
ការសាកល្បងបណ្ដាញអគ្គិសនីខ្នាតតូចនៅកំពង់ឆ្នាំងពីថ្ងៃ ២១ ធ្នូ។ រូប UNDP
កំពង់ឆ្នាំងៈ ក្រសួងរ៉ែ និងថាមពលសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំកម្ពុជា ក្រោមហិរញ្ញប្បទានពីប្រទេសស៊ុយអែត បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងប្រព័ន្ធអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យនៅភូមិចំនួន ៣ ក្នុងឃុំចំនួន ២ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីប្រើជាប្រយោជន៍ក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ការដាក់បណ្តាញអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យខ្នាតតូចនេះធ្វើឡើងក្នុងភូមិនៅលើកោះដាច់ស្រយាលមួយនៃខេត្តកំពង់ឆ្នាំងដែលបម្រើដល់ពលរដ្ឋចំនួន ១៤០ ខ្នងផ្ទះ។
លោក ហ្សូនា ថា៖ «សម្រាប់គម្រោងបណ្តាញថាមពលអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះមិនមែនជាគម្រោងថ្មីសម្រាប់កម្ពុជានោះទេ ប៉ុន្តែកន្លងមកតាមរយៈមូលនិធិជនបទដែលគ្រប់គ្រងដោយអាជ្ញាធរអគ្គិសនីកម្ពុជាក៏បានចែកចាយ និងលក់ទៅឱ្យពលរដ្ឋនៅតាមជនបទ ដែលរហូតមកទល់ពេលនេះមានលើសជាង ១០ ពាន់ខ្នងផ្ទះ»។
បើតាមលោក វិចទ័រ ហ្សូនា បើទោះបីគម្រោងនេះចំនួនតិចតួច (១៤០ ខ្នងផ្ទះ) ចំណាយថវិកាត្រឹម ៣ ទៅ ៤ ម៉ឺនដុល្លារក្ដី ប៉ុន្តែវាបានចូលរួមគាំទ្រយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអគ្គិសនីជនបទនៅកម្ពុជា។
លោក វិចទ័រ ហ្សូនា បានសម្តែងមោទនភាពចំពោះគម្រោងមួយនេះដែលអាចឱ្យក្មេងៗប្រើប្រាស់សម្រាប់អានសៀវភៅ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រក្នុងប្រទេស។
ជាមួយគ្នានេះ UNDP បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមរយៈគម្រោងនេះ ភូមិដាច់ស្រយាលដែលគ្មានអគ្គិសនីចំនួន ៣ នៅខេត្តកំពង់ឆ្នាំង ទទួលបានថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់ ប៉ុន្តែ UNDP មិនបានបញ្ជាក់ពីឈ្មោះភូមិទាំងនោះទេ។ តែ UNDP ថា៖ «ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យនឹងបន្តអនុវត្តនៅភូមិដាច់ស្រយាលដែលគ្មានអគ្គិសនីចំនួន ២៣៧ ទូទាំងប្រទេសកម្ពុជា»។
យ៉ាងណាក្ដីលោក កែ សុង មេភូមិស្ទឹងជ្រៅបានឱ្យដឹងថាភូមិដែលទទួលបាននោះមានភូមិស្ទឹងជ្រៅ និងភូមិព្រែកស្ពានស្ថិតក្នុងឃុំកំពង់ព្រះគគីរ និងភូមិតាដោក នៅក្នុងឃុំកំពង់លែង។ ចំពោះពលរដ្ឋក្នុងភូមិរបស់លោកបានពេញចិត្តចំពោះរដ្ឋាភិបាលក៏ដូចជា UNDP ដែលបានឱ្យពលរដ្ឋបានប្រើប្រាស់នូវគម្រោងបណ្ដាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ព្រោះកន្លងមកក្នុងភូមិនេះគ្មានអគ្គិសនីប្រើទេ។
លោកថា៖ «គេដាក់ឱ្យ ៧៧ ខ្នងផ្ទះរបស់ពលរដ្ឋនៅក្នុងភូមិខ្ញុំ។ ភ្លើងសូឡាហ្នឹងងាយស្រួលដល់ពលរដ្ឋក្នុងការប្រើប្រាស់ ហើយនៅមិនជាដាច់នោះទេដែលធ្វើឱ្យពលរដ្ឋទទួលបានផលប្រយោជន៍ច្រើន»។
តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបង្ហាញថា កម្ពុជាបានតបណ្តាញអគ្គិសនីជូនពលរដ្ឋបានជាង ៩៧ ភាគរយនៃភូមិទាំងអស់នៅទូទាំងប្រទេស។
ជាមួយនេះក្រសួងបានដាក់ផែនការថានឹងតឱ្យបាន ១០០ ភាគរយនៅត្រឹមឆ្នាំ ២០២១ ឬ ២០២២ ខាងមុខនេះ៕