ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​រួមទាំង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា (SUN- CSA) បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា ខណៈ​ពេល​ដែល​មាន​កុមារ​កម្ពុជា​ចំនួន ៣២ ​នាក់​ក្នុង​ចំណោម ១០០ ​នាក់​បាន​ប្រឈម​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ទាន់​យល់ដឹង​ពី​បញ្ហា​នេះ​។

លោក ហ៊ូ ក្រើន អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ SUN CSA បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ថា​៖ «​កុមារ​កម្ពុជា​ចំនួន ៣២ នាក់​ក្នុង​ចំណោម ១០០ ​នាក់​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​គឺជា​អត្រា​មួយ​ដ៏ខ្ពស់​ដែល​យើង​ទាំងអស់​គ្នា​មិន​អាច​ទទួល​យក​បាន​ទេ​។ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​មិន​ត្រឹម​តែ​ធ្វើឲ្យ​ប៉ះពាល់​ការអភិវឌ្ឍ​ផ្នែក​រាងកាយ ស្មារតី តែប៉ុណ្ណោះ​ទេ​ថែម​ទាំង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផលិតភាព​ការងារ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទៀត​ផង​»​។

លោក​បាន​បង្ហាញ​ថា​តាម​ការស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​ធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុជា​ខាតបង់​ចំនួន​ ២៥០ ​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ ១,៧ នៃ​ផលិតផល​ក្នុង​ស្រុក​របស់​កម្ពុជា ដែល​ការបាត់បង់​នេះ​ជា​ការ​បាត់បង់​ជា​រៀងរាល់​ឆ្នាំ​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​យើង​បាន​ចាត់ទុក និង​ផ្ដល់​អាទិភាព​យ៉ាង​សំខាន់​លើ​វិស័យ​អាហារូបត្ថម្ភ និង​សន្ដិសុខ​ស្បៀង​នេះ តែ​ជា​អកុសល​បងប្អូន​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​យល់​ជ្រួតជ្រាប សូម្បី​តែ​ពាក្យ​ថា​អាហារូបត្ថម្ភ​នេះ​ផង​»​។

លោក សុខ ស៊ីទ្បូ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ និង​ជា​អ្នកសម្របសម្រួល​ថ្នាក់ជាតិ​សម្រាប់​ចលនា​អាហារូបត្ថម្ភ​កម្ពុជា​បាន​លើកឡើង​ថា​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​កន្លង​មក​នេះ ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​សង្គម​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការលើក​កម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ មាតា ទារក និង​កុមារ​។

លោក​បាន​បង្ហាញ​ថា​ ផ្អែក​តាម​លទ្ធផល​អង្កេត​សុខភាព​ប្រជាសាស្ត្រ​ឆ្នាំ ២០១៤ របស់​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា​អត្រា​កុមារ​ក្រិស​ក្រិន​ត្រូវ​បាន​កាត់បន្ថយ​ពី​ចំនួន ៥០% នៅ​ឆ្នាំ​ ២០០០ មក​ត្រឹម​ ៣២% នៅ​ឆ្នាំ​ ២០១៤ ​អត្រា​កុមារ​មាន​ទម្ងន់​ទាប​ត្រូវ​បាន​កាត់បន្ថយ​ពី​ចំនួន ៣៩% នៅ​ឆ្នាំ ២០០០ មក​ត្រឹម ២៤% នៅ​ឆ្នាំ​ ២០១៤, អត្រា ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​កង្វះ​អាហារូបត្ថម្ភ​ត្រូវ​បាន​កាត់បន្ថយ​ពី​ចំនួន ២១% នៅ​ឆ្នាំ​ ២០០០ មក​ត្រឹម​ ១៤% នៅ​ឆ្នាំ ២០១៤ និង អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែ​មួយ​មុខ​គត់ និង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ក្នុង​ម៉ោង​ដំបូង​ក្រោយ​សម្រាល​មាន​ការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ចាប់​តាំងពី​ឆ្នាំ​ ២០០០ ដល់​ ២០១០​។

លោក សុខ ស៊ីទ្បូ បាន​ថ្លែង​ថា​៖ «​ទោះបី​ជា​បញ្ហា​ក្រិស​ក្រិន​របស់​កុមារ​ថយ​ចុះ​មក​នៅ​ត្រឹម ៣២% ក៏ដោយ ក៏​អត្រា​នេះ​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​។ អត្រា​ក្រិសក្រិន​ខ្ពស់​នេះ​គឺជា​ការគំរាមកំហែង​មួយ និង​រាំងស្ទះ​ដល់​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច មូលធន​មនុស្ស និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​ផង​ដែរ​»​។

លោក​បាន​បង្ហាញ​ថា​កង្វះ​អាហារូបត្ថម្ភ​បាន​ធ្វើឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការសិក្សា​របស់​កុមារ​ក៏​ដូចជា​ប្រសិទ្ធភាព​ការងារ​របស់​ពួកគេ​នៅពេល​ដែល​ពួកគេ​ធំ​ឡើង​នឹង​បង្ក​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

លោក សុខ ស៊ីទ្បូ បាន​លើកឡើង​ថា​ការដោះស្រាយ​បញ្ហា​ក្រិសក្រិន​មាន​សារៈសំខាន់​ណាស់ និង​ចាំបាច់​ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេច​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

លោកស្រី​ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា ជាការ​ពិត​ណាស់​អាហារូបត្ថម្ភ​គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​ព្រោះ​ថា​មាន​កុមារ​ ៣២ ​នាក់​ក្នុង​ចំណោម ១០០ ​នាក់​មាន​បញ្ហា​ក្រិសក្រិន​។

លោកស្រី​បន្ដ​ថា​៖ «​អត្រា​ក្រិស​ក្រិន​ខ្ពស់​នេះ​គឺជា​ការគំរាមកំហែង និង​រាំងស្ទះ​ដល់​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ធនធានមនុស្ស និង​ការរីកចម្រើន​នៃ​ប្រទេសជាតិ​ទាំង​មូល ដូចនេះ​ហើយ​ទើប​ក្រសួង​សុខាភិបាល​បាន​ខិតខំ​ និង​បំផុស​ឲ្យ​មាន​ការ​លើក​កម្ពស់​ការងារ​អាហារូបត្ថម្ភ​ក្រោម​កិច្ចសហការ​ពេញលេញ​ជាមួយ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហារូបត្ថម្ភ​នៅ​កម្ពុជា​»​។

លោកស្រី​ថ្លែង​ថា​ការ​បំផុស​ឲ្យ​មាន​ការ​យល់ដឹង​នៅ​តាម​សហគមន៍​បាន​ទូលំទូលាយ​លើ​វិស័យ​អាហារូបត្ថម្ភ​គឺជា​មូលដ្ឋានគ្រឹះ​ចម្បង​បំផុត ដើម្បី​ឱ្យ​ប្រជាជន​នៅ​សហគមន៍​យល់​ដឹង​ឈាន​ទៅ​រក​ការអនុវត្ត ការផ្លាស់ប្តូរ​ឥរិយាបថ អាហារូបត្ថម្ភ ឲ្យ​កាន់​តែ​ប្រសើរ​ទ្បើង​នៅ​ប្រទេស​កម្ពុជា​។

លោកស្រី សោភ័ណនារី ​ថា​៖ «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ទៅ​ដល់​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​សូមជួយ​គាំទ្រ និង​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​អាហារូបត្ថម្ភ​ឲ្យ​បាន​ផុសផុល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​»៕