ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចផ្លាស់ប្ដូរមន្ត្រីនៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសម្រួលអចិន្រៃ្តយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមរយៈកិច្ចប្រជុំកាលពីថ្ងៃ ៣ កុម្ភៈ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្រោយពីក្រសួងរកឃើញមន្ត្រីខ្លះប្រព្រឹត្តភាពមិនប្រក្រតី។
លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកាលពីថ្ងៃអង្គារថា ការកែសម្រួលសមាសភាពមន្ត្រីនេះគឺយោងលើអនុក្រឹត្យលេខ ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់និងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់លើយានយន្តដឹកជញ្ជូនលើសទម្ងន់។
លោកបន្តថា សព្វថ្ងៃនេះមានស្ថានីយសរុបចំនួន ២៨ តែក្រសួងផ្លាស់ប្ដូរតែមន្ត្រីមួយចំនួនប៉ុណ្ណោះ។ រីឯមន្ត្រីមួយចំនួនទៀតនៅរក្សាមុខងារដដែល។
ក្រុមការងារជំនាញបានរកឃើញមានមន្ត្រីខ្លះអនុវត្តច្បាប់នៅមានភាពចន្លោះប្រហោងដែលត្រូវតែកែសម្រួលដើម្បីឲ្យការអនុវត្តការងារមានការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងការដឹកលើសទម្ងន់ លើសល្បឿនកំណត់ ដើម្បីចូលរួមរក្សាគុណភាពផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គ្រប់រូបភាព។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនអាចប្រាប់ពីទីតាំងស្ថានីយជញ្ជីងជាក់លាក់ និងចំនួនមន្ត្រីដែលត្រូវផ្លាស់ប្ដូរទេ ខ្ញុំសុំលាក់សិន។ ការកែសម្រួលនេះដូចយើងដឹងហើយថា មានបញ្ហាមួយចំនួនគឺមានមន្ត្រីមួយចំនួនទៅបម្រើការងារផ្សេងធ្វើឲ្យកន្លែងមានការចន្លោះប្រហោង ហើយខ្លះទៀតយើងឃើញថា អនុវត្តការងារនៅតាមស្ថានីយនីមួយៗហ្នឹង មានព័ត៌មានជាច្រើនដែលពលរដ្ឋផ្ដល់មកថា មានភាពមិនប្រក្រតី»។
លោកបន្ថែមថា មន្ត្រីដែលរកឃើញថា បំពេញការងារមិនល្អគឺត្រូវឲ្យគាត់វិលទៅអង្គភាពដើមវិញ និងមួយចំនួនទៀតត្រូវបានបង្វិលពីស្ថានីយមួយទៅស្ថានីយមួយផ្សេងទៀត។ រីឯមន្ត្រីដែលបំពេញការងារល្អ ត្រូវបានរក្សាការងារ និងមុខតំណែងដដែល។
លោក គង់ វិមាន បន្តថា ការផ្លាស់ប្ដូរនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងគោរពតាមវិជ្ជាជីវៈជាមន្ត្រី ក៏ដូចជាបំពេញការងារដោយយកចិត្តទុកដាក់។ ប្រសិននៅមានភាពមិនប្រក្រតីណាមួយទៀត គឺគណៈកម្មាធិការនឹងកែសម្រួលបន្ថែមទៀតតាមច្បាប់ដែលមានចែងជាធរមាន។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានថ្លែងថា នៅខេត្តកណ្ដាលមានស្ថានីយជញ្ជីងថ្លឹងរថយន្ដចំនួន ៤ ទីតាំងរួមមាន ទី១- នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ទី២- នៅផ្លូវជាតិលេខ ២ ទី៣- នៅផ្លូវជាតិលេខ ៣ និងទី៤- នៅតាមបណ្ដោយផ្លូវជាតិលេខ ២១។ ស្ថានីយទាំងនេះមានមន្ត្រីកំពុងបម្រើការងារចំនួន ១២ នាក់ តែត្រូវបានផ្លាស់ប្ដូរកន្លែងការងារទាំងអស់ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
លោកបញ្ជាក់ថា៖ «នៅខេត្តកណ្ដាលយើងនេះគឺត្រូវបានផ្លាស់ប្ដូរមន្ត្រីទាំងអស់ដើម្បីផ្លាស់ប្ដូរកន្លែងធ្វើការគ្នា ហើយមន្ត្រីយើងត្រូវតែដកស្រង់បទពិសោធពីកន្លែងថ្មីមកអនុវត្តការងារប្រចាំថ្ងៃ ហើយប្រឹងប្រែងបំពេញការងារដែលជាភារកិច្ចរបស់ខ្លួនតាមការណែនាំពីថ្នាក់លើ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានថ្លែងថា ការកែសម្រួលសមាសភាពនេះវាមិនមែនជារឿងថ្មីទេ ព្រោះកន្លងមកក៏ធ្លាប់មានការផ្លាស់ប្ដូរមន្ត្រីបែបនេះដែរ ប៉ុន្ដែស្ថានភាពអនុវត្តការងារជាក់ស្ដែងដូចជាមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
លោកបញ្ជាក់ថា៖ «យើងត្រូវពិនិត្យមើលទៅលើឥទ្ធិពល ឬអំណាចរបស់អ្នកដឹកជញ្ជូនដែលតែងតែគេចវេះពីជញ្ជីងនេះថា តើពួកគាត់គេចដោយរបៀបណា? គេចដោយមានការឃុបឃិតគ្នាជាមួយមន្ត្រីគ្រប់គ្រងជញ្ជីង ឬអ្នកមានអំណាចជួយអន្តរាគមន៍។ ខ្ញុំគិតថា សមាសភាពគណៈកម្មាធិការនេះគួរមានមន្ត្រីចម្រុះពីកម្លាំងប្រដាប់អាវុធចូលរួមប្រចាំការ ព្រោះករណីខ្លះក្រុមដែលរត់គេចពីជញ្ជីងនេះជាក្រុមដែលមានឥទ្ធិពល»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៣ ខែកុម្ភៈ ថា មន្ត្រីគួរបង្កើតកម្មវិធីរាយការណ៍យានយន្តដឹកលើសទម្ងន់ និងពីគ្រោះថ្នាក់ចរាចរណ៍តាមរយៈទូរស័ព្ទដៃដូចកម្មវិធីថែទាំផ្លូវ Road Care Mobile Appដែរ ដើម្បីទទួលរបាយការណ៍បានលឿន និងបង្កើនប្រសិទ្ធភាពការងារ៕