ដរជាតិ​នៃ​ទីភ្នាក់ងារ​ផ្ដល់​សេវា​ការងារ​សាធា​រណៈ​ស៊ុយអែត ព្រម​ទាំង​តំណាង​មក​ពី​ស្ថានទូត​ស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិត NGO និង​ដៃគូ​អភិវឌ្ឍន៍​នានា។

«មជ្ឈមណ្ឌល​ការងារ​ចល័ត» ជា​មជ្ឈមណ្ឌល​មុន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​រៀបចំ​បំពាក់​តាម​រថយន្ត​មីនីវែន (Mini Van) ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​គ្រប់​បណ្តា​ខេត្ត និង​តំបន់​ដាច់​ស្រយាល​ដើម្បី​ផ្តល់​ព័ត៌មាន​ស្ដីពី​ការងារ​ដល់​អ្នក​ស្វែងរក​ការងារ។

«មជ្ឈមណ្ឌល​ការងារ​ចល័ត» នេះ មាន​មុខងារ​ផ្តល់​សេវា​ដូច​មជ្ឈមណ្ឌល​ការងារ​ធម្មតា​ដែរ ប៉ុន្តែ​ចំណុច​ពិសេស​គឺ​ទៅ​ជិត​ពលរដ្ឋ​ដើម្បី​ផ្ដល់​ព័ត៌មាន​ការងារ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​រក​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ទម្រង់​ក្រដាស ការ​ទទួល​ប្រឹក្សា​យោបល់​ការងារ និង​បណ្ណាល័យ​ការងារ​ជាដើម។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «មជ្ឈមណ្ឌល​ការងារ​ចល័ត» នោះ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ស្នើ​ដល់ (SIDA) និង (SPES) ឲ្យ​បន្ត​ជួយ​ដល់ (NEA) ក្នុង​ការ​បង្កើត​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​នូវ «មជ្ឈមណ្ឌល​ការងារ​ចល័ត» ដើម្បី​ពង្រីក​វិសាល​ភាព​នៅ​ទូទាំង​ប្រទេស​សំដៅ​បង្រួញ​គម្លាត​នៃ​ការខក​ខាន​មិន​ទទួល​បាន​ឱកាស​ការងារ​និង​ជំរុញ​ការ​ទទួល​បាន​ព័ត៌មាន​ពី​ការងារ​ឲ្យ​ទូលាយ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា៖ «តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​យើង​នឹង​អាច​ផ្ដល់​សេវា​ចុះ​ឈ្មោះ​ដល់​អ្នក​ដែល​ចង់​ស្វែងរក​ការងារ​នៅ​នឹង​កន្លែង។ ផ្ដល់​សេវា​ស្វែងរក​ការងារ និង​បណ្ណាល័យ​ការងារ សេវា​ប្រឹក្សា​យោបល់​អំពី​អាជីព និង​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​កម្ពុជា»។ «វា​ពិត​ជា​មាន​តម្លៃ​ធំធេង​ណាស់ ក្នុង​ការ​ផ្តល់​សារ​ទៅ​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​យុវជន​នូវ​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ពិត​ប្រាកដ»។

តាម​របាយការណ៍ NEA ចាប់ពី​អនុវត្ត​គម្រោង​ជាមួយ SIDA ក្នុង​ឆ្នាំ ២០១៣ រហូត​មក​ទល់​ពេល​នេះ គម្រោង​សម្រេច​បាន​លទ្ធផល​មាន​ជាអាទិ៍ អ្នក​ទទួល​ផល​ផ្ទាល់​ភាគ​ច្រើន​ជា​យុវជន សិស្ស និស្សិត ស្ត្រី​និង​ជន​ពិការ

ដែល​បា​នទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​និង​មាន​ឱកាស​ការងារ​ដូចជា ការ​បណ្តុះ​បណ្តាល​ជំនាញ​ទន់ និង​សហគ្រិន​ភាព​ចំនួន ៣ ៤៥០ នាក់ អ្នក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​សរុប​ប្រមាណ ៩ ម៉ឺន​នាក់ អ្នក​ទទួល​បាន​ការងារ​ធ្វើ​ប្រមាណ ២ ម៉ឺន​នាក់ សិស្ស និស្សិត និង​អ្នក​ស្វែងរក​ការងារ​ទទួល​ការ​ប្រឹក្សា​អាជីព​ប្រមាណ ១៤ ម៉ឺន​នាក់ និង​យុវជន​ទទួល​បាន​កម្ម​សិក្សា​មាន​ចំនួន ៧៤៩ នាក់។

លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​កាល​ពី ១០ ឆ្នាំ​មុន កម្ពុជា​មិន​ទាន់​មាន​ព័ត៌មាន​ទីផ្សារ​ការងារ​ច្រើន​ទេ តែ​បច្ចុប្បន្ន​តាមរយៈ NEA និង (SIDA) បាន​ផ្តល់​ព័ត៌មាន​នេះ​ទូលំ​ទូលាយ​ដល់​ពលរដ្ឋ​កម្ពុជា។

លោកស្រី​ថ្លែងថា៖ «រដ្ឋា​ភិបាល​ស៊ុយអែត​សូម​កោត​សរសើរ​និង​អបអរ​សាទរ​ដល់ NEA ដែល​បាន​សម្រេច​បាន​យ៉ាង​ជោគជ័យ​នូវ​គម្រោង​ជាច្រើន​ជាមួយ (SIDA) និង (SPES) នា​ពេល​កន្លង​មក»។

លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ការងារ​ចល័ត​តាម​ខេត្ដ​ពិសេស​នៅ​ជនបទ​នេះ។

លោក​ថា៖ «ខ្ញុំ​យល់ថា ពលរដ្ឋ​យើង​នៅតាម​ជនបទ​សព្វថ្ងៃ​នេះ គាត់​នៅ​ខ្វះ​ការ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការងារ ពេល​គាត់​ចង់​ទទួល​បាន​ការងារ​ពួកគាត់​ត្រូវ​ឡើង​មក​ភ្នំពេញ មានន័យ​ថា ពួក​គាត់​នៅ​ខ្វះ​ព័ត៌មាន ប៉ុន្ដែ​ក៏មាន​ខេត្ដ​ខ្លះ​មាន​មជ្ឈមណ្ឌល​ការងារ និង​មុខរបរ​ដែរ។ ដូច្នេះ​កាល​ពី​មុន ពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ឥឡូវ​ក្រសួង​មាន​មជ្ឈមណ្ឌល​នេះ​ខ្ញុំ​គិត​ថា ល្អ​ណាស់»។

លោក​បាន​បន្ថែមថា៖ «វា​បាន​ផ្ដល់នូវ​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​នៅ​ពេល​ពួក​គាត់​ចង់​ស្វែងរក​ការងារ​ធ្វើ ព្រោះ​ក្រុម​ចល័ត​របស់​ក្រសួង​នោះ គាត់​អាច​មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​អាច​ផ្ដល់​ព័ត៌មាន​នោះ​ទៅ​ដល់​ពលរដ្ឋ»៕