
យុវសិស្សពេលចូលប្រឡងបាក់ឌុបនៅភ្នំពេញ ឆ្នាំមុន។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងកាលពីម្សិលមិញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះក្រសួងអប់រំនឹងបន្តពង្រឹងគុណភាពដដែល ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធស្របពេលដែលរដ្ឋមន្ត្រីក្រសួងនេះ បានរំឭកសិស្សនិងគ្រូឲ្យខិតខំរៀន និងបង្រៀនដើម្បីទទួលបានលទ្ធផលល្អ ខណៈការប្រឡងនឹងធ្វើនៅខែសីហា ខាងមុខនេះ។
លោក រស់ សុវាចា បានឱ្យដឹងថា ក្រសួងនឹងចេញប្រកាសព័ត៌មានអំពីស្ថិតិមណ្ឌលប្រឡងនៅក្រោយពេលចុះពិនិត្យមណ្ឌលប្រឡងតាមរាជធានីខេត្តរួចរាល់នៅចុងខែមិថុនានេះ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន បានអំពាវនាវឱ្យសិស្សខិតខំសិក្សា រីឯលោកគ្រូ-អ្នកគ្រូ ត្រូវខិតខំបង្រៀនដើម្បីឱ្យសិស្សត្រៀមលក្ខណៈបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែ សីហា ខាងមុខនេះ។
ការថ្លែងបែបនេះ នៅពេលលោករដ្ឋមន្ត្រីចូលរួមក្នុងកម្មវិធីប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាពនៃដំណើរការអគារធនធាននៅវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ។
លោក ហង់ ជួនណារ៉ុន បានថ្លែងថា៖ «ប្រឡងបាក់ឌុប នៅសល់តែ ២ ខែទៀតទេ។ សូមអំពាវនាវដល់សិស្សទាំងអស់ត្រូវខិតខំរៀនសូត្របន្ដទៀត។ជាពិសេសសូមឱ្យលោកគ្រូ-អ្នកគ្រូ ខិតខំប្រឹងប្រែងបង្រៀននិងសុំឱ្យមានការគាំទ្រដល់ការរៀននិងបង្រៀនបំប៉នបន្ថែម»។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីអប់រំក៏បានលើកទឹកចិត្ដគ្រូស្ម័គ្រចិត្ដផងដែរចំពោះការបង្រៀនរាល់ ថ្ងៃសៅរ៍-អាទិត្យ ដើម្បីបំប៉នបន្ថែមឱ្យសិស្សត្រៀមលក្ខណៈបានល្អសម្រាប់ប្រឡងបាក់ឌុប។
តាមរបាយការណ៍វឌ្ឍនភាពគិតត្រឹមដំណាច់ខែឧសភាឆ្នាំ ២០១៩ ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង នាថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នេះ បានបង្ហាញថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមាន ១១៩ ៤៤៩ នាក់ (កើនឡើង ៦ ០៨៤ នាក់ បើធៀបនឹងឆ្នាំ ២០១៨) មានសិស្សស្រី ៦១ ១២៤ នាក់ ក្នុងនោះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៤៥ ៤១៤ នាក់ ស្រី ២៥ ៥២៦ នាក់និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៧៤ ០៣៥ នាក់ ស្រីចំនួន ៣៥ ៥៣៨ នាក់។
របាយការណ៍ដដែលបញ្ជាក់ថាការប្រឡងឆ្នាំនេះមានសំណើមណ្ឌលប្រឡង ២០២ (កើន ៦ មណ្ឌលធៀបនឹងឆ្នាំ ២០១៨) ក្នុងនោះ នៅថ្នាក់វិទ្យាសាស្ដ្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គមមាន ១២៧ មណ្ឌល (កើនឡើង ៣០ មណ្ឌលធៀបនឹងឆ្នាំ ២០១៨)។ ចំណែកសំណើបន្ទប់ប្រឡងរួមមាន ៤ ៨១៨ (កើន ១៦៣ បន្ទប់ធៀបនឹងឆ្នាំ ២០១៨)។
ទោះយ៉ាងណា លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានថ្លែងថា តាមការសង្កេតជុំវិញការប្រឡងបាក់ឌុបរាល់ឆ្នាំឃើញថា ការខំប្រឹងប្រែងរបស់សិស្សគឺជាផ្នែកមួយ ប៉ុន្ដែបើមើលពីការប្រឡងវិញអាចមានការឆកល្វែងខ្លះនៅតាមសាលារៀនគោលដៅដោយសារការសិក្សារបស់សិស្សមិនសូវបានចប់សព្វគ្រប់។
លោកស្រីថា៖ «យើងឃើញមានការឆកល្វែងបន្តិចទៀតដែលយើងកំពុងឃ្លាំមើលរឿងនេះដោយយកចិត្ដទុកដាក់ពីបញ្ហាសិស្សនៅសាលាគោលដៅ។ ដោយសារតែសាលាគោលដៅគឺជាសាលាមួយដែលអត់ខ្វល់ពីបញ្ហាសិស្សរៀនចប់កម្មវិធីឬមិនចប់ទេឱ្យតែថាកំណែទម្រង់»។
លោកស្រី ឆាយ៉ាវី បានប្រាប់ថា លោកគ្រូ អ្នកគ្រូ នៅតាមសាលាគោលដៅហាក់អស់ទឹកចិត្ដក្នុងការបង្រៀន ដោយសារបាត់ផលប្រយោជន៍ រួមនឹងសិស្សមិនចង់សិក្សានៅសាលារៀនគោលដៅនេះផង។
លោកស្រីបញ្ជាក់ថា៖ «សាលាគោលដៅគឺជាសាលាដែលសិស្សានុសិស្សគាត់បង់លុយ ៥,០០០ រៀលក្នុង ១ ខែ។ កាលពីមុនសិស្សបង់ថវិកានេះដល់គ្រូបង្រៀនផ្ទាល់ដែលអាចជួយជីវភាព ប៉ុន្ដែឥឡូវត្រូវបង្វែរថវិកាទៅសហគមន៍របស់សាលាវិញ»។
បើតាមលោកស្រី ឆាយ៉ាវី គ្រូបង្រៀននៅតាមសាលារៀនគោលដៅទូទាំងប្រទេសកម្ពុជាប្រមាណ ១០០ សាលា បានបង្ហាញការមិនសប្បាយចិត្ដនិងអស់ទឹកចិត្ដក្នុងការបង្រៀន។
លោកស្រីបញ្ជាក់ថា៖ «យុទ្ធសាស្ដ្រ (សាលាគោលដៅ) នេះ ខ្ញុំបានសួរទៅអ្នកកាន់គម្រោង គេថាគេអត់ខ្វល់រឿងសិស្សរៀនចប់កម្មវិធីសិក្សាឬមិនចប់ទេ។ ណាមួយសាលាគោលដៅនេះបានដាក់បន្ទុកដល់គ្រូបង្រៀនកាន់តែច្រើនការងារកាន់តែច្រើន ប៉ុន្ដែប្រាក់ខែនៅដដែល»។
យ៉ាងណាក្ដី បញ្ហានេះ លោក សុវាចា បានបញ្ជាក់ថា៖ «ក្រសួងអប់រំបាននិងកំពុងបង្កើនគុណភាពរៀន និងបង្រៀនដោយពង្រឹងការគ្រប់គ្រង ការលើកកម្ពស់សមត្ថភាពនិងជីវភាពរបស់គណ:គ្រប់គ្រងសាលារៀន និងគ្រូបង្រៀននៅ គ្រប់កម្រិតថ្នាក់»៕